FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី

13-04-2026 18:49

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៤៧០ គ.ស.២០២៦នេះ ក្នុងនាមខ្ញុំផ្ទាល់ និងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំង សហការី នៃកាកបាទក្រហមកម្ពុជា សូមគោរពជូនសព្ទសាធុការពរជ័យ សិរីសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូន សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា សូមមាន សុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ និងមានជន្មាទីឃាយុយឺនយូរ។

ក្នុងអភិមង្គលដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវគុណូបការៈដ៏ធំធេង និងសូមគោរពកោតសរសើរយ៉ាងក្រៃលែង ចំពោះគំរូវីរភាពដ៏ឧត្តុង្គឧត្តម ជាអគ្គមគ្គុទេសក៍រដ្ឋដ៏ឆ្នើមនៃកម្ពុជា ដែលសម្តេចអគ្គមហាពញាចក្រី បានលះបង់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ជម្នះរាល់ការលំបាក និងធ្វើពលីកម្មគ្រប់បែបយ៉ាងតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រួមទាំងស្តារ កសាង អភិវឌ្ឍ និងរួមចំណែកស្វែងរកសន្តិភាពពេញលេញជូនជាតិមាតុភូមិ និងប្រជាជន។

ជាមួយនេះដែរ សម្តេចអគ្គមហាពញាចក្រី បានចូលរួមចំណែកបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ជាមួយឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្វាយយោបល់លើព្រះរាជកិច្ចដឹកនាំសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ ដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងឱកាសសិរីសួស្តីដ៏ថ្លៃថ្លានេះ យើងខ្ញុំនិងសហការី នៃកាកបាទក្រហមកម្ពុជា សូមលើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម «រាក្យសាទេវី» សូមជួយអភិបាលប្រោះព្រំ គ្រងរក្សា សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី និងចៅៗ ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕