FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិភាគអន្តរជាតិ៖ តើនរណាចុះចាញ់មុន? លោក ត្រាំ ចង់ចរចាបញ្ចប់សង្រ្គាម តែអ៉ីរ៉ង់មិនងាយចុះញ៉ម

07-04-2026 22:01

(PHILADELPHIA)៖ របបអ៉ីរ៉ង់សព្វថ្ងៃដែលមានជំហររឹងរូសត្រូវបានគេដឹងថាធ្លាប់បានធ្វើសម្បទានតែ២ដងគត់នៅក្នុងប្រវត្តិសាស្ត្រ៤៧ឆ្នាំមកនេះរបស់ខ្លួន រីឯលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមនុស្សម្នាក់ដែលគេពិបាកស្មានចិត្តបំផុត។ អំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោក ត្រាំ បាននិយាយថាប្រទេសអ៉ីរ៉ង់ទាំងមូលអាចនឹងត្រូវបាន កម្ទេចក្នុងពេលតែមួយយប់ប៉ុណ្ណោះ។

ជាសាធារណៈ អ៉ីរ៉ង់មិនបានបង្ហាញសញ្ញាចុះញ៉មនឹងការសម្លុតគំរាមរបស់លោក ត្រាំឡើយ ដោយបើទោះជាមានកិច្ចចរចាត្រូវបានសម្របសម្រួលដោយបណ្ដាប្រទេសមួយចំនួនក្នុងតំបន់ក៏ដោយ ក៏នៅខាងក្រោយឆាក អ៉ីរ៉ង់បានគំរាមថាខ្លួននឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងទឹកនៅតាមបណ្ដាប្រទេសអារ៉ាប់ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួនត្រូវបានវាយប្រហារ។ លក្ខខណ្ឌសំខាន់បំផុតរបស់លោក ត្រាំ សម្រាប់បទឈប់បាញ់រួមមាន៖ អ៉ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាត និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។

អ៉ីរ៉ង់បានច្រានចោលរួចទៅហើយនូវសំណើចុងក្រោយរបស់សហរដ្ឋអាមេរិកលើបទឈប់បាញ់រយៈពេល៤៥ថ្ងៃ ជាមួយការទទូចចង់បានការបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍ សំណងជួសជុលការខូចខាត ដោយសារតែសង្រ្គាមដែលអាមេរិក និងអ៉ីស្រាអែលបង្កឡើង ព្រមទាំងដកទណ្ឌកម្មអាមេរិកចេញពីអ៉ីរ៉ង់។ សំណើរបស់អ៉ីរ៉ង់មិនល្អគ្រប់គ្រាន់សម្រាប់លោក ត្រាំនោះទេ ហើយលោកបាននិយាយថា វាមានភាគរយខ្ពស់ណាស់ថាមិនអាចទៅរួចទេដែលលោកនឹងពន្យារពេលឱសានកម្ទេចរោងចក្រថាមពល និងស្ពានរបស់អ៉ីរ៉ង់ជាថ្មី។ នៅពេលត្រូវបានសាកសួរថាតើលោកកំពុងចាកចេញពីសង្រ្គាម ឬក៏ពង្រីកសង្រ្គាម លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ខ្ញុំមិនអាចប្រាប់អ្នកបានទេ... វាគឺអាស្រ័យលើអ្វីដែលអ៉ីរ៉ង់ធ្វើ»។

* លោក Netanyahu ជំទាស់នឹងកិច្ចព្រមព្រៀងបទឈប់បាញ់
ហេតុផលមួយដែលបទឈប់បាញ់ទំនងជាមិនអាចកើតឡើងទេ នោះគឺអ៉ីស្រាអែលដែលបានចូលរួមជាមួយសហរដ្ឋអាមេរិកធ្វើសង្រ្គាមប្រឆាំងអ៉ីរ៉ង់ បានប្រឆាំងជំទាស់នឹងកិច្ចព្រមព្រៀងឈប់បាញ់។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ត្រូវបានរាយការណ៍ថាបានព្រមានលោក ត្រាំ ប្រឆាំងនឹងការចុះកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៉ីរ៉ង់។ ដូច្នេះលុះត្រាតែលោក ត្រាំ សម្រេចចិត្តដើរចេញពីសង្រ្គាមដោយខ្លួនឯងជាមួយការប្រកាសពីជ័យជម្នះដោយឯកតោភាគី បើពុំនោះទេដំណាក់កាលដ៏បង្ហូរឈាមនៃសង្រ្គាមអាចនឹងកើតឡើង។ តាមលោក Karim Sadjadpour ជាអ្នកជំនាញអំពីអ៉ីរ៉ង់ម្នាក់មកពីស្ថាប័ន Carnegie Endowment for International Peace ប្រវត្តិសាស្ត្របានបង្ហាញថាអ៉ីរ៉ង់តែធ្វើរឿងដែលមានអំនួត។ លោកបានលើកឧទាហរណ៍រួមមាន ការចាប់ខ្លួនមន្ត្រីទូតអាមេរិកជាចំណាប់ខ្មាំងអស់រយៈពេល ៤៤៤ថ្ងៃកាលពីអតីតកាល ដើម្បីបំបាក់មុខសហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ និងការអូសបន្លាយសង្រ្គាមជាមួយអ៉ីរ៉ាក់ជាដើម»។ លោក បន្ថែមថាលោក ត្រាំចង់បានកិច្ចព្រមព្រៀងមួយយ៉ាងឆាប់រហ័ស តែរបបដឹកនាំអ៉ីរ៉ង់មិនអាចធ្វើតាមទេ ដោយផ្អែកលើមនោគមន៍វិជ្ជា និងហេតុផលជាក់ស្ដែង។

អ្នកជំនាញរូបនេះដដែលយល់ថាលោក ត្រាំ មិនបានយល់ស៊ីជម្រៅអំពីធម្មជាតិនៃរបបសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ឡើយ នោះគឺរបបមួយនេះសុខចិត្តដឹកនាំប្រទេសមួយដែលត្រូវបានបំផ្លាញ ប្រសើរជាង បោះបង់ចោលអំំណាច ឬធ្វើឱ្យមនោគមន៍វិជ្ជារបស់ពួកគេសាបរលាប។ លោក Sadjadpour ក៏បានកត់សម្គាល់ដែរថាក្នុងពេល៤៧ឆ្នាំមកនេះ របបដឹកនាំអ៉ីរ៉ង់បានធ្វើសម្បទានតែ២ដងគត់។ លើកទី១ គឺក្នុងឆ្នាំ១៩៨៨ នៅពេលអ៉ីរ៉ង់សម្រេចចិត្តបិទបញ្ចប់សង្រ្គាមចាយពេល៨ឆ្នាំជាមួយអ៉ីរ៉ាក់ដែលបានសម្លាប់ជនជាតិអ៉ីរ៉ង់ប្រហែល ២០០ ០០០នាក់។ នេះជាសម្បទានមួយដែលអតីតមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ruhollah Khomeini ចាត់ទុកថាប្រៀបដូចជាការផឹកថ្នាំពុល។ លើកទី២ គឺការចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរក្នុងឆ្នាំ២០១៥ ជាមួយរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក Obama។ ក្នុងករណីទាំង២នេះ កិច្ចព្រមព្រៀងអាចធ្វើទៅកើត នៅបន្ទាប់ពីអ៉ីរ៉ង់ប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ច និងត្រូវបានផ្ដល់ឱ្យនូវច្រកចេញតាមផ្លូវការទូតដោយមិនតម្រូវឱ្យអ៉ីរ៉ង់ បោះបង់ចោលអត្តសញ្ញាណបដិវត្តន៍របស់ខ្លួនឡើយ។ សម្រាប់លោក Sadjadpour លោក ត្រាំ បាននិងកំពុងដាក់សម្ពាធលើអ៉ីរ៉ង់ ដោយមិនមានច្រកចេញច្បាស់លាស់នោះទេ។

* សម្ពាធតែមួយមុខអាចបំបាក់ឱ្យអ៉ីរ៉ង់ចុះចាញ់ឬ?
លោក Dennis Citrinowicz ជាអ្នកវិភាគម្នាក់ស្ដីពីអ៉ីរ៉ង់មកពីស្ថាប័ន Atlantic Council ក្នុងទីក្រុងវ៉ាស៊ីនតោន និងវិទ្យាស្ថានសម្រាប់ការសិក្សាសន្តិសុខជាតិក្នុងទីក្រុង Tel Aviv បាននិយាយថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនឹងមិនអាចបង្ខំឱ្យអ៉ីរ៉ង់ចុះចាញ់បានទេ។ លោកបានគូសបញ្ជាក់ដូច្នេះថា «ការវាយប្រហារទាំងនោះនឹងជំរុញឱ្យអ៉ីរ៉ង់សងសឹក ពង្រឹងការប្ដេជ្ញាចិត្តរបស់របបដឹកនាំអ៉ីរ៉ង់ ហើយទំនងជានឹងបង្កើនជម្លោះនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ បានន័យថាការសន្មត់ថាសម្ពាធតែមួយមុខគត់អាចបង្ខំឱ្យអ៉ីរ៉ង់ចុះចាញ់ មិនមែនជាយុទ្ធសាស្ត្រទេ តែគឺជាការស្រមើស្រមៃ»។ តាមលោក Citrinowicz កិច្ចព្រមព្រៀងមួយអាចសម្រេចទៅបាន គឺតម្រូវឱ្យមានការទទួលយកលក្ខខណ្ឌមួយចំនួនរបស់អ៉ីរ៉ង់ បើពុំនោះទេគឺមានតែពង្រីកសង្រ្គាមបន្ថែម។

យល់ឃើញស្រដៀងគ្នានេះដែរ លោក Robert Pape ជាអ្នកវិទ្យាសាស្រ្តនយោបាយម្នាក់មកពី University of Chicago បានកត់សម្គាល់ថាការវាយប្រហារតាមផ្លូវអាកាសយ៉ាងសម្បើម គឺមានតែនឹង ពង្រីកសង្រ្គាមឱ្យកាន់តែធំប៉ុណ្ណោះ ហើយបង្កផលប៉ះពាល់ដល់ជនស៊ីវិល ព្រមទាំងពង្រីកការសងសឹករបស់អ៉ីរ៉ង់ប្រឆាំងនឹងបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រ និងធ្វើឱ្យគេទម្លាក់កំហុសបន្ថែមលើ សហរដ្ឋអាមេរិក។ ការណ៍នេះនឹងពង្រឹង មិនមែនធ្វើឱ្យជំហររបស់អ៉ីរ៉ង់ចុះខ្សោយនោះទេ។ ម្យ៉ាងបើតាមលោក Robert Pape ដូចកាលដែលសហរដ្ឋអាមេរិក និងអ៉ីស្រាអែលវាយប្រហារលើអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ការសងសឹករបស់អ៉ីរ៉ង់នឹងត្រូវបានគេមើលឃើញថាជាការឆ្លើយតប មិនមែនជាទង្វើឈ្លានពានឡើយ៕