គំនិតផ្តួចផ្តើមរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន អភិវឌ្ឍន៍កោះស្រឡៅ ឱ្យក្លាយជា «កោះអព្យាក្រឹតកាបូន»
11-04-2026 14:24
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគំនិតផ្តួចផ្តើមគិតគូរអភិវឌ្ឍន៍កោះស្រឡៅ ឱ្យក្លាយជា «កោះអព្យាក្រឹតកាបូន» ឡើងនៅឆ្នាំ ២០២៤ ខណៈពេលដែលទទួលបានការដឹកនាំចង្អុលបង្ហាញពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រគល់ភារកិច្ចឱ្យដឹកនាំនិងរៀបចំព្រឹត្តការណ៍ «បុណ្យកោងកាងសន្តិភាព» នៅលើកោះស្រឡៅ ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។
ពេលនោះមានការចូលរួមពីអ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋ មានចំនួនច្រើនជាងចំនួនកូនកោងកាង ដែលត្រូវបានកំណត់សម្រាប់ការដាំស្តារព្រៃកោងកាងទៅទៀត។
លោករដ្ឋមន្រ្តី បានគិតគូរឱ្យមានរៀបចំកោះស្រឡៅ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ របស់ក្រសួងបរិស្ថាន ជាបន្តបន្ទាប់រហូតមក។
ទោះបីជាស្ថិតនៅឆ្ងាយលោកបណ្ឌិត អ៊ាង សុផល្លែត ប្តេជ្ញាចិត្តដាក់ចេញ ផែនការសកម្មភាពល្អិតល្អន់ជាដំណាក់ៗ ដើម្បីស្វែងរកមធ្យោបាយ ដើម្បីគាំទ្រដល់ប្រជាជនកោះស្រឡៅ ក្នុងខេត្តកោះកុង ឱ្យមានជីវភាពល្អប្រសើរ និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ថាកោះស្រឡៅ មានប្រជាពលរដ្ឋដែលជាអ្នកនេសាទរស់នៅជាង ៣២០គ្រួសារ។ ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជននៅទីនេះ គឺពឹងផ្អែកលើអនុផលនៃធនធានធម្មជាតិ។ ប៉ុន្តែប្រជាពលរដ្ឋបានប្រឈមនឹងបញ្ហាប្រចាំថ្ងៃ ដូចជាគ្មានទឹកស្អាត គ្មានការគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិកត្រឹមត្រូវ ការលើកកម្ពស់ការអប់រំបរិស្ថាន និងយល់ដឹងពីការការពារ និងអភិរក្សធនធានធម្មជាតិនៅមានកម្រិត។
លោករដ្ឋមន្រ្តី បានរំលឹកថាពីមុន កោះស្រឡៅត្រូវបានហ៊ុំព័ទ្ធ ដោយព្រៃកោងកាងក្រាស់ៗ។ សព្វថ្ងៃនេះ ការទន្រ្ទានកាប់ព្រៃឈើ បានគំរាមកំហែងធនធានធម្មជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែឯកឧត្តមបានកំណត់នៅក្នុងចក្ខុវិស័យ ត្រូវស្តារកោះស្រឡៅឱ្យមានគម្របបៃតងឡើងវិញ។
ជំហានដំបូង ចាប់ផ្តើមជាមួយនឹងការការពារដើមកោងកាងដែលមានស្រាប់ និងការពង្រីកការដាំដើមឈើឡើងវិញ ដើម្បីស្តារប្រព័ន្ធអេកូឡូស៊ី និងបង្កើនផលការនេសាទឡើងវិញ។ គម្រោងអភិវឌ្ឍន៍កោះស្រឡៅបន្តជាមួយនឹងការកែលម្អជីវិតប្រចាំថ្ងៃ ដោយការនាំយកប្រព័ន្ធអគ្គិសនី ដាក់តាមផ្ទះ ដើរដោយថាមពលព្រះអាទិត្យ ជូនទៅគ្រប់ក្រុមគ្រួសារប្រជាពលរដ្ឋ ការផ្តល់ធុងសំរាម ការធានាទឹកស្អាត និងការលើកកម្ពស់អនាម័យ ការទុកដាក់សំរាម សំណល់ប្លាស្ទិក សម្រាប់សុខភាពកាន់តែប្រសើរ។
ជាមួយគ្នានេះការអប់រំផ្សព្វផ្សាយចំណេះដឹងបរិស្ថាន និងការលើកកម្ពស់វប្បធម៌អភិរក្ស ធនធានធម្មជាតិ ក៏ជាចំណុចស្នូល នៃចក្ខុវិស័យនេះផងដែរ។ ការទទួលបានចំណេះដឹងបរិស្ថាន ជួយដល់យុវជនជំនាន់ក្រោយ អាចការពារទាំងបរិស្ថាន និងអត្តសញ្ញាណរបស់ពួកគេ ព្រោះពួកគេមានឥទ្ធិពលលើការផ្សព្វផ្សាយបន្តទៅគ្រួសារ និងសហគមន៍។
ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា មិនអាចសម្រេចបានតែម្នាក់ឯងបានទេ។ «ខ្ញុំអាចធ្វើបានតែប៉ុណ្ណឹងទេ» មានប្រសាសន៍បន្ថែម ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ប៉ុន្តែលោកបានសុទិដ្ឋិនិយមក្នុងស្វែងរកដៃគូសហការនានា ដើម្បីជួយគាំទ្រ ដូចជាកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ វិទ្យាស្ថានកំណើនបៃតងសកល និងអ្នកពាក់ព័ន្ធក្នុងវិស័យឯកជន ផងដែរ ដើម្បីចូលរួមក្នុងការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ ជាមួយគ្នា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ចក្ខុវិស័យនេះក្លាយជាការពិតនិងអាចធ្វើទៅបាន។
សហគមន៍កោះស្រឡៅ បានប្តេជ្ញាចិត្តនឹងចូលរួមក្នុងការការពារ និងពង្រីកគម្របបៃតង ដាំស្តារព្រៃកោងកាង ពង្រឹងការធ្វើនេសាទប្រកបដោយនិរន្តរភាព និងអភិវឌ្ឍគោលដៅទេសចរណ៍ធម្មជាតិ។ កោះស្រឡៅ នឹងត្រូវរៀបចំឱ្យទៅជា «កោះគំរូអព្យាក្រឹតកាបូន» ដំបូងបង្អស់នៅកម្ពុជា ដែលជាកន្លែងដែលថាមពលស្អាត មានបរិស្ថានស្អាត និងជីវភាពរស់នៅប្រកបដោយចីរភាព និងមានភាពសុខដុម។
លើសពីកោះស្រឡៅ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកំណត់ក្នុងចក្ខុវិស័យ ឈានទៅរៀបចំកោះផ្សេងៗទៀត នៅក្នុងតំបន់ការពារធម្មជាតិ ដែលមិនត្រឹមតែនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងអាចចែលរំលែកលើសពីនេះទៅទៀត ទៅក្នុងតំបន់ ដោយបង្ហាញពីរបៀប ដែលមានការចូលរួម ភាពជាដៃគូ ការរៀបចំសហគមន៍រស់នៅប្រកបនិរន្តរភាព បានផ្លាស់ប្តូរកន្លែងងាយរងគ្រោះ ទៅជាមានភាពធន់ និងអនាគតដ៏រឹងមាំ៕

























