FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តចំពោះនគរូបនីយកម្ម ដែលធន់នឹងការប្រែប្រួលអាកាសធាតុ នៅក្នុងសន្និសីទលើកទី៥ នៃ NAM-PN អំឡុងមហាសន្និបាតលើកទី១៥២ នៃ IPU នៅទីក្រុងអ៊ីស្តង់ប៊ុល

17-04-2026 16:16

(តួគីយេ)៖ នៅក្នុងសន្និសីទលើកទី៥ នៃបណ្តាញសភាចលនាមិនចូលបក្សសម្ព័ន្ធ (NAM PN), គណៈប្រតិភូសភានៃកម្ពុជា ដឹកនាំដោយលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងការពិភាក្សាទូទៅនៃមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU) ដោយបានគូសបញ្ជាក់ពី តួនាទីដ៏សំខាន់របស់សភា ក្នុងការជំរុញនគរូបនីយកម្មដែលធន់នឹងបម្រែបម្រួលអាកាសធាតុ នៅទូទាំងចលនាមិនចូលបក្សសម្ព័ន្ធ (NAM)។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ប្រតិភូជាង១៣០ រូប អញ្ជើញមកពីជិត ៥០ ប្រទេស និងអង្គការ។

ក្រោមមូលបទ «តួនាទីរបស់សភា ក្នុងការធានានគរូបនីយកម្មដែលធន់នឹងបម្រែបម្រួលអាកាសធាតុនៅក្នុងតំបន់ NAM» លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានលើកឡើងថា នគរូបនីយកម្មយ៉ាងឆាប់រហ័ស ទោះបីជាជំរុញកំណើនសេដ្ឋកិច្ច និងនវានុវត្តន៍ក៏ដោយ ក៏កំពុងបង្កឱ្យមានបញ្ហាប្រឈមបន្ទាន់ពាក់ព័ន្ធ នឹងការខូចខាតបរិស្ថាន ភាពងាយរងគ្រោះនៃការប្រែប្រួលអាកាសធាតុ និងសម្ពាធកាន់តែខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ និងធនធានធម្មជាតិ។ លោកបានសង្កត់ធ្ងន់ថា សភាត្រូវតែដើរតួនាទីស្នូល ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ តាមរយៈមុខងារសំខាន់បី គឺការពង្រឹងក្របខ័ណ្ឌនីតិប្បញ្ញត្តិ សម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ការធានាការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពលើគោលនយោបាយរបស់រដ្ឋាភិបាល និងការពង្រឹងការទូតសភា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។

កម្ពុជា បានបញ្ជាក់សារជាថ្មីថា ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព និងការការពារបរិស្ថាន នៅតែស្ថិតនៅជាអាទិភាពខ្ពស់ក្នុងរបៀបវារៈជាតិរបស់ខ្លួន។ លោកប្រធានគណៈប្រតិភូកម្ពុជាបានលើកបង្ហាញអំពីការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានលើបរិស្ថានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលជំរុញកំណើនស្អាត បៃតង និងប្រកបដោយចីរភាព តាមរយៈការគ្រប់គ្រងធនធានដោយការទទួលខុសត្រូវ និងការថែរក្សាបរិស្ថាន។ សភាត្រូវដឹកនាំដោយចក្ខុវិស័យ នីតិកម្មដោយការទទួលខុសត្រូវ និងធានាគណនេយ្យភាព ដើម្បីការពារការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។

លោកក៏បានសង្កត់ធ្ងន់បន្ថែមថា លក្ខណៈឆ្លងដែននៃបញ្ហាប្រឈមអាកាសធាតុ ទាមទារឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការ កាន់តែខ្លាំង ក្នុងចំណោមរដ្ឋសមាជិក NAM ព្រមទាំងបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះពហុភាគីនិយម និងការធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។

ជាលទ្ធផល សន្និសីទលើកទី៥ នៃបណ្តាញសភាចលនាមិនចូលបក្សសម្ព័ន្ធ (NAM PN) បានសម្រេចបង្កើតទីស្នាក់ការកណ្តាលរបស់ខ្លួន នៅទីក្រុងបាគូ (Baku) ផ្តល់ឋានៈជាអ្នកសង្កេតការណ៍ដល់សភាអារ៉ាប់ និងបានអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងអ៊ីស្តង់ប៊ុល។ ជាមួយនឹងធាតុចូលរបស់កម្ពុជា សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ជាថ្មីនូវគោលការណ៍គ្រឹះនៃអធិបតេយ្យភាព និងបូរណភាពទឹកដី របស់ចលនាមិនចូលបក្សសម្ព័ន្ធ (NAM) ខណៈពេលដែលកំពុងងាកទៅរកអាទិភាពយុទ្ធសាស្ត្រទំនើប។ សេចក្តីថ្លែងការណ៍នេះ បានកំណត់ឱ្យមានការផ្លាស់ប្តូរផ្នែកនីតិកម្មឆ្ពោះទៅរកការអភិវឌ្ឍទីក្រុងដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដោយតម្រូវឱ្យសមាជិកសភាប្តេជ្ញាធានានូវថវិកាជាតិសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងសេវាសាធារណៈចាំបាច់នានា។ អ្វីដែលសំខាន់បំផុតនោះគឺ សេចក្ដីប្រកាសបានការពារយុត្តិធម៌ អាកាសធាតុសម្រាប់តំបន់ភាគខាងត្បូងនៃពិភពលោក ដោយទាមទារឱ្យមានការផ្ទេរបច្ចេកវិទ្យាប្រកបដោយសមធម៌ និងហិរញ្ញប្បទានដែលអាចព្យាករណ៍បាន ដើម្បីកាត់បន្ថយវិសមភាពបរិស្ថាន៕