សកម្មភាពសង្គមស៊ីវិលចិន ចូលរួមចំណែកសំខាន់ក្នុងការលើកកម្ពស់ការងារមនុស្សធម៌នៅកម្ពុជា
17-04-2026 12:20
(ភ្នំពេញ)៖ ក្នុងរយៈពេលចុងក្រោយនេះ តួនាទីរបស់សង្គមស៊ីវិលនៃប្រទេសចិន បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន។ តាមរយៈសកម្មភាពមនុស្សធម៌ដែលចុះផ្ទាល់ដល់មូលដ្ឋាន សង្គមស៊ីវិលចិនមិនត្រឹមតែនាំមកនូវជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ដល់នូវ «ជីវិតថ្មី» និងសេចក្ដីសង្ឃឹមដល់ក្រុមគ្រួសារកម្ពុជាជាច្រើននៅតាមតំបន់ដាច់ស្រយាល។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានមានប្រសាសន៍ថា៖ «សង្គមស៊ីវិលរបស់ប្រទេសចិនកំពុងមានតួនាទីកាន់តែសំខាន់និងកាន់តែសកម្មក្នុងការពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន កម្ពុជានិងចិន តាមរយៈសកម្មភាពជាក់ស្តែងដែលឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍មូលដ្ឋាន។ សកម្មភាពទាំងនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការយល់ដឹង ការជឿទុកចិត្ត និងមិត្តភាពរឹងមាំដូចដែកថែបរវាងប្រជាជននិងប្រទេសយើងទាំងពីរថែមទៀតផង»។
លោកបណ្ឌិតបន្តថា ក្នុងវិស័យសុខាភិបាល ក្រុមគ្រូពេទ្យចិនបានប្រើប្រាស់រថយន្តពេទ្យចល័តដែលគ្រប់គ្រងដោយសមាគមមិត្តភាពកម្ពុជា-ចិន ដើម្បីចូលទៅពិនិត្យ និងព្យាបាលជំងឺបេះដូងចំហរជូនកុមារកម្ពុជា ដល់ខេត្តកំពត។ សកម្មភាពនេះបានផ្តល់ឱកាសរស់រានមានជីវិតថ្មីដល់កុមារកម្ពុជាជាច្រើន និងបង្ហាញពីមនុស្សធម៌ដ៏ជ្រាលជ្រៅរបស់មិត្តចិន។
ក្នុងវិស័យអប់រំ និងវប្បធម៌ មិត្តចិនបានចូលរួមជួយកែលម្អសោភណភាពបណ្ណាល័យនៅតាមជនបទ បង្កើនលទ្ធភាពឲ្យសិស្សានុសិស្សអាចចូលដំណើរការប្រភពចំណេះដឹងបានកាន់តែងាយស្រួល។ វាជាជំហានសំខាន់ក្នុងការបើកបង្អួចពុទ្ធិ និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អនាគត។
លើសពីនេះទៀត ការផ្តល់ចង្ក្រានបង្កើនថាមពល ជួយកាត់បន្ថយការប្រើប្រាស់ឥន្ធនៈ និងការបំពុលបរិស្ថាន ខណៈដែលការផ្តល់ធុងសំរាម និងការចូលរួមសកម្មភាពអនាម័យបរិស្ថាន បានរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ និងបរិស្ថានរស់នៅឲ្យកាន់តែល្អប្រសើរ។ ជាពិសេស ការចូលរួមជាចំណែកគាំទ្របេសកកម្មរបស់CMACក្នុងសកម្មភាពបោសសម្អាតមីន ក៏ជាការជួយសង្គ្រោះជីវិត និងបង្កើនសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជានៅតំបន់ដែលរងផលប៉ះពាល់ពីសង្គ្រាមកន្លងមក។
តាមរយៈសកម្មភាពរបស់សង្គមស៊ីវិលចិនទាំងនេះ គឺជាសមិទ្ធផលជាក់ស្តែងនៃការអភិវឌ្ឍទំនាក់ទំនងប្រជាជននិងប្រជាជន កម្ពុជា-ចិន ដែលផ្អែកលើគោលការណ៍មិត្តភាព សហការណ៍ និងការចែករំលែកអត្ថប្រយោជន៍រួម។ វាបានក្លាយជាស្ពានមនុស្សធម៌មួយ ដែលភ្ជាប់បេះដូងប្រជាជនទាំងពីរប្រទេសឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។
លោកបណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ថា សកម្មភាពទាំងអស់នេះគឺជាសមិទ្ធផលជាក់ស្តែងនៃការអភិវឌ្ឍទំនាក់ទំនងប្រជាជននិងប្រជាជន ដែលផ្អែកលើគោលការណ៍មិត្តភាព និងការចែករំលែក។ វាមិនមែនគ្រាន់តែជាជំនួយបច្ចេកទេសនោះទេ ប៉ុន្តែវាគឺជា «ស្ពានមនុស្សធម៌» ដែលភ្ជាប់បេះដូងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ រឹងមាំ និងមានទំនុកចិត្តលើគ្នាទៅវិញទៅមកក្នុងនាមជាបងប្អូន និងជាដៃគូអភិវឌ្ឍន៍ដ៏ស្មោះត្រង់៕





