អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញ តាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឲ្យជិះ ដោយមិនបង់ប្រាក់
17-04-2026 13:07
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំ
ណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញវិញ តាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឲ្យជិះដោយមិនបង់ប្រាក់ ដើម្បីបន្តប្រកបរបរបន្ទាប់ពីធ្វើដំណើរមកស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ.ស២០២៦ ដែលទីតាំងចំណតនៅផ្សារទំនើប ភួ ពុយ ក្រុងបាត់ដំបង។
ប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅមក លើផ្លូវជាតិលេខ៥ពីភ្នំពេញ-បាត់ដំបង និងបាត់ដំបង-ភ្នំពេញ បានបង្ហាញអារម្ម
ណ៍សប្បាយរីករាយក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្ដល់រថយន្តក្រុងឲ្យធ្វើដំណើរទៅមកដោយមិនបង់ប្រាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
សូមជម្រាបថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់រថយន្តក្រុងសម្រាប់ខេត្តបាត់ដំបងមានរថយន្តចំនួន៧៥គ្រឿង សម្រាប់ដឹកជញ្ជូនកម្មករ និយោជិត និងប្រជាពលរដ្ឋទៅមកភ្នំពេញ-បាត់ដំបង និងពីបាត់ដំបង-ភ្នំពេញ ដែលមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដោយធ្វើដំណើរមិនបង់ប្រាក់ដើម្បីជួយសម្រួលដល់ការចំណាយជូនកម្មករ កម្មការិនី និយោជិត សិស្ស និស្សិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ៕





















