FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បើកការដ្ឋានសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់ស្វាយ

17-04-2026 14:36

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានអញ្ជើញក្នុងពិធីក្រុងពាលីបុកគ្រឹះ កសាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ ស្ថិតក្នុងភូមិព្រៃព្រាល «ខ» ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។ ក្នុងនោះក៏មានការចូលពីលោក ទិត សុធា លោកស្រី យស ថានារី លោកស្រី លំ គន្ធារី លោក ហេង សុផល លោក អ៊ុត វណ្ណរ៉ា និងលោក លោកស្រី ជាសមាជិកគណបក្សស្រុកឃុំជាច្រើនរូបផងដែរ។

លោកស្រីបានបញ្ជាក់ថា ក្នុងថ្ងៃនេះគឺជាថ្ងៃដ៏ល្អមួយដែល ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានស្រុក មានកិត្តិយស និងសេចក្តីអរក្រៃលែងចំពោះសមិទ្ធផល កំពុងតែចាប់ផ្ដើមកសាងនេះ ព្រោះជាផ្នែកមួយដែលមានសារៈសំខាន់បំផុត សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋាន សម្រាប់សមាជិក សមាជិកាគណបក្សទាំងអស់ប្រើប្រាស់ នៅក្នុងមូលដ្ឋានផងដែរ។ លោកស្រីបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលមានរចនាសម្ព័ន្ធរឹងមាំ ចាប់ពីថ្នាក់កណ្តាល រហូតដល់ថ្នាក់ខេត្ត ឃុំ សង្កាត់ ភូមិ ហើយមានវ័យចំណាស់ជាងគេ មានបទពិសោធន៍គ្រប់គ្រាន់ និងមានស្នាដៃធំៗ ជាច្រើនជូនប្រជាជន និងប្រទេសជាតិបានកសាង និងកំពុងបន្តកសាងជាបន្តបន្ទាប់។

លោកស្រីបានថ្លែងអំណរគុណដល់លោក លោកស្រីជាប្រធាន អនុប្រធានចុះមូលដ្ឋានស្រុក ក្រុមការងារចុះជួយឃុំ គណៈកម្មាធិការគណបក្សឃុំ និងសប្បុរសជន ដែលបានខិតខំសាមគ្គីគ្នា ក្នុងការកសាងអគារស្នាក់ការគណបក្សថ្មី ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួន ក្នុងការបំពេញការងារជូនគណបក្ស ជាពិសេសបានកសាងអគារថ្មីរបស់ស្នាក់ការគណបក្សនេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើការងាររបស់មន្ត្រីគណបក្ស។

លោកស្រីបញ្ជាក់ថា ជារឿងដ៏ត្រឹមត្រូវបំផុតដែលសមាជិក សមាជិកា បានចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ ព្រោះថាមិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ ពោលគឺពួកគេធ្វើនយោបាយដើម្បីផលប្រយោជន៍បរទេសតែប៉ុណ្ណោះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែនៅរួមសុខរួមទុក្ខជាមួយសមាជិកគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនពួកគេជានិច្ច។

លោកស្រី ឃួន ឃុនឌី បានសំណូមពរដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវយកចិត្តដាក់ខ្ពស់ និងបម្រើដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះ។

សូមជម្រាបថា ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកមានបណ្ដោយ៣២ម៉ែត្រ និងទទឹង១៥.៣ម៉ែត្រ ចាប់ផ្ដើមអនុវត្តសាងសង់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦៕