ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់រលំផ្ទះ របើកដំបូល នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ទទួលអំណោយមនុស្សធម៌ពីបណ្ឌិត អ៊ាង សុផល្លែត
17-04-2026 10:20
(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានស្រុកអីររាំងឪ បានចុះសួរសុខទុក្ខ និងបាននាំយកអំណោយសប្បុរសធម៌ របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់រលំផ្ទះ និងប៉ើងដំបូលផ្ទះ ចំនួន ២៣គ្រួសារ រស់នៅឃុំមៀន និងឃុំអពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ក្រុមគ្រួសារជនរងគ្រោះ ក្នុងមួយគ្រួសារទទួលបានអង្ករ មី ត្រីខ ទឹកត្រីទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ប្រេងឆា និងថវិកាមួយចំនួន ដែលសរុបជាថវិកា ចំនួន៦,៧លានរៀល។
សូមបញ្ជាក់ថា ភ្លៀងកក់ខែមួយមេធំ លាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យរំលំផ្ទះប្រជាពលរដ្ឋមួយខ្នង រាបដល់ដី និងប៉ើងដំបូល ២៤ខ្នងផ្ទះ និងតូបលក់គ្រឿងទេសចំនួន១ខ្នង កាលពីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅឃុំមៀន និងឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
ក្នុងពេលជាមួយគ្នានេះ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអូររាំឪ ក៏បានចុះជួយសម្រាលការលំបាកដល់ជីវភាពរស់នៅ របស់ក្រុមគ្រួសារ រងគ្រោះដោយគ្រោះមហន្តធម្មជាតិខាងលើ ដោយនាំយកស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាឧបត្ថម្ភមួយចំនួនផងដែរ៕










