FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តកំពង់ឆ្នាំង ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ បានបញ្ចប់ប្រកបដោយភាពសុខសាន្ត និងដក់ជាប់នូវអនុស្សាវរីយ៍ក្នុងក្រអៅបេះដូងរបស់ពលរដ្ឋ

17-04-2026 14:21

(កំពង់ឆ្នាំង)៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ នៅខេត្តកំពង់ឆ្នាំង ត្រូវបានបញ្ចប់ប្រកបដោយភាពសុខសាន្ត និងបានដក់ជាប់នូវអនុស្សាវរីយ៍ ភាពសប្បាយរីករាយក្នុងក្រអៅបេះដូងប្រជាពលរដ្ឋ និងស្រទាប់យុវជនគ្រប់រូប ដែលម្នាក់ៗ ហាក់មិនចង់ឲ្យពិធីបុណ្យចូលឆ្នាំថ្មី រសាត់ពីបេះដូង និងកែវភ្នែករបស់ពួកគាត់នោះឡើយ។

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃកន្លងទៅនេះដែរ នៅខេត្តកំពង់ឆ្នាំង ក្រោមការរៀបចំពីរដ្ឋបាលខេត្ត ដែលមានលោក ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្ត បានណែនាំឲ្យមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់មូលដ្ឋានធ្វើយ៉ាងណាត្រូវរៀបចំតុបតែងឲ្យបានល្អ ដោយត្រូវរំលេចទៅដោយផ្កាភ្ញីបំពាក់អំពូលភ្លើងចម្រុះពណ៌នៅតាមដើម ឈើពណ៌បៃតងខ្ចី ដែលមានម្លប់ត្រឈឹងត្រឈី ដើម្បីបង្កើតជាសោភ័ណភាពឲ្យមានភាពស្រស់ត្រកាលគួរជាទីមនោរម្យ នៅតាមបណ្ដាទីកម្សាន្ដនានា ដែលធ្វើឲ្យភ្ញៀវជាតិ និងភ្ញៀវបរទេសជក់ចិត្តដិតអារម្មណ៍ចង់មកលេងកម្សាន្ត និងចងចាំមិនអាចបំភ្លេចបានទឹកដីនៃខេត្តរបស់យើង។

បន្ថែមពីលើនេះទៀត ក៏មានការកោតសរសើរពីភ្ញៀវជាតិ និងភ្ញៀវបរទេស ចំពោះការចូលរួមដឹកនាំលេងកម្សាន្ដ និងភាពរួសរាយរាក់ទាក់របស់ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំតាមបណ្ដាលមូលដ្ឋាននានាក្នុងខេត្ត ដែលបានដឹកនាំប្រជាពលរដ្ឋ និងស្រទាប់យុវជនឲ្យងាកមកលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរយើង ជំនួសនៅការលេងទឹក នៅគ្រប់ទីកន្លែង និងនៅតាមបណ្ដាសហគមន៍កម្សាន្ដនានា រយៈពេល៣ថ្ងៃនេះ ប្រកបដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយយ៉ាងក្រៃលែង។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃកន្លងទៅនេះ ខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវជាតិ និងភ្ញៀវបរទេសដែលមកលេងកម្សាន្ដ ក្នុងនោះភ្ញៀវជាតិ មានចំនួន៥៩០,៧៨៦នាក់ និងភ្ញៀវបរទេសចំនួន៨៦៧នាក់។

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃនេះផងដែរ បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក លី ណា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ពាក់ព័ន្ធនឹងសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងខេត្តកំពង់ឆ្នាំង គឺពុំកើតមាននោះឡើយ បើប្រៀបធៀបទៅនឹងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ គឺស្មើគ្នា។ លោកបានបញ្ជាក់ទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ធំដុំ គឺពុំកើតមាននោះទេ តែកើតមានខ្លះដូចជាជិះដួលដោយខ្លួនឯង តែករណីតិចតួច និងបើកបរប៉ះពារសត្វពាហនៈបន្តិចបន្តួចជាករណី ដែលមិនធ្ងន់ធ្ងរនោះឡើយ។

លោកឧត្តមសេនីយ៍ត្រី ជុន ថារិទ្ធ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអះអាថថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃកន្លងទៅនេះ ខេត្តកំពង់ឆ្នាំង ផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ ពុំមានហេតុការណ៍អ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ គឺកម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងប្រជាការពារតាមបណ្ដាមូលដ្ឋាន បានខិតខំថែរក្សាការពារ សន្តិសុខ សណ្ដាប់ធ្នាប់ទាំងយប់ទាំងថ្ងៃ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋលេងកម្សាន្ត រយៈពេល៣ថ្ងៃប្រកប ដោយសុខសុវត្ថិភាព និងគ្មានក្តីបារម្ភនៅគ្រប់មូលដ្ឋានផងដែរ៕