FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ឃួន ឃុនឌី ជំរុញក្រុមការងារចុះមូលដ្ឋាន បន្តខិតខំបម្រើប្រជាពលរដ្ឋ និងពង្រឹងឯកភាពផ្ទៃក្នុង ឲ្យកាន់តែរឹងមាំ

17-04-2026 14:10

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានណែនាំដល់ក្រុមការងារគ្រប់ជាន់ថ្នាក់ ត្រូវបន្តចុះមូលដ្ឋាន ដើម្បីជួយដល់ប្រជាពលរដ្ឋ និងសមាជិកបក្សដែលជួបទុក្ខលំបាក ដើម្បីអាចបានដឹងអំពីសុខទុក្ខបងប្អូន និងថែរក្សាចំណងសាមគ្គីភាពរឹងមាំជាមហាគ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា។

លោកស្រី ឃួន ឃុនឌី លើកឡើងបែបនេះ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំប្រចាំខែគណបក្សស្រុក នៅទីស្នាក់ការគណបក្សកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកស្រីបានថ្លែងអំណរគុណ ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានដែលបានខិតខំ ប្រឹងប្រែងយ៉ាងសកម្ម ដើម្បីធ្វើឲ្យមានការរីកចម្រើន និងផ្តល់ភាពជឿជាក់ដល់សមាជិក សមាជិកាមូលដ្ឋាន ពិសេសផ្តល់ការធានាការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសុខសន្តិភាព ព្រមទាំងបានធានានូវសាមគ្គីភាពផ្ទៃក្នុងបានល្អ ដោយអនុវត្តតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

លោកស្រីបានបន្តទៀតថា ក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកជួបប្រទះនូវភាពមិនច្បាស់លាស់ ពិសេសការឡើងថ្លៃប្រេងឥន្ធនៈបានបង្កឲ្យមានផលប៉ះពាល់ដល់ប្រទេសនានាលើសកលលោក ក្នុងនោះប្រទេសកម្ពុជា ក៏បានទទួលរងនូវឥទ្ធិពលនេះដែរ តែរាជរដ្ឋាភិបាលបានខិតខំដោះស្រាយបញ្ហានេះដោយភាពច្បាស់លាស់ដើម្បីធានាឱ្យបានលំនឹងសេដ្ឋកិច្ចដល់ប្រជាជនកម្ពុជាយើង។ ដូចនេះក្រុម ការងារចុះមូលដ្ឋានទាំងអស់ត្រូវតែផ្សព្វផ្សាយព័ត៌មាននេះ ឲ្យបានទូលំទូលាយនឹងពន្យល់បកស្រាយឲ្យបានច្បាស់លាស់ទៅដល់ថ្នាក់មូលដ្ឋាន ក្នុងការផ្តល់ ភាពជឿជាក់ និងទំនុកចិត្តលើគណបក្សប្រជាជន ជៀសវាងជនអគតិជាបក្សប្រឆាំងមួយក្តាប់តូចយកបញ្ហានេះទៅវាយប្រហារ។ បន្ថែមពីនេះ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្តេចបានគិតគូរយ៉ាងហ្មត់ចត់ចំពោះកិច្ចការ សេដ្ឋកិច្ច ការដោះស្រាយបញ្ហាទំនាស់ព្រំដែនជាមួយប្រទេសថៃ ពិសេសការពារនូវសុខសន្តិភាព ស្ថិរភាពឲ្យបានស្ថិតស្ថេរ។

លោកស្រីលើកទឹកចិត្តឲ្យក្រុមការងារ មិនត្រូវមើលស្រាលលើស្ថានភាពជាក់ស្តែងពេលនេះ ប្រសិនបើយើងមិនធ្វើសកម្មភាពទប់ស្កាត់បានទាន់ពេលវេលាទេនោះ វានឹងជះឥទ្ធិពលយ៉ាងខ្លាំងការខិតខំរបស់ថ្នាក់ដឹកនាំ ហើយឈានទៅដល់ការប៉ះពាល់ដល់លទ្ធផលបោះឆ្នោត នាពេលខាងមុខនេះ។

លោកស្រី ឃួន ឃុនឌី សង្ឃឹមយ៉ាងមុតមាំថា យើងត្រូវតែរួបរួមសាមគ្គីគ្នាកសាងបម្រើប្រជាពលរដ្ឋ ដើម្បីបង្ហាញនូវការឯកភាពផ្ទៃក្នុងបានល្អ ការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ហើយជឿជាក់ថា យើងនឹងឈ្នះការបោះឆ្នោតនៅពេលខាងមុខនេះ៕