សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជននៃកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតជូនពរលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
13-04-2026 19:29
(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦នេះ យើងខ្ញុំជាអគ្គលេខាធិការ អគ្គលេខាធិការរង និងមន្ត្រី អ្នកស្ម័គ្រចិត្ត យុវជន កាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែង សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកា គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា និងជា អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានសុខភាព ល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លា និងមានជន្មាយុយឺនយូរ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាមានកិត្តិយសសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះលោកជំទាវបណ្ឌិត អគ្គហេរញ្ញិក ដែលបានលះបង់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី និងពេលវេលាដ៏មានតម្លៃ ចូលរួមចំណែកបំពេញ បេសកកម្មមនុស្សធម៌នាំមុខគេនៅកម្ពុជា សម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ប្រកបដោយអភិបាលកិច្ចល្អ ដោយតម្លាភាព គណនេយ្យភាព និងមាននិរន្តរភាពយូរអង្វែង។
លើសពីនេះទៀត លោកជំទាវបណ្ឌិត ក៏ជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូប ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយ ថ្នាក់ដឹកនាំ និងឥស្សរជនកំពូលៗនៅក្នុងស្ថាប័នព្រឹទ្ធសភា ដឹកនាំអនុវត្តច្បាប់ និងអភិវឌ្ឍន៍យ៉ាងខ្ជាប់ខ្ជួនក្នុងការ ពង្រឹងនីតិរដ្ឋ ការគោរពរដ្ឋធម្មនុញ្ញ នឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ។
ក្នុងឱកាសសិរីសួស្តីដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម «រាក្យសាទេវី» សូមជួយអភិបាលប្រោះព្រំ គ្រងរក្សាលោកជំទាវបណ្ឌិត អគ្គហេរញ្ញិក និងឯកឧត្តមបណ្ឌិត ម៉ា ឈឿន ព្រមទាំងបុត្រា បុត្រី ចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

