Fresh Exclusive: ឱសានវាទថ្មីរបស់អាមេរិក៖ ចាប់ផ្តើមសង្គ្រាមពិត ឬបន្តលេងល្បែងយុទ្ធសាស្ត្រ? (Video inside)
13-04-2026 16:53
(ភ្នំពេញ)៖ អាមេរិកបានកំណត់ឱសានវាទសាជាថ្មី ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ក្រោយការចរចានៅក្នុង ប្រទេសប៉ាគីស្ថាន មិនបានទទួលលទ្ធផល។ សំណួរធំមួយនៅតែបន្តតាមដានស្ថានការណ៍នេះ៖ តើឱសានវាទលើកនេះ ជាជំហានទៅរកសង្គ្រាមពិតប្រាកដ ឬគ្រាន់តែជាល្បែងយុទ្ធសាស្ត្រដើម្បីបង្កើនសម្ពាធ?
Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅ...
នៅពេលដែលពិភពលោកកំពុងតាមដានស្ថានការណ៍អាមេរិក–អ៊ីរ៉ង់ យ៉ាងយកចិត្តទុកដាក់ពាក្យព្រមានមួយកំពុងវិលត្រឡប់មកវិញ «ឱសានវាទ»។ ប៉ុន្តែឱសានវាទលើកនេះ មិនមែនជាលើកដំបូងទេ ហើយក៏មិនច្បាស់ថា វានឹងក្លាយជាចំណុចបំបែកពិតប្រាកដ ឬគ្រាន់តែជាផ្នែកមួយនៃល្បែងយុទ្ធសាស្ត្រដែលសហរដ្ឋអាមេរិកកំពុងបន្តនោះដែរ។
បន្ទាប់ពីការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅក្នុងប្រទេសប៉ាគីស្ថាន មិនទទួលបានលទ្ធផលតាមការរំពឹងទុក លោក Donald Trump បានដាក់ឱសានវាទថ្មី ដោយគំរាមបិទច្រកសមុទ្រ Hormuz និងបញ្ជាក់ថា ច្រកនេះត្រូវតែបើកឡើងវិញដោយគ្មានលក្ខខណ្ឌ សម្រាប់នាវាទាំងអស់ មិនថាជាភាគីណាមួយឡើយ។ ការកំណត់ពេលវេលាថ្មីនេះ កំពុងបង្កើតសំណួរធំមួយ៖ តើវាជាជំហាននាំទៅរកសង្គ្រាមពិតប្រាកដ ឬគ្រាន់តែជាសម្ពាធផ្លូវនយោបាយ និងសេដ្ឋកិច្ចដដែល?
យោងតាមការប្រកាសឱសានវាទនេះ នឹងចាប់ផ្តើមអនុវត្តនៅម៉ោង១០៖០០ព្រឹក (ម៉ោងសហរដ្ឋអាមេរិក) នៅថ្ងៃចន្ទ ដែលត្រូវនឹងម៉ោង 9:00 យប់ថ្ងៃចន្ទដូចគ្នា (ម៉ោងកម្ពុជា) ពេលវេលាមួយដែលអាចក្លាយជាចំណុចបម្លែងស្ថានការណ៍ភ្លាមៗ ប្រសិនបើមិនមានការផ្លាស់ប្តូរនាទីចុងក្រោយ។
លោក Trump បានសរសេរលើបណ្តាញសង្គមថា៖ «ប្រសិទ្ធភាពភ្លាមៗនឹងកើតឡើង! កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលជាកងទ័ពល្អបំផុតនៅលើពិភពលោកនឹងចាប់ផ្តើមដំណើរការបិទនាវាទាំងអស់ ដែលព្យាយាមចូល ឬចេញពីច្រកសមុទ្រ Hormuz…»។
ទោះយ៉ាងណា ប្រសិនបើការគំរាមនេះ មិនអាចអនុវត្តបានដោយពេញលេញ ឬប៉ះទង្គិចជាមួយការឆ្លើយតបពីអ៊ីរ៉ង់នោះ វាអាចនាំឲ្យស្ថានការណ៍ផ្ទុះឡើងទៅជាសង្គ្រាមពិតប្រាកដ ដែលមិនត្រឹមតែមានវិមាត្រយោធាទេ ប៉ុន្តែអាចពង្រីកទៅកាន់កម្រិតតំបន់និងសកល ជាមួយផលប៉ះពាល់ធ្ងន់លើសេដ្ឋកិច្ច និងទីផ្សារថាមពលពិភពលោក។
* កម្លាំងហ៊ុមព័ទ្ធអាមេរិក កំពុងបង្កើតសម្ពាធជុំវិញ Hormuz
ក្រៅពីការប្រើពាក្យ «ឱសានវាទ» ជាឧបករណ៍សម្ពាធនាពេលនេះ សហរដ្ឋអាមេរិក កំពុងបង្ហាញជំហានបន្ទាប់ ដែលមានទម្ងន់ធ្ងន់ជាងមុន គឺការដាក់ពង្រាយកម្លាំងយោធា ដើម្បីគាំទ្រអនុវត្តការបិទច្រកសមុទ្រ Strait of Hormuz។ ព័ត៌មានពីប្រភពអន្តរជាតិបង្ហាញថា វត្តមានកងទ័ពជើងទឹកអាមេរិក និងនាវាចម្បាំងបានកើន ឡើងក្នុងតំបន់ឈូងសមុទ្រពែ័ក និងតំបន់ជាប់ពាក់ព័ន្ធដើម្បីត្រួតពិនិត្យចរាចរណ៍នាវាដឹកប្រេង និងនាវាពាណិជ្ជកម្ម ព្រមទាំងត្រៀមសមត្ថភាពការពារ ប្រសិនបើមានការប៉ះទង្គិចគ្នា កើតឡើង។ ជាមួយគ្នានេះ ភាគីអ៊ីរ៉ង់ បានបង្ហាញជំហរដ៏រឹងមាំតបមកវិញថានឹងមិនអនុញ្ញាឱ្យនាវាយោធាសត្រូវណាមួយចូលមកក្នុងតំបន់ជាយុទ្ធសាស្ត្រនេះឡើយ។
ទីប្រឹក្សាយោធាអ៊ីរ៉ង់ លោក Mohsen Rezaee បានអះអាងយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងបរាជ័យ ប្រសិនបើព្យាយាមបិទច្រកសមុទ្រ Hormuz។ លោកបានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ «នឹងមិនអនុញ្ញាតឲ្យមានសកម្មភាពបែបនេះឡើយ» និងថាអ៊ីរ៉ង់ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបនឹងការគំរាមកំហែងពីអាមេរិក។ ចំណុចនេះបង្ហាញថា ឱសានវាទរបស់អាមេរិក មិនត្រឹមតែជាសម្ពាធមួយទេ ប៉ុន្តែកំពុងជួបប្រទះនឹងភាពរឹងមាំពីភាគីអ៊ីរ៉ង់ ដែលមិនមានបំណងចុះចាញ់ឡើយ។
ដូច្នេះស្ថានភាពបច្ចុប្បន្នកំពុងឈរនៅចន្លោះគ្រោះថ្នាក់មួយ មានន័យថាបើអាមេរិកមិនអនុវត្តឱសានវាទ នោះភាពជឿជាក់នឹងត្រូវបាត់បង់ ប៉ុន្តែបើសិនអនុវត្តពិត វាអាចបង្កឲ្យសង្គ្រាមផ្ទុះឡើងភ្លាមៗ ក្នុងបរិបទនេះ សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងជម្រើសដ៏ពិបាកមួយ រវាងការរក្សាភាពជាអំណាច និងការចៀសវាងសង្គ្រាមធំ ដែលអាចគ្រប់គ្រងមិនបាន។
* ច្រក Hormuz៖ បេះដូងថាមពលពិភពលោក និងចំណុចបម្លែងសង្គ្រាម
ច្រកសមុទ្រនេះ មិនមែនជាច្រកធម្មតាទេ ប៉ុន្តែជាផ្លូវដឹកជញ្ជូនថាមពលសំខាន់បំផុតមួយលើពិភពលោក ដែលប្រេងប្រមាណ១/៥ នៃការប្រើប្រាស់ពិភពលោក ត្រូវឆ្លងកាត់ទីនេះរៀងរាល់ថ្ងៃ។ ការគំរាមបិទច្រកហ័រមូស ដោយ Donald Trump មិនមែនជាការវាយប្រហារដោយយោធាធម្មតាទេ ប៉ុន្តែជាការប្រើ «ថាមពលជាអាវុធ» ក្នុងសង្គ្រាម។
ការបិទច្រកនេះ មានន័យថា អ្នកដែលគ្រប់គ្រង Hormuz អាចប៉ះពាល់ដល់ទីផ្សារថាមពលពិភពលោក, ការបិទ ឬរំខានច្រកនេះ អាចធ្វើឲ្យតម្លៃប្រេងឡើងខ្ពស់ភ្លាមៗ និងប្រទេសជាច្រើន នឹងរងផលប៉ះពាល់សេដ្ឋកិច្ចដោយផ្ទាល់។ ប៉ុន្តែចំណុចសំខាន់គឺ Hormuz មិនមែនជាទីកន្លែងដែលអាមេរិកអាចគ្រប់គ្រងដោយឯកឯងបានឡើយ ពីព្រោះអ៊ីរ៉ង់ មានទីតាំងភូមិសាស្ត្ររបស់ខ្លួនដែលអាចត្រួតពិនិត្យឆ្នេរសមុទ្រ ប្រើមីស៊ីលការពារព្រំដែន ប្រើកម្លាំងវាយប្រហារអសមមាត្រ ដូចជា drone និងនាវាតូចល្បឿនលឿន ជាដើម។
ប្រការនេះនឹងធ្វើឲ្យការបិទច្រក Hormuz ក្លាយជាយុទ្ធសាស្ត្រប្រកបដោយហានិភ័យខ្ពស់បំផុត និងមិនមែនជាជំហានដ៏ងាយស្រួលឡើយ។ ក្នុងបរិបទនេះ Hormuz មិនមែនត្រឹមតែជាច្រកសមុទ្រទេ ប៉ុន្តែជាបេះដូងសេដ្ឋកិច្ចពិភពលោក។ ហើយនៅពេលដែលបេះដូងនេះត្រូវបានគំរាមសង្គ្រាមនេះ មិនអាចនៅត្រឹមតែអាមេរិក–អ៊ីរ៉ង់ទៀតទេ ប៉ុន្តែអាចបម្លែងទៅជាវិបត្តិសកល។
* សំណួរធំបំផុតចំពោះឱសានវាទ៖ តើជាយុទ្ធសាស្ត្រមែនទែនឬសម្លុត?
បើរាប់ទាំងឱសានវាទលើកនេះទៀត អាចចាត់ទុកថាជាលើកទី៥ហើយ គិតចាប់តាំងពីខែមីនា ដល់ខែមេសាឆ្នាំ២០២៦។ ឱសានវាទដំបូងចាប់ផ្តើមនាចុងខែមីនា និងឱសានវាទលើកទី២, ទី៣, និងទី៤ គឺនៅខែមេសានេះ ដែលឱសានវាទខ្លះមិនទាន់បានចប់សព្វគ្រប់ថ្ងៃផង។
ឱសានវាទថ្មីនេះ អាចមានន័យ២ គឺទី១ ជំហានទៅរកសង្គ្រាមពិត និងទី២ អាចជាល្បែង យុទ្ធសាស្ត្រដដែលដើម្បីបង្ខំអ៊ីរ៉ង់ចូលចរចាសាជាថ្មី និងដើម្បីគ្រប់គ្រងទីផ្សារថាមពល។ ប៉ុន្តែបញ្ហាសំខាន់ស្ថិតនៅលើ «ភាពជឿជាក់»។ ការគំរាមជាបន្តបន្ទាប់៤លើកមុននេះ បានបង្កើតទស្សនៈមួយក្នុងចំណោមអ្នកវិភាគថា យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកកំពុងបង្ហាញគឺជាលក្ខណៈសម្ពាធ ប៉ុន្តែមិនដល់កម្រិតអនុវត្តពេញលេញឡើយ។ ដូច្នេះសម្រាប់លើកទី៥នេះ អ្នកវិភាគមួយចំនួននៅតែចាត់ទុកថា វាមិនមានអ្វីថ្មីឡើយ ក្រៅពីការបន្តប្រើការសម្លុត ជាឧបករណ៍សម្ពាធ ដែលធ្វើឲ្យភាពជឿជាក់លើឱសានវាទកាន់តែថយចុះ។
ប៉ុន្តែមតិវិភាគមួយផ្សេងទៀត បានបង្ហាញទស្សនៈផ្ទុយថា ការសម្លុតជាបន្តបន្ទាប់ក៏អាចជាយុទ្ធសាស្ត្រមួយផងដែរ ដើម្បីធ្វើឲ្យភាគីប្រឆាំង «ស៊ាំ» និងបន្ថយកម្រិតការប្រុងប្រយ័ត្ន។ នៅពេលដែលការគំរាមត្រូវបានមើលថាជារឿងធម្មតា ហើយមិនត្រូវបានយកចិត្តទុកដាក់យ៉ាងតឹងរ៉ឹង នោះវាអាចបង្កើតលក្ខខណ្ឌមួយ ដែលអនុញ្ញាតឲ្យសកម្មភាពពិតប្រាកដកើតឡើងដោយភ្លាមៗ ដោយគ្មានការរំពឹងទុកជាមុន។ ក្នុងបរិបទនេះ ការសម្លុតមិនត្រឹមតែអាចបាត់បង់ភាពជឿជាក់ប៉ុណ្ណោះទេ ប៉ុន្តែអាចក្លាយជាវិធីបិទបាំងសកម្មភាពពិត ដែលកើតឡើងនៅពេលដែលគូប្រជែងលែងប្រុងប្រយ័ត្ន។
ដូច្នេះសម្រាប់លើកទី៥នេះ អ្នកវិភាគខ្លះនៅតែចាត់ទុកថា វាមិនមានអ្វីថ្មីឡើយ ក្រៅពីការបន្ត «ការសម្លុត» ជាឧបករណ៍សម្ពាធ ដែលធ្វើឲ្យភាពជឿជាក់លើឱសានវាទកាន់តែថយចុះ។ ប៉ុន្តែអ្នកវិភាគខ្លះទៀតបានថ្លែងថា វិធីសម្លុត ក៏អាចជាយុទ្ធសាស្ត្រមួយដើម្បីឱ្យសត្រូវរបស់ខ្លួនស៊ាំ លែងប្រុងប្រយ័ត្នជាមុនដែរ។
* សេចក្តីសន្និដ្ឋាន៖ យុទ្ធសាស្ត្រសម្លុត និងសង្គ្រាម ពេលវេលាដែលគ្រោះថ្នាក់បំផុត
នៅចុងក្រោយនេះ អ្វីដែលកំពុងកើតឡើង មិនមែនជាការប្រកាសឱសានវាទធម្មតាទេ ប៉ុន្តែជាការប្រកួតប្រជែងយុទ្ធសាស្ត្រដែលកំពុងឈានដល់ចំណុចសំខាន់មួយ។ ក្នុងរយៈពេលត្រឹមតែពីចុងខែមីនា ដល់ខែមេសា ឆ្នាំ២០២៦ ឱសានវាទយ៉ាងហោចបួនលើក ត្រូវបានគេឃើញថាជា «វដ្តយុទ្ធសាស្ត្រសម្លុត» ជាបន្តបន្ទាប់៖ មានន័យថា គំរាម បង្កសម្ពាធ ពន្យារ ហើយត្រឡប់ទៅចរចាវិញ។ ប៉ុន្តែវដ្តនេះ មិនអាចបន្តទទួលបានជោគជ័យជានិច្ចជាកាលបានទេ។ ការបិទច្រកសមុទ្រ Strait of Hormuz ការដាក់ពង្រាយកម្លាំងយោធា និងការពង្រីកសង្គ្រាមតំបន់ បង្ហាញថា ស្ថានការណ៍បានឆ្លងកាត់ដំណាក់កាលនយោបាយ និងកំពុងឈានទៅកាន់ដំណាក់កាលដែលអាចបង្កការប៉ះទង្គិចពិតប្រាកដហើយ។
បញ្ហាមិនមែនស្ថិតនៅលើថា ឱសានវាទនេះ ជាការសម្លុត ឬជាការពិតទេ ប៉ុន្តែស្ថិតនៅលើសំណួរដែលគ្រោះថ្នាក់ជាងនេះគឺ តើពេលណាដែលការសម្លុត នឹងត្រូវបានបម្លែងទៅជាសង្គ្រាម ដែលគេមិនអាចបញ្ឈប់វិញបាន?
នៅពេលដែលការគំរាម ត្រូវបានប្រើជាបន្តបន្ទាប់ ហើយភាគីណាមួយលែងជឿ ឬលែងប្រុងប្រយ័ត្ន នោះហានិភ័យ មិនមែនថាការសម្លុតបរាជ័យទេ ប៉ុន្តែគឺវាអាចបម្លែងទៅជាគ្រោះថ្នាក់ ដ៏ពិតប្រាកដវិញ។
«គ្រោះថ្នាក់ពិត មិនមែននៅពេលដែលគេគំរាមទេ ប៉ុន្តែនៅពេលដែលគ្មានអ្នកណាជឿថា វានឹងក្លាយជាការពិត ហើយគ្រោះថ្នាក់នោះកើតឡើងភ្លាមៗដោយគ្មានការរំពឹងទុកសោះឡើយ!»៕









