ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អះអាងថា សមត្ថកិច្ចជំនាញកំណត់អត្តសញ្ញាណក្រុមវាយបំផ្លាញ និងគប់រថយន្ដអ្នកដទៃ នៅតំបន់វត្តភ្នំបានអស់ហើយ នឹងអនុវត្តច្បាប់ដោយគ្មានលើកលែង
17-04-2026 16:05
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ បានអះអាងថា សមត្ថកិច្ចជំនាញកំណត់អត្តសញ្ញាណក្រុមវាយបំផ្លាញ់ និងគប់រថយន្ដអ្នកដទៃនៅតំបន់វត្តភ្នំបានអស់ហើយ នឹងអនុវត្តតាមផ្លូវច្បាប់ដោយគ្មានការលើកលែង។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ទៀតថា សាមីខ្លួនបុគ្គលម្នាក់ៗ ត្រូវចូលខ្លួនមកដោះស្រាយ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ខណៈអាណាព្យាបាល បើដឹងថាកូន ក្មួយខ្លូនពាក់ព័ន្ធ ត្រូវបញ្ចូនមកសារភាពជាបន្ទាន់។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់បែបនេះថា «ចំពោះបាតុភាពព្រលប់ថ្ងៃទី១៦ ០៤ ២៦ ក្រុមក្មេងៗ បានគប់ និងវាយបំផ្លាញរថយន្តនោះ សូមចូលខ្លួនដោះស្រាយនៅអធិការដ្ឋានខណ្ឌដូនពេញ ឲ្យទាន់ពេលវេលា (តែបើជំនាញតាមចាប់ខ្លួន គឺអនុវត្តនីតិវិធីច្បាប់អត់លើកលែងទេព្រោះមុខសញ្ញាខាងជំនាញក្ដាប់បានហើយ)។ ខ្ញុំអត់ដែលនិយាយលេងទេ សូមអាណាព្យាបាល បើដឹងថា កូនក្មួយខ្លួនពាក់ព័ន្ធបញ្ជូនមកសារភាពបន្ទាន់»។
នៅរសៀលថ្ងៃទី១៧ ខែមេសានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅទីបញ្ជាការស្រាលវត្តភ្នំ ក៏បានដឹកនាំប្រជុំ ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពបន្ថែម ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។
ចំពោះហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត១គ្រឿងម៉ាកអាវតា០៧ស៊េរីឆ្នាំ២០២៥ពណ៌ខ្មៅ ជាមួយនឹងម៉ូតូ១គ្រឿង
ក្រោយកើតហេតុការណ៍សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នាំយករថយន្ត និងអ្នកបើករថយន្តមកកាន់មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីសួរនាំ។
អ្នកបើករថយន្តបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានធ្វើដំណើរលើផ្លូវ៩០កែងនិងផ្លូវស៊ីសុវត្ថិ ហើយបត់ចូលផ្លូវ៩០ ក្នុងទិសដៅពីកើតទៅលិច ហើយក៏ស្ទះចរាចរណ៍ ខណៈនោះក៏មានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥បានបើកប៉ះរថយន្តខ្លួន ពីក្រោយ ហើយគាត់ក៏ចុះទៅមើលរថយន្ត ដើម្បីសួរនាំប៉ុន្តែពេលនោះម្ចាស់ម៉ូតូមិនឆ្លើយតបជាមួយម្ចាស់រថយន្តនោះទេ។
ពេលនោះអ្នកបើករថយន្តខឹងក៏រុញម៉ូតូផ្តួល បន្ទាប់មកក៏ឡើងរថយន្តបើកចេញ ភ្លាមនោះម្ចាស់ម៉ូតូក៏ស្រែករត់ដេញតាមពីក្រោយ ភ្លាមនោះផងដែរ ប្រជាពលរដ្ឋមានការយល់ច្រឡំស្មានថា រថយន្តបុកម៉ូតូ ហើយបើករត់ក៏នាំគ្នាដេញតាម និងយកដុំថ្មគប់រថយន្តបង្កឲ្យខូចខាតផ្នែកខាងមុខនិងក្រោយ។
ដោយឡែកសមត្ថកិច្ច ទទួលបានព័ត៌មានក៏ចុះអន្តរាគមន៍ ក៏នាំយករថយន្តនិងអ្នកបើកបរ យកមកកន្លែងសមត្ថកិច្ច បញ្ចៀសកុំឲ្យកើតមានអំពើហិង្សាកើតឡើង។ ចំពោះមុខករណីនេះ សមត្ថកិច្ចបាននឹងកំពុងបន្តស្រាវជ្រាវស្វែងរកភាគីម្ខាងទៀតដើម្បីសាកសួរ៕






























