សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជននៃកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
13-04-2026 13:07
(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហោឡារិកឧត្តុង្គឧត្តម នៃពិធីទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៤៧០ គ.ស.២០២៦នេះ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជននៃកាកបាទក្រហមកម្ពុជានៅទូទាំងប្រទេស សូមគោរពលំឱនកាយ ជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូន សម្តេចអគ្គមហា សេនាបតីតេជោ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ និងមានជន្មាទីឃាយុ យឺនយូរ ប្រកបដោយពលានុភាពខ្លាំងក្លា ស្ថិតនៅជាទីសង្ឃឹមដ៏កក់ក្តៅនៃប្រជាជនកម្ពុជាគ្រប់ៗរូប។
ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមគោរពសម្តែងនូវគារវកិច្ចដឹងគុណដ៏ធំធេង និងសូមគោរពកោត ស្ញប់ស្ញែងប្រកបដោយមោទនភាពជាទីបំផុត ចំពោះគំរូវីរភាពដ៏អស្ចារ្យ របស់សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានជម្នះរាល់ការលំបាក ឧបសគ្គគ្រប់បែបយ៉ាង និងធ្វើពលីកម្មពុំរួញរាដើម្បីជាតិ សាសនា ព្រះមហាក្សត្រ។ លើសពីនេះទៅទៀត សម្តេចអគ្គមហាសេនាបតីតេជោ គឺជាអគ្គមគ្គុទេសក៍ស្នេហាជាតិដ៏ឆ្នើមមួយរូប ដែលបានដឹកនាំធ្វើការងារបម្រើជាតិប្រកបដោយឆន្ទៈមោះមុត ចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ពួតដៃជាកម្លាំងមហាសាមគ្គីជាតិជាធ្លុងមួយ ដោយស្មារតីតស៊ូ ស្វិតស្វាញ ក្រាញននៀល និងក្លៀវក្លាបំផុត ប្រឆាំងទល់និងអ្នកឈ្លានពានទឹកដី ដើម្បីភាពគង់វង្សរបស់ជាតិ មាតុភូមិកម្ពុជា និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជន និងការពារដាច់ខាតនូវព្រះរាជបល្ល័ង្ក អធិបតេយ្យភាពជាតិ បូរណភាព ទឹកដី ជាពិសេស ក្នុងការស្វះស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែនតាមគោល ការច្បាប់អន្តរជាតិ និងដោយសន្តិវិធី។
ក្នុងឱកាសសិរីសួស្តីជ័យមង្គលដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមជួយអភិបាលប្រោះព្រំ គ្រងរក្សា សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

