FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកតាំងគោក ដឹកនាំប្រជាពលរដ្ឋ វេចនំអន្សម នំកន្តំ នំកោ ទុកជូនដល់វីរកងទ័ព នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

12-04-2026 13:23

(កំពង់ធំ)៖ ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា និងលើកទឹកចិត្តដល់កងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន រដ្ឋបាលស្រុកតាំងគោក សហការជាមួយចៅអធិការវត្តក្តីតាចិន ស្ថិតនៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំប្រជាពលរដ្ឋ វេចនំអន្សម នំកន្តំ នំកោ សរុបចំនួន ៩៥០នំ ដើម្បីយកទៅជូនដល់កងទ័ព ដែលកំពុងបំពេញភារកិច្ច ការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ថ្លែងនាឱកាសនោះលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានមានប្រសាសន៍ថា ការរៀបចំការវេចនំនេះឡើង គឺដើម្បីបង្ហាញនូវទឹកចិត្ត ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នាលើកទឹកចិត្តដល់បងប្អូនកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសថៃ ហើយក៏ដូចជាបញ្ជាក់ពីទឹកចិត្តរបស់ជនរួមជាតិ ខ្មែរជួយខ្មែរ ដែលជាការចូលរួមចំណែកលើកម្លាំងចិត្តក្នុងការការពារទឹកដី និងជាតិមាតុភូមិ។

អភិបាលស្រុកតាំងគោក ក៏បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋដែលបានចំណាយពេលវេលារួមគ្នាធ្វើនំអន្សម​ដើម្បីជូនដល់កងទ័ពដែលកំពុងបំពេញភារកិច្ច ឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ការពារបូរណភាពទឹកដី។

លោក ហាក់ ម៉ុងហួត ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋបន្តចូលរួមសកម្មភាព មនុស្សធម៌ ជួយដល់វីរកងទ័ពដែលកំពុង តែឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ឱ្យ កាន់ផុសផុល ដែលសកម្មភាពទាំងនេះ គឺជាការផ្ដល់នូវកម្លាំងចិត្តមួយធ្វើឱ្យកងទ័ពកាន់តែមានទឹកចិត្ត ដើម្បីការពារ បូរណភាពទឹកដី ជាតិ មាតុភូមិ៕