នគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនស្ត្រីជនជាតិវៀតណាម៤នាក់ ដែលធ្វើសកម្មភាពលួចទូរស័ព្ទដៃ ក្នុងកម្មវិធីនគរសង្ក្រាន្ត
17-04-2026 14:54
(ភ្នំពេញ)៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមន បានឃាត់ខ្លួនស្ត្រីជនជាតិវៀតណាម ចំនួន ៤ នាក់ ពាក់ព័ន្ធនឹងបទល្មើសអំពើលួច (លួចទូរស័ព្ទដៃ) នៅក្នុងកម្មវិធីនគរសង្ក្រាន្ត ផ្លូវលេខ ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៦។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ CHU THI CHIEN ភេទស្រី អាយុ ៦៩ ឆ្នាំ ជនជាតិវៀតណាម, ទី២ ឈ្មោះ NGUYEN THI HOA ភេទស្រី អាយុ ៥៩ ឆ្នាំ ជនជាតិវៀតណាម, ទី៣ ឈ្មោះ TRAN THI THAO ភេទស្រី អាយុ ៥៣ ឆ្នាំ ជនជាតិវៀតណាម និងទី៤ ឈ្មោះ KIM THI LIEU ភេទស្រី អាយុ ៦០ ឆ្នាំ ជនជាតិវៀតណាម។
វត្ថុតាងដែលចាប់យករួមមាន កាបូបស្ពាយពីក្រោយ ចំនួន ១ ពណ៌ខ្មៅ, ទូរស័ព្ទដៃចម្រុះម៉ាក ចំនួន ១៧ គ្រឿង និងក្រដាសអាលុយមីញ៉ូម មួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងតាមនីតិវិធីច្បាប់។

