FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជួបសំណេះសំណាលជាមួយយោធិន និងយោធិនសោធននិវត្តន៍ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

13-04-2026 11:57

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងយោធនិវត្តន៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ និងជំនួយការ មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ និងជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ និងកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត ព្រមទាំងយោធនិវត្តន៍ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានកោតសរសើរ និងថ្លែងអំណរអរគុណដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ខិតខំបំពេញភារកិច្ច ក្នុងកិច្ចការការពារ សន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ពិសេសថ្នាក់ដឹកនាំ។

លើសពីនេះទៀត លោកឧត្តមសេនីយ៍ត្រី ក៏បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខ និងពាក្យជូនពររបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ រួមទាំងក្រុមគ្រួសារផងដែរ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឧបត្ថម្ភជូននាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងម្នាក់ៗ ទទួលបានទឹកបរិសុទ្ធ ចំនួន ១កេស ភេសជ្ជៈចំនួន០១កេស អាវរងារ ចំនួន០១ មី ចំនួន០១កេស ចេក ចំនួន០១ស្និត និងជូនដល់យោធនិវត្តន៍ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមាន (អង្ករចំនួន០២ការ៉ុង ភេសជ្ជៈចំនួន០១កេស ទឹកបរិសុទ្ធ ចំនួន០១កេស អាវរងារ ចំនួន០១ និងចេក ចំនួន០១ស្និត។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានជូនពរជ័យសិរីមង្គលដល់ យោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងយោធិនសោធននិវត្តន៍ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ សូមឱ្យទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕