សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក យាងប្រោះព្រំព្រះពុទ្ធមន្តចម្រើនសិរី និងព្រះរាជទានយ័ន្ត ជូនដល់ប្រជាពលរដ្ឋ មកលេងកម្សាននាខេត្តកំពង់ចាម
16-04-2026 18:14
(កំពង់ចាម)៖ សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក រួមជាមួយរដ្ឋបាលខេត្តកំពង់ចាម បានយាងដឹកនាំព្រះសង្ឃ ១០៨ អង្គ ប្រោះព្រំព្រះពុទ្ធមន្តចម្រើនសិរី និងព្រះរាជទានយ័ន្ត ចំនួន ១០,០០០សន្លឹក ជូនដល់ប្រជាពលរដ្ឋ មកលេងកម្សាននាខេត្តកំពង់ចាមដែលមកចូលរួម ដើម្បីពង្រឹងសេចក្ដីសុខផ្នែកផ្លូវចិត្ត នារសៀលថ្ងៃទីបីនៃពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាថ្ងៃឡើងស័ក ឬថ្ងៃឆ្លង ដែលគេប្រារព្ធពិធីស្រង់ទឹករូបបដិមាព្រះពុទ្ធ ប្រោះព្រុំសុំសេចក្តីសុខ ជូនវីរះកងទ័ពនិង ធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី នារដ្ឋបាលខេត្តកំពង់ចាម។
ពិធីស្រង់ទឹកព្រះពុទ្ធរូបនៅពេលល្ងាច អាស្រ័យលើទំនៀមទម្លាប់នៃស្រុកនីមួយៗ។ ពិធីបុណ្យចូលឆ្នាំថ្មីនេះ ក៏មានការលេងល្បែងប្រជាប្រិយ និងការកម្សាន្តសប្បាយផ្សេងៗផងដែរ។
សូមជម្រាបជូនថា កម្មវិធីស្រង់ព្រះ នៃព្រឹត្តិការណ៍សង្រាន្តកំពង់ចាម នឹងប្រព្រឹត្តទៅនៅម៉ោង ៣រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ នៅមុខសាលាខេត្តកំពង់ចាម ក្រោមព្រះរាជាធិបតីភាព សម្តេចព្រះពោធិវ័ង្ស ណយ ច្រឹក ព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង លោក អ៊ុន ចិន្តា អភិបាលខេត្ត កំពង់ចាម និង លោកស្រី ញ៉ូង ចរិយ៉ា អ៊ុន ចិន្តា និងមន្រី្តព្រះសង្ឃជុំវិញមន្ទីនៃខេត្តកំពង់ចាម រួមទាំងប្រជាលរដ្ឋដែលមកលេងកម្សាននាខេត្តកំពង់ចាមយ៉ាងច្រើនកុះករផងដែរ។
ក្នុងពិធីនេះដែរ សម្តេចបានយាងដឹកនាំព្រះសង្ឃ ១០៨ អង្គ ប្រោះព្រំព្រះពុទ្ធមន្តចម្រើនសិរី និងព្រះរាជទានយ័ន្ត ចំនួន ១០,០០០ សន្លឹក ជូនដល់ប្រជាពលរដ្ឋ ដែលមកចូលរួម ដើម្បីពង្រឹងសេចក្ដីសុខផ្នែកផ្លូវចិត្ត៕




















































































