មន្ត្រីនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា លើកឡើងពីមធ្យោបាយចំនួន៣ ដែលជនល្មើសតែងប្រើប្រាស់ ដើម្បីបោកបញ្ឆោត និងប្រាប់ពីវិធីការពារខ្លួន (Video inside)
17-04-2026 16:03
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ហេង សំណាង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងអំពីមធ្យោបាយចំនួន៣ ដែលជនល្មើសតែងតែប្រើប្រាស់ ដើម្បីបោកបញ្ឆោត និងប្រាប់អំពីពីវិធីការពារខ្លួន។
លើកឡើងក្នុងវេទិកា៖ សន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម ដែលរៀបចំដោយក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ទោ ហេង សំណាង បានបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺមានច្រើនប្រភេទ ក្រោមរូបភាពផ្សេងៗគ្នា ប៉ុន្ដែអ្វីដែលជាការកត់សម្គាល់ នាពេលបច្ចុប្បន្ន ដែលឧស្សាហ៍កើតឡើង និងប្រជាពលរដ្ឋឧស្សាហ៍រងគ្រោះ មានចំនួន៣ធំៗ។
បើតាមឧត្តមសេនីយ៍ទោ ហេង សំណាង, មធ្យោបាយចំនួន៣ ដែលជនល្មើសតែងប្រើប្រាស់ ដើម្បីបោកបញ្ឆោត រួមមាន ទី១៖ ការទិញទំនិញតាមអនឡាញ, ទី២៖ ការឆបោកក្រោមរូបភាព បោកប្រាស់មនោសញ្ចេតនា (ស្នេហា) តាមអនឡាញ, និងទី៣៖ ការអូសទាញជនរងគ្រោះ ឲ្យធ្វើការដាក់ប្រាក់វិនិយោគតាមអនឡាញ។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ ហេង សំណាង ក៏បានប្រាប់ពីវិធីការពារខ្លួន កុំឲ្យចាញ់បោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវរក្សាលេខសម្ងាត់ ធនាគាររបស់ខ្លួន ហើយកុំឲ្យអ្នកណាផ្សេង ក្រៅពីខ្លួនយើងផ្ទាល់ដឹង និងប្រើប្រាស់។
ឧត្តមសេនីយ៍ទោ ហេង សំណាង បានបន្ថែមទៀតថា រាល់គណនីតាមបណ្ដាញសង្គម ត្រូវដំឡើងសោសុវត្ថិភាព ២តង់ (two factor verification) និងត្រូវប្រុងប្រយ័ត្នលើដំណរភ្ជាប់ (LINK) ជៀសវាងការឆបោកពីជនខិលខូច ជាពិសេសកុំទុកចិត្ដ លើការទំនាក់ទំនងតាមអនឡាញ ទាំងមិនបានដែលជួបគ្នាសូម្បីម្ដង៕
