ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ពីហេតុការណ៍ដែលម៉ូតូ ប៉ះរថយន្តមួយគ្រឿង ហើយប្រជាពលរដ្ឋដេញគប់ និងវាយរថយន្តនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ
16-04-2026 23:21
(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ពីហេតុការណ៍ដែលម៉ូតូ ប៉ះរថយន្តមួយគ្រឿង ហើយប្រជាពលរដ្ឋដេញវាយរថយន្តនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គម ឃើញមានប្រជាពលរដ្ឋដេញ និងគប់ទៅលើរថយន្ត១គ្រឿង នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈមានប្រជាពលរដ្ឋដើរលេងកម្សាន្ត នគរសង្រ្កាន្ត វត្តភ្នំ។
ចំពោះហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត១គ្រឿងម៉ាកអាវតា០៧ស៊េរីឆ្នាំ២០២៥ពណ៌ខ្មៅ ជាមួយនឹងម៉ូតូ១គ្រឿង
ក្រោយកើតហេតុការណ៍សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នាំយករថយន្ត និងអ្នកបើករថយន្តមកកាន់មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីសួរនាំ។
អ្នកបើករថយន្តបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានធ្វើដំណើរលើផ្លូវ៩០កែងនិងផ្លូវស៊ីសុវត្ថិ ហើយបត់ចូលផ្លូវ៩០ ក្នុងទិសដៅពីកើតទៅលិច ហើយក៏ស្ទះចរាចរណ៍ ខណៈនោះក៏មានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥បានបើកប៉ះរថយន្តខ្លួន ពីក្រោយ ហើយគាត់ក៏ចុះទៅមើលរថយន្ត ដើម្បីសួរនាំប៉ុន្តែពេលនោះម្ចាស់ម៉ូតូមិនឆ្លើយតបជាមួយម្ចាស់រថយន្តនោះទេ។
ពេលនោះអ្នកបើករថយន្តខឹងក៏រុញម៉ូតូផ្តួល បន្ទាប់មកក៏ឡើងរថយន្តបើកចេញ ភ្លាមនោះម្ចាស់ម៉ូតូក៏ស្រែករត់ដេញតាមពីក្រោយ ភ្លាមនោះផងដែរ ប្រជាពលរដ្ឋមានការយល់ច្រឡំស្មានថា រថយន្តបុកម៉ូតូ ហើយបើករត់ក៏នាំគ្នាដេញតាម និងយកដុំថ្មគប់រថយន្តបង្កឲ្យខូចខាតផ្នែកខាងមុខនិងក្រោយ។
ដោយឡែកសមត្ថកិច្ច ទទួលបានព័ត៌មានក៏ចុះអន្តរាគមន៍ ក៏នាំយករថយន្តនិងអ្នកបើកបរ យកមកកន្លែងសមត្ថកិច្ច បញ្ចៀសកុំឲ្យកើតមានអំពើហិង្សាកើតឡើង។
ចំពោះមុខករណីនេះ សមត្ថកិច្ចបាននឹងកំពុងបន្តស្រាវជ្រាវស្វែងរកភាគីម្ខាងទៀតដើម្បីសាកសួរ៕





