គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ហ្គាន់ ដាវ នៅខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
07-04-2026 21:40
(ព្រះសីហនុ)៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថាដោយបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងឥតរាថយ តាមបទបញ្ជារាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. សហការជាមួយកម្លាំងមានសមត្ថកិច្ចខេត្តព្រះសីហនុ ជាអាទិ៍គណៈអភិបាលខេត្ត, កងកម្លាំងរាជអាវុធហត្ថ និងអយ្យការអមសាលាដំបូង បានបើកប្រតិបត្តិការចុះទៅបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅក្នុងកាស៊ីណូ ហ្គាន់ ដាវ (GANG DAO) ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រតិបត្តិការនេះធ្វើឡើងនារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ដោយបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ១០៨នាក់ ក្នុងនោះជនជាតិចិន ចំនួន ១០៥នាក់ និងជនជាតិមីយ៉ាន់ម៉ា ចំនួន ៣នាក់ ហើយបានដកហូតវត្ថុតាងនានាជាអាទិ៍៖ កុំព្យូទ័រចំនួនជិត ៥០០គ្រឿង និងទូរសព្ទដៃចំនួនជាង ១ពាន់គ្រឿង។
ផ្អែកតាមការស្រាវជ្រាវចេញពីប្រតិបត្តិការខាងលើស្របតាមនីតិវិធីជាធរមាន ក្រុមហ៊ុន ហ្គាន់ ដាវ អ៉ិនធើណេសិនណល អេនធើធេនម៉ិន ឯ.ក បានប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងនៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ ដូចនេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ លេខ៣២៥ គ.ល.ក ចុះថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៥ ដែលបានផ្តល់ជូនក្រុមហ៊ុន ហ្គាន់ ដាវ អ៉ិនធើណេសិនណល អេនធើធេនម៉ិន ឯ.ក ស្ថិត នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ៣០ គ.ល.ក.សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។
ស្របតាមយុទ្ធនាការ នៃការបោសសម្អាត និងការលុបបំបាត់ឱ្យបានទាំងស្រុងនូវការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា, គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ប្តេជ្ញាបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់បំផុតតាមបទបញ្ជារាជរដ្ឋាភិបាលលេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដោយបន្តសហការជាមួយលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងកងកម្លាំងមានសមត្ថកិច្ច ដើម្បីចុះប្រតិបត្តិការ ត្រួតពិនិត្យ និងឆែកឆេរដោយមិនមានករណីលើកលែងចំពោះទីតាំងក្រុមហ៊ុនកាស៊ីណូណាមួយ ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ និងជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ។








