អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយរបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុកថ្មពួក
17-04-2026 14:32
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកងកម្លាំងជួយរុះរើ និងរៀបចំជួសជុសផ្ទះ ព្រមទាំងនាំយកអំណោយស័ង្កសី ជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន៩ភូមិ នៅក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប្រមាណជាង៤០០ខ្នងផ្ទះ កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានចូលរួមសោកស្ដាយចំពោះឧបទ្ទវហេតុគ្រោះធម្មជាតិ ដែលបណ្ដាលឲ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរងគ្រោះ។ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ក្នុងករណីមានមេឃរកកល់ចង់ភ្លៀង មានផ្គរ រន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវទៅរកកន្លែងមានសុវត្ថិភាពដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុណាមួយ។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានបញ្ជាក់ថា យោងតាមរបាយការណ៍បឋម កាលពីវេលាម៉ោង១៧៖៣០នាទីល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានករណីខ្យល់កន្ត្រាក់ បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ក្នុងឃុំគោករមៀត សរុបចំនួន៩ភូមិ ១៖ភូមិគោកព្រេច ចំនួន១៧៣ខ្នង, ២៖ភូមិតាឡី ចំនួន៧២ខ្នង, ៣៖ភូមិស្ពាន ចំនួន៤៤ខ្នង, ៤៖ភូមិគោករមៀត ចំនួន១១២ខ្នង, ៥៖ភូមិសិរីការ ចំនួន១៥ខ្នង, ៦៖ភូមិប្រាំមីនា ចំនួន៥ខ្នង, ៧៖ភូមិថ្មី ចំនួន៣ខ្នង, ៨៖ភូមិស្ដៅ ចំនួន១៣ខ្នង និងភូមិវល្លិ៍ប្រេង ចំនួន៤ខ្នង សរុបទាំង៩ភូមិ ចំនួន៤៤១ខ្នងផ្ទះ៕






