វិភាគអន្តរជាតិ៖ ហេតុអ្វីលោក ត្រាំ បញ្ជាឱ្យបិទខ្ទប់ច្រកសមុទ្រ Hormuz ដែលអ៉ីរ៉ង់បានបិទរួចទៅហើយ?
14-04-2026 00:00
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមបិទខ្ទប់ច្រកសមុទ្រ Hormuz ជាផ្លូវទឹកដ៏សំខាន់មួយដែលលោកផ្ទាល់បានប្រាប់ម្ដងហើយម្ដងទៀតឱ្យអ៉ីរ៉ង់បើកច្រកសមុទ្រនេះឡើងវិញ ដោយគ្មានលក្ខខណ្ឌ។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ លោក ត្រាំ បាននិយាយថាការបិទខ្ទប់នឹងកំណត់គោលដៅលើគ្រប់កប៉ាល់ ទាំងអស់ដែលព្យាយាមចេញចូលច្រកសមុទ្រ Hormuz។ ប៉ុន្តែ CENTCOM បានអះអាងថាការបិទខ្ទប់ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៣ ខែមេសានឹងកំណត់គោលដៅតែទៅលើកប៉ាល់ណាដែលធ្វើដំណើរចេញចូលកំពុងផែអ៉ីរ៉ង់ប៉ុណ្ណោះ។
ការសម្រេចចិត្តបិទច្រកសមុទ្រ Hormuz របស់អ៉ីរ៉ង់ជាច្រើនសប្ដាហ៍កន្លងមកនេះបានបង្កការខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរដល់បណ្ដាប្រទេសមួយចំនួនដែលពឹងផ្អែកលើការនាំចូលប្រេងពីតំបន់មជ្ឈិមបូព៌ា និងបានធ្វើឱ្យតម្លៃប្រេងហក់ឡើងថ្លៃនៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកផងដែរ។ ដូច្នេះហេតុអ្វីបានជាលោក ត្រាំ ចង់បិទខ្ទប់ច្រកសមុទ្រ Hormuz ដែលលោកផ្ទាល់ចង់បើកឡើងវិញ?
តាមពិតទៅ ច្រកសមុទ្រ Hormuz មិនមែនត្រូវបានបិទខ្ទប់ទាំងស្រុងនោះទេ ដោយអ៉ីរ៉ង់បានអនុញ្ញាតឱ្យកប៉ាល់ដឹកប្រេងមួយចំនួនឆ្លងកាត់ជាថ្នូរទៅនឹងការបង់ប្រាក់ ២លានដុល្លារក្នុងមួយកប៉ាល់។ តែអ្វីដែលសំខាន់ គឺអ៉ីរ៉ង់បានឱ្យកប៉ាល់ដឹកប្រេងរបស់ខ្លួនចេញ និងចូលច្រកសមុទ្រដោយសេរីចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ ការណ៍នេះបានធ្វើឱ្យអ៉ីរ៉ង់នៅតែអាចបន្តលក់ប្រេងជាមធ្យម ១.៨៥លានបារែល ក្នុងមួយថ្ងៃ ពេញមួយខែមីនាកន្លងទៅ ពោលគឺការលក់ប្រេងនេះបានកើនឡើង ១០០ ០០០បារែលក្នុងមួយថ្ងៃ បើធៀបនឹងកាលពីជាង៣ខែមុន។ នេះបើតាមទិន្នន័យរបស់ក្រុមហ៊ុន Kpler។
ម្លោះហើយតាមរយៈការបិទខ្ទប់ច្រកសមុទ្រ Hormuz លោក ត្រាំ អាចកាត់ផ្ដាច់ចំណូលដ៏សំខាន់កុំឱ្យអ៉ីរ៉ង់យកទៅបំប៉នរដ្ឋាភិបាល និងប្រតិបត្តិការយោធារបស់ខ្លួន។ វាជាជម្រើសមួយដែលរដ្ឋបាលលោក ត្រាំ ក៏មិនចង់ធ្វើនោះដែរ ពីព្រោះការបិទខ្ទប់មិនឱ្យកប៉ាល់ដឹកប្រេងនានារួមទាំងកប៉ាល់ដឹកប្រេងអ៉ីរ៉ង់ឆ្លងកាត់ច្រកសមុទ្រនេះនឹងធ្វើឱ្យប្រេងឡើងថ្លៃនៅជុំវិញពិភពលោក។ នេះហើយជាហេតុផលដែលកងទ័ពជើងទឹកអាមេរិកបានអនុញ្ញាតឱ្យកប៉ាល់ដឹកប្រេងអ៉ីរ៉ង់ធ្វើដំណើរឆ្លងកាត់ទូទាំងតំបន់មជ្ឈិមបូព៌ា។ លំហូរប្រេងចេញពីតំបន់មជ្ឈិមបូព៌ាអាចនឹងជួយបញ្ចុះតម្លៃប្រេង។
ជាការពិតណាស់ សហរដ្ឋអាមេរិកកាលពីខែមីនា បានផ្ដល់អាជ្ញាបណ្ណបណ្ដោះអាសន្នមួយដើម្បីឱ្យអ៉ីរ៉ង់អាចបន្តលក់ប្រេងដែលត្រូវបានស្ដុកនៅលើកប៉ាល់ដឹកប្រេងរួចជាស្រេច។ សហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលើអ៉ីរ៉ង់ អស់រយៈពេលជាច្រើនទសវត្សរ៍ ហើយរដ្ឋបាលលោក ត្រាំ បានព្យាយាមបិទខ្ទប់ការលក់ប្រេងរបស់អ៉ីរ៉ង់ ចាប់តាំងពីរូបលោកបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីឆ្នាំ២០១៨ (អាណត្តិទី១របស់លោក ត្រាំ)។ ការសម្រេចចិត្តបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងអ៉ីរ៉ង់របស់លោក ត្រាំ កាលពីខែមីនាកន្លងទៅបានសម្រួលឱ្យប្រេង ១៤០លានបារែលលក់ទៅកាន់ ទីផ្សារពិភពលោក។ ក៏ប៉ុន្តែជម្រើសបន្ធូរបន្ថយទណ្ឌកម្មរយៈពេល១ខែនេះបែរជាហុចផលមិនល្អឱ្យសហរដ្ឋអាមេរិកទៅវិញ។ ដ្បិតវាបានអនុញ្ញាតឱ្យអ៉ីរ៉ង់លក់ប្រេងដែលជាប់ទណ្ឌកម្ម បានលុយយកទៅផ្គត់ផ្គង់ ដល់សង្រ្គាមរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ មិនតែប៉ុណ្ណោះ អ៉ីរ៉ង់បានកើបលុយបានច្រើនគួរសម តាមរយៈការលក់ប្រេងរបស់ខ្លួនក្នុងតម្លៃខ្ពស់ជាងប្រេងឆៅអន្តរជាតិប្រភេទ Brent ខុសពីធម្មតា។
ការខឹងសម្បារចំពោះការឡើងថ្លៃឧស្ម័ន និងប្រេងបានដាក់សម្ពាធលើរដ្ឋបាលលោក ត្រាំឱ្យស្វែងរកផ្លូវបញ្ចប់សង្រ្គាមឱ្យបានឆាប់ និងបានបញ្ចេញប្រេងស្តុករាប់រយលានបារែលដើម្បីទិញពេលវេលាបន្សាបកំហឹង សាធារណមតិអាមេរិក។ ដោយសារតែអ៉ីរ៉ង់នៅតែអាចលក់ប្រេងតាមផ្លូវក្រោយ ការបន្ធូរបន្ថយ ឬដកទណ្ឌកម្មអាចនឹងអនុញ្ញាតឱ្យអ៉ីរ៉ង់លក់ប្រេងដោយបើកចំហទៅកាន់បណ្ដាប្រទេសលោកលិច ជាជាងលក់ផ្ដាច់មុខទៅចិនដែលជាម៉ូយធំរបស់ខ្លួន។ រដ្ឋបាលលោក ត្រាំកំពុងព្យាយាមស្វែងរកវិធីបញ្ចុះតម្លៃប្រេងផង ខណៈបន្តធ្វើសង្រ្គាមផង។ សហរដ្ឋអាមេរិកបានធ្វើការជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ នៅជុំវិញពិភពលោកដើម្បីបញ្ចេញស្ដុកប្រេងយុទ្ធសាស្ត្រ ក្នុងបរិបទដែលរដ្ឋបាលលោក ត្រាំ បានបន្ធូរបន្ថយទណ្ឌកម្មលើប្រេងរបស់រុស្ស៉ីកាលពីខែមីនា។
ឥលូវ លោក ត្រាំ កំពុងប្រថុយនឹងការធ្វើឱ្យតម្លៃប្រេង និងឧស្ម័នឡើងថ្លៃ ដើម្បីដាក់សម្ពាធជាអតិបរមាឱ្យអ៉ីរ៉ង់ទទួលយកលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកដើម្បីបិទបញ្ចប់សង្រ្គាម។ តែព្រមពេលជាមួយគ្នា ប្រេងឡើងថ្លៃនឹងដាក់សម្ពាធលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ជាពិសេសក្នុងតំបន់អាស៊ី រួមទាំងចិនផងដែរ៕





