ខេត្តតាកែវ ទទួលបានភ្ញៀវទេសចរណ៍ជិត១លាននាក់ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ
17-04-2026 13:48
(តាកែវ)៖ ក្នុងរយ:ពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ សម្រាប់ខេត្តតាកែវ មានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ បានធ្វើដំណើរកម្សាន្តចំនួនជិត១លាននាក់។
បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តតាកែវបានឲ្យដឹងថា ស្ថិតិភ្ញៀវទេសចរ រយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្រាប់ថ្ងៃទី១៤ ខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជាង១៦ម៉ឺននាក់, ថ្ងៃទី១៥ ទទួលបានភ្ញៀវទេសចរជាង២០ម៉ឺននាក់ និងថ្ងៃទី១៦ ទទួលបានភ្ញៀវទេសចរណ៍ជាង៤០ម៉ឺននាក់។ សរុបទាំង៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរណ៍សរុបចំនួន៩០៨,៨២៤នាក់ ដោយក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន៧,៣១៦នាក់ផងដែរ។
អាជ្ញាធរខេត្តតាកែវ បានរៀបចំកម្មវិធីសង្ក្រាន្តតាកែវ ដោយលេងល្បែងកម្សាន្ដជាច្រើន នៅតាមរមណីយដ្ឋានទេសចរនានា និងនៅតាមវត្តអារាម។ ដោយឡែកសម្រាប់ក្រុងដូនកែវរដ្ឋបាលខេត្ត បានរៀបចំកន្លែងកម្សាម្ដសប្បាយ នៅសួនច្បារមាត់បឹងតាកែវ ដោយមានការលេងល្បែងកម្សាន្ដ ល្បែងប្រជាប្រិយ និងល្បែងទាញព្រាត់យក្សប្រវែង៨០ម៉ែត្រ ព្រមទាំងការប្រគំតន្ត្រីដែលមានឌីជេល្បីៗ បានមកសម្ដែងកម្សាន្តជូនប្រជាពលរដ្ឋថែមទៀតផង៕



















