ថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មី! អភិបាលស្រុកតាំងគោក ដឹកនាំប្រជាពលរដ្ឋរៀបចំពិធីស្រង់ព្រះ ដើម្បីទទួលយកពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី
17-04-2026 15:00
(ភ្នំពេញ)៖ ថ្ងៃទី៣ ជាថ្ងៃវារៈឡើងស័ក្ដ និងជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានដឹកនាំលោកតា លោកយាយ និងប្រជាពលរដ្ឋនៅក្នុងស្រុក រៀបចំពិធីស្រង់ព្រះ នៅវត្តសសីរ ស្ថិតនៅភូមិឬស្សីល៍ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីលាងជម្រះនូវបាបកម្មទាំងឡាយនៅឆ្នាំចាស់ និងទទួលយកមកវិញនូវពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី ជាពិសេសការសុំសេចក្តីសុខ សេចក្តីចម្រើន ត្រជាក់ត្រជំនៅក្នុងក្រុមគ្រួសារ។
ប្រភពព័ត៌មានពី Fresh AI បានបញ្ជាក់ឱ្យដឹងថា ពិធីស្រង់ព្រះគឺជាពិធីបុណ្យប្រពៃណីខ្មែរដែលប្រារព្ធឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដើម្បីរំលឹកគុណព្រះសម្មាសម្ពុទ្ធ សុំសិរីសួស្តី និងបង្ហាញកតញ្ញូធម៌ចំពោះអ្នកមានគុណ ដូចជា មាតាបិតា ជីដូនជីតា ជាដើម។ ពិធីនេះធ្វើឡើងនៅថ្ងៃទីបីនៃបុណ្យចូលឆ្នាំ ឬថ្ងៃឡើងស័ក ដោយមានការស្រោចទឹកប្រោះព្រំដល់ព្រះពុទ្ធរូប និងអ្នកមានគុណ ដើម្បីលាងជម្រះបាបកម្ម និងទទួលពរជ័យសិរីមង្គលក្នុងឆ្នាំថ្មី។ ពិធីស្រង់ព្រះមិនត្រឹមតែជាការលាងសម្អាតព្រះពុទ្ធបដិមាប៉ុណ្ណោះទេ តែជាការសម្តែងការដឹងគុណចំពោះព្រះរស់ដែលជាអ្នកមានគុណផងដែរ។
ពិធីស្រង់ព្រះ ត្រូវបានចាត់ទុកជាពិធីដ៏សប្បាយរីករាយមួយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដោយសារតែមនុស្សម្នា បានជួបជុំគ្នាស្រង់ព្រះនៅឯទីវត្តអារាម ឬស្រង់ព្រះរស់ ដែលជាអ្នកមានគុណ ចាស់ព្រឹទ្ធាចារ្យ នៅតាមគេហដ្ឋាន ឬនៅក្នុងភូមិជាដើម។ ពិធីស្រង់ព្រះនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅណាស់ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣នៃពីធីបុណ្យចូលឆ្នាំ ដើម្បីបង្ហាញពីភាពត្រជាក់ត្រជុំ និងសេចក្តីសុខចម្រើនក្នុងក្រុមគ្រួសារ និងសម្តែងការដឹងគុណ ការតបស្នងសងគុណចំពោះអ្នកមានគុណ ដោយលាងជម្រះនូវបាបកម្មទាំងឡាយដែលបានប្រព្រឹត្តិកាលពីឆ្នាំចាស់ ហើយទទួលយកមកវិញនៅពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី។
សូមបញ្ជាក់ដែរថា បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានបញ្ជាក់ឱ្យដឹងថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តកំពង់ធំបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋដែលធ្វើដំណើរទៅលេងកម្សាន្តមានចំនួនសរុបជាង ៥០ម៉ឺននាក់ ដែលចំនួនភ្ញៀវទេសចរបានកើនឡើងយ៉ាងច្រើនបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ដែលបង្ហាញពីសក្ដានុពលវិស័យទេសចរណ៍ និងការរៀបចំយ៉ាងល្អរបស់អាជ្ញាធរខេត្តកំពង់ធំផងដែរ៕

























