FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានជូនពរសម្តេចនៅក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

13-04-2026 18:07

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានផ្ញើសារលិខិតថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើសារលិខិតជូនពរសម្តេច នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩។

ឆ្លៀតក្នុងវរោកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមថ្លែងនូវអំណរគុណជាអនេកប្បការ ចំពោះសារលិខិតថ្វាយព្រះពរ និងជូនពររំលេចដោយខ្លឹមសារប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ និងពាក្យពេចន៍ កោតសរសើរចំពោះ សមិទ្ធផលការងារដែលស្ថាប័នរដ្ឋសភាសម្រេចបាននាពេលកន្លងមក។ ពាក្យពេចន៍ជូនពរដ៏បវរថ្លៃថ្លារបស់ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី ចំពោះយើងខ្ញុំទាំងអស់គ្នាដែលជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃរដ្ឋសភាទាំងមូល ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា គឺជាកាយវិការលើកទឹកចិត្ត និងផ្តល់នូវ មហាកិត្តិយសដ៏ធំធេងដល់យើងខ្ញុំទាំងអស់គ្នា ឱ្យរឹតតែមានកម្លាំងចិត្តទ្វេដងថែមទៀត ក្នុងការបំពេញការងារជូន ស្ថាប័នរដ្ឋសភា ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ព្រមទាំងការប្រកាន់ខ្ជាប់នូវគោលការណ៍សុចរិតភាព គុណាធិបតេយ្យ តម្លាភាព ទំនួលខុសត្រូវខ្ពស់ តាមរយៈការពង្រឹង តួនាទីសភានិងការទូតសភា ការធ្វើកំណែទម្រង់ស្ថាប័នរដ្ឋសភា និងការចុះផ្ទាល់តាមមូលដ្ឋាន ដើម្បីស្វែងយល់ពី សុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ។

ក្រៅពីបំពេញតួនាទី និងភារកិច្ចស្នូលរបស់ខ្លួន រដ្ឋសភាកម្ពុជា បានចូលរួមសហការប្រកបដោយស្មារតីស្នេហាជាតិ សាមគ្គីជាតិដ៏រឹងមាំ ជាមួយស្ថាប័នព្រឹទ្ធសភា ដែលមាន សម្តេចតេជោ ជាប្រធាន និងរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដី ដោយប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី និងត្រៀមខ្លួន ជានិច្ចក្នុងកិច្ចការពារជាតិ តាមរយៈយន្តការការទូតសភា និងសមរភូមិជួរក្រោយការពារសមរភូមិជួរមុខ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម «រាក្យសាទេវី» សូម ជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ គ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕