FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សង្ក្រាន្តជំរុំភៀសសឹកនៅស្រុកវាលវែង បង្កើតស្នាមញញឹម និងក្តីសង្ឃឹមជូនពលរដ្ឋ ក្រោមដំបូលនៃសន្តិភាព

07-04-2026 20:48

(ពោធិ៍សាត់)៖ ក្នុងស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធី «សង្ក្រាន្តជំរុំភៀសសឹក និងអាហារសាមគ្គី» នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ដើម្បីនាំយកភាពរីករាយ និងផ្តល់ការលើកចិត្ត ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាន។

ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព លោក ហេង សុខណាង អគ្គនាយករងពន្ធដារ និងជាសមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក តំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសដ៏មានអត្ថន័យនោះ លោក ខូយ រីដា បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខលំបាកជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងជំរុំ។ លោកអភិបាលខេត្ត បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែនៅក្បែរ និងមិនបោះបង់បងប្អូនឡើយ ជាពិសេសក្នុងកាលៈទេសៈ ដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ជិតឈានចូលមកដល់នាពេលខាងមុខ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ស.ស.យ.ក ថ្នាក់ជាតិ ដឹកនាំដោយ លោក ហ៊ុន ម៉ានី ដែលបានរៀបចំកម្មវិធីនេះឡើង ដែលជាការបង្ហាញពីស្មារតីយុវជនម្នាក់ជួយយុវជន និងប្រជាជនម្នាក់ជួយប្រជាជនក្នុងគ្រាអាសន្ន។

លោកអភិបាលខេត្តបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ អំពីជំហររបស់រាជរដ្ឋាភិបាល ចំពោះបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ ដោយប្រកាន់យកយន្តការដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដីឱ្យបានជាដាច់ខាត។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ និងផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខ និងគ្រួសារពលរដ្ឋភៀសសឹកជាប់ជាប្រចាំ។

លោកបានលើកឡើងថា ទោះបីជាបណ្តាខេត្តជាប់ព្រំដែនត្រូវបានណែនាំមិនឱ្យរៀបចំកម្មវិធីអធិកអធមខ្លាំងក្លា ប៉ុន្តែរដ្ឋបាលខេត្ត និងវត្តអារាមនានា បានបង្កលក្ខណៈសប្បាយភាពសមរម្យជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ជាក់ស្តែងការរៀបចំសង្ក្រាន្តជំរុំភៀសសឹក ដើម្បីរក្សាប្រពៃណី និងលើកទឹកចិត្តដល់ពួកគាត់។

លោកអភិបាលខេត្ត បានពាំនាំនូវសារដាស់តឿនយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនដែលជាសសរទ្រូងជាតិថា៖ «សូមបងប្អូនកុំភ្លេចខ្លួន ត្រូវប្តេជ្ញាចិត្តរក្សាសាមគ្គីភាព ចាប់ដៃគ្នាឱ្យជាប់ និងរួមគ្នាក្នុងគ្រាលំបាក ដើម្បីតស៊ូអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានដ៏មានតម្លៃ។ យើងត្រូវរួមគ្នាពូនជ្រុំការពារបូរណភាពទឹកដី និងចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិយើង ឱ្យកាន់តែរីកចម្រើនរុងរឿងជានិរន្តរ៍»។

បងប្អូនប្រជាពលរដ្ឋក៏បានទស្សនាការសម្តែងរបាំត្រុដិ និងលេងល្បែងប្រជាប្រិយខ្មែរយ៉ាងច្រើន ហើយអ្វីដែលកាន់តែពិសេសនោះ គឺការទទួលទានអាហារសាមគ្គីដែលរៀបចំដោយ ស.ស.យ.ក ថ្នាក់កណ្តាល រួមជាមួយស្តង់ភេសជ្ជៈដែលផ្តល់ជូនដោយឥតគិតថ្លៃ ពីក្រុមហ៊ុន Vattanac ដែលបានញ៉ាំងឱ្យបរិយាកាសកាន់តែមានភាពស្និទ្ធស្នាល និងកក់ក្តៅ៕