FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Exclusive: តើពិភពលោកកំពុងឆ្លើយតបយ៉ាងដូចម្តេច ខណៈសង្គ្រាមអ៊ីរ៉ង់កាន់តែខិតមកជិតចំណុចផ្ទុះ? (Video inside)

07-04-2026 17:29

(ភ្នំពេញ)៖ ពិភពលោក អាចគ្រាន់តែសម្លឹងមើលនិងប្រើសំឡេងអំពាវនាវរកការបន្ធូរបន្ថយភាពតាន តឹងនៃការប្រឈមមុខគ្នារវាងសម្ព័ន្ធភាពអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់តែប៉ុណ្ណោះ ប៉ុន្តែមិនអាចលូកដៃចូលធ្វើអន្តរាគមន៍បានឡើយ។ ការដាក់ឱសានវាទរបស់សហរដ្ឋអាមេរិក ជាលើកទីបួន នឹងផុតកំណត់នៅម៉ោង៨ព្រឹក ថ្ងៃពុធម៉ោងនៅក្នុងប្រទេសកម្ពុជា។
Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ…

ខណៈពេលវេលាកំពុងធ្វើដំណើរទៅមុខអស់ជាលំដាប់នេះ សម្ពាធពិភពលោកកំពុងកើនឡើង និងហានិភ័យកំពុងខិតកាន់តែជិតមកដល់។ សង្គ្រាមអាមេរិក–អ៊ីរ៉ង់ មិនមែនជាបញ្ហារវាងប្រទេសពីរទៀតឡើយ ប៉ុន្តែកំពុងក្លាយជាវិបត្តិ ដែលពិភពលោកទាំងមូលកំពុងតាមដានដោយភ័យបារម្ភ។ សំណួរមិនមែនថាតើ «នរណានឹងឈ្នះ?» ទេ ប៉ុន្តែថា «បើសង្គ្រាមនេះផ្ទុះពេញទំហឹង នរណានឹងរងផលប៉ះពាល់មុនគេ?»

ប្រធានាធិបតីអាមេរិក ដែលបានកំណត់ឱសានវាទជាច្រើនលើក បានកំណត់ពេលចុងក្រោយជាលើកទីបួនរបស់ខ្លួននៅម៉ោង៨ព្រឹកថ្ងៃពុធ ម៉ោងនៅក្នុងប្រទេសកម្ពុជា។ ប្រតិកម្មពីប្រទេសធំៗ និងអង្គការអន្តរជាតិបង្ហាញច្បាស់ថា គ្មាននរណាចង់ឱ្យសង្គ្រាមនេះពង្រីកឡើយ ប៉ុន្តែគ្មាននរណាមានសមត្ថភាព ឬចិត្តចង់ចូលទៅទប់ស្កាត់ដោយផ្ទាល់ដែរ។ ពិភពលោកកំពុងស្ថិតនៅក្នុងស្ថានភាពចម្លែកមួយ៖ មនុស្សគ្រប់គ្នាមើលឃើញគ្រោះថ្នាក់ ប៉ុន្តែមិនមាននរណាចូលទៅបញ្ឈប់វាឡើយ។

* ចិន៖ អំណាចសេដ្ឋកិច្ចដែលស្ថិតនៅក្បែរបំផុត

ប្រទេសចិន កំពុងឈរនៅចំណុចប្រុងប្រយ័ត្នខ្ពស់បំផុតមួយ ខណៈភាពតានតឹងនៅមជ្ឈិមបូព៌ាកើនឡើងយ៉ាងលឿន។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង និងជំរុញឱ្យភាគីពាក់ព័ន្ធវិលត្រឡប់ទៅកាន់ផ្លូវចរចា បន្ទាប់ពីសហរដ្ឋអាមេរិកបន្តគំរាមវាយលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ីរ៉ង់ ដូចជា ស្ពាន រោងចក្រថាមពល និងប្រព័ន្ធសាធារណៈផ្សេងៗ។ ក្រុងប៉េកាំង ក៏បានបង្ហាញជំហរប្រឆាំងច្បាស់លាស់ចំពោះការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយលើកឡើងថា វាអាចនាំទៅកាន់ការពង្រីកសង្គ្រាម និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សន្តិសុខតំបន់ និងសេដ្ឋកិច្ចពិភពលោក។

លើសពីនេះ ចិនមានហេតុផលសេដ្ឋកិច្ចដ៏ច្បាស់លាស់ក្នុងការព្រួយបារម្ភនេះ ពីព្រោះប្រទេសពឹងផ្អែកយ៉ាងខ្លាំងលើប្រេងនាំចូលពីតំបន់មជ្ឈិមបូព៌ា ជាពិសេសតាមរយៈច្រកសមុទ្ទ Hormuz ដែលជាច្រកសំខាន់សម្រាប់ការដឹកជញ្ជូនប្រេងពិភពលោក។ ប្រសិនបើច្រកនេះត្រូវបានរំខាន ឬបិទ ទាំងផ្នែកផ្គត់ផ្គង់ថាមពល និងសេដ្ឋកិច្ចរបស់ចិននឹងរងផលប៉ះពាល់ភ្លាមៗ។ ដោយហេតុនេះ ចិនមិនមានចំណង់ចូលរួមសង្គ្រាមដោយផ្ទាល់ឡើយ ប៉ុន្តែកំពុងប្រើសមត្ថភាពនយោបាយ និងការទូតរបស់ខ្លួន ដើម្បីជំរុញឱ្យមានដំណោះស្រាយតាមផ្លូវសន្តិភាព ខណៈព្យាយាមការពារផលប្រយោជន៍សេដ្ឋកិច្ច និងស្ថិរភាពថាមពលរបស់ខ្លួន។

* រុស្ស៊ី៖ គាំទ្រអ៊ីរ៉ង់ ប៉ុន្តែគ្រប់គ្រងហានិភ័យយ៉ាងប្រុងប្រយ័ត្ន

ប្រទេសរុស្ស៊ី បានបង្ហាញជំហរគាំទ្រអ៊ីរ៉ង់យ៉ាងច្បាស់ក្នុងផ្នែកនយោបាយ ខណៈរិះគន់យ៉ាងខ្លាំងលើការគំរាម និងការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ ក្រុងមូស្គូ បានអំពាវនាវឱ្យមានការគោរពច្បាប់អន្តរជាតិ និងព្រមានថា ការវាយលើគោលដៅស៊ីវិលអាចបង្កការពង្រីកសង្គ្រាមដល់កម្រិតគ្រោះថ្នាក់។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីរាយការណ៍បង្ហាញថា រុស្ស៊ីក៏កំពុងប្រើវិធីសាស្ត្រប្រកបដោយការគិតគូរ ដោយមិនចង់ចូលរួមក្នុងសង្គ្រាមដោយផ្ទាល់។ មូលហេតុគឺ មូស្គូកំពុងជាប់ពាក់ព័ន្ធនឹងវិបត្តិភូមិសាស្ត្រនយោបាយផ្សេងទៀត និងមិនចង់បើកសមរភូមិថ្មី ដែលអាចបង្កការប៉ះទង្គិចជាមួយអាមេរិកដោយផ្ទាល់ឡោះយ។
ក្នុងន័យនេះ រុស្ស៊ីកំពុងលេងយុទ្ធសាស្ត្រពីរផ្លូវ៖ គាំទ្រអ៊ីរ៉ង់ដើម្បីបង្កើនសម្ពាធលើអាមេរិក ខណៈព្យាយាមគ្រប់គ្រងហានិភ័យ ដើម្បីកុំឱ្យសង្គ្រាមពង្រីកដល់កម្រិតដែលខ្លួនមិនអាចគ្រប់គ្រងបាន។

* អឺរ៉ុប៖ សំឡេងព្រមានខ្លាំងបំផុតពីវិបត្តិសេដ្ឋកិច្ច និងថាមពល

សហភាពអឺរ៉ុប និងប្រទេសអឺរ៉ុបជាច្រើន បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃភាពតានតឹង។ អឺរ៉ុបបានអំពាវនាវឱ្យបញ្ឈប់ការវាយប្រហារ និងជំរុញឱ្យមានដំណោះស្រាយតាមផ្លូវការទូត ដោយព្រមានថា ការវាយលើហេដ្ឋារចនាសម្ព័ន្ធថាមពលអាចនាំទៅកាន់វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ អឺរ៉ុបកំពុងភ័យខ្លាចបីចំណុចសំខាន់គឺ ការឡើងថ្លៃប្រេង អតិផរណាខ្ពស់ និងការរំខានដល់ការផ្គត់ផ្គង់ថាមពល។ ក្នុងបរិបទដែលសេដ្ឋកិច្ចអឺរ៉ុបនៅតែមានភាពងាយរងគ្រោះ ការរំខាននៅតំបន់មជ្ឈិមបូព៌ា អាចបង្កឱ្យមានវិបត្តិថាមពលថ្មីមួយ។ ដោយហេតុនេះអឺរ៉ុប គឺជាក្រុមដែលមិនត្រឹមតែអំពាវនាវសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាក្រុមដែលមានអត្ថប្រយោជន៍ផ្ទាល់ក្នុងការទប់ស្កាត់សង្គ្រាម មិនឱ្យពង្រីកឡើងកាន់តែធំ។

* ប្រទេសអារ៉ាប់ក្នុងឈូងសមុទ្រស្ងៀម ប៉ុន្តែស្ថិតនៅជិតគ្រោះថ្នាក់បំផុត

ប្រទេសនៅតំបន់ឈូងសមុទ្រអារ៉ាប់ ដូចជាអារ៉ាប់អេមីរ៉ាត United Arab Emirates, អារ៉ាប់ សាអ៊ូឌី Saudi Arabia និងប្រទេសកាតា Qatar កំពុងឈរនៅក្នុងស្ថានភាពពិបាកបំផុតមួយ។ ទោះបីជាពួកគេ មិនចង់ឱ្យអ៊ីរ៉ង់មានឥទ្ធិពលក៏ដោយ ក៏ពួកគេមិនចង់ឱ្យសង្គ្រាមពង្រីកដែរ ព្រោះប្រទេសទាំងនេះ ស្ថិតនៅជិតសមរភូមិជាងគេ។ ហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសទាំងនេះ អាចក្លាយជាគោលដៅងាយរងគ្រោះប្រសិនបើសង្គ្រាមពង្រីក។ លើសពីនេះ ការរំខានទៅលើច្រក Hormuz នឹងប៉ះពាល់ដោយផ្ទាល់ទៅលើការនាំចេញប្រេង និងសេដ្ឋកិច្ចរបស់ពួកគេផងដែរ។ ដោយហេតុនេះ ប្រទេសអារ៉ាប់បានជ្រើសរើសយុទ្ធសាស្ត្រស្ងៀម ប៉ុន្តែប្រុងប្រយ័ត្ន ដោយគាំទ្រការចរចា និងការបន្ធូរបន្ថយភាពតានតឹង ខណៈជៀសវាងការចូលរួមដោយផ្ទាល់ក្នុងជម្លោះ។

* អង្គការអន្តរជាតិ៖ សំឡេងព្រមានខ្លាំង ប៉ុន្តែអំណាចកំណត់

អង្គការអន្តរជាតិដូចជាអង្គការសហប្រជាជាតិ United Nations, គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ International Committee of the Red Cross និងអង្គការថាមពលអាតូមិក អន្តរជាតិ International Atomic Energy Agency បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃភាពតានតឹងក្នុងសង្គ្រាមអាមេរិក–អ៊ីរ៉ង់។ សារសំខាន់ ដែលអង្គការទាំងនេះបញ្ជូនទៅកាន់ភាគីពាក់ព័ន្ធគឺបានបញ្ជាក់យ៉ាងច្បាស់លាស់៖ កុំវាយលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល កុំអនុញ្ញាតឱ្យសង្គ្រាមពង្រីកទៅជាវិបត្តិធំ និងត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យនុយក្លេអ៊ែរ។

អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យភាគីទាំងអស់អនុវត្តភាពអត់ធ្មត់ និងត្រឡប់ទៅរកការចរចា ដើម្បីទប់ស្កាត់ការកើនឡើងនៃសង្គ្រាម។ ខណៈដែលគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានរំលឹកថា ការវាយប្រហារលើស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គឺផ្ទុយនឹងច្បាប់មនុស្សធម៌អន្តរជាតិ និងមិនគួរត្រូវបានក្លាយជាប្រពៃណីថ្មីនៃសង្គ្រាមឡើយ។ នៅផ្នែកសុវត្ថិភាពនុយក្លេអ៊ែរ, អង្គការថាមពលអាតូមិក អន្តរជាតិ បានព្រមានថា ការប្រយុទ្ធនៅជិតទីតាំងនុយក្លេអ៊ែរ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សជាតិ ដែលអាចលាតសន្ធឹងលើសព្រំដែនរបស់អ៊ីរ៉ង់។

ទោះបីជាសំឡេងព្រមានទាំងនេះមានទម្ងន់ខ្លាំងផ្នែកច្បាប់ និងមនុស្សធម៌ក៏ដោយ ក៏អង្គការអន្តរជាតិទាំងនេះ មានដែនកំណត់យ៉ាងច្បាស់លាស់ក្នុងការអនុវត្តតាមលទ្ធភាពរបស់ខ្លួន។ ពួកគេអាចត្រឹមតែអំពាវនាវបញ្ចេញសេចក្តីថ្លែងការណ៍ និងបង្កើនសម្ពាធអន្តរជាតិ ប៉ុន្តែមិនមានសមត្ថភាពបង្ខំឱ្យភាគីទាំងអស់បញ្ឈប់សង្គ្រាមបានដោយផ្ទាល់ឡើយ។
ដូច្នេះ ក្នុងវិបត្តិនេះ អង្គការអន្តរជាតិបានក្លាយជា «សំឡេងនៃស្មារតី និងច្បាប់» ប៉ុន្តែមិនមែនជា «អំណាចក្នុងការបញ្ឈប់សង្គ្រាម» ទេ។

* ពិភពលោកកំពុងបង់ថ្លៃសង្គ្រាម មុនពេលសង្គ្រាមផ្ទុះពេញទំហឹង

ខណៈសង្គ្រាមអាមេរិក–អ៊ីរ៉ង់ មិនទាន់ឈានដល់ដំណាក់កាលវាយធំទូលាយក៏ដោយ ផលប៉ះពាល់សេដ្ឋកិច្ច បានចាប់ផ្តើមលាតសន្ធឹងទៅលើពិភពលោករួចទៅហើយ។ ទីផ្សារប្រេងបានឆ្លើយតបភ្លាមៗចំពោះភាពតានតឹងដែលកើនឡើង ដោយតម្លៃប្រេងឡើងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈអ្នកវិនិយោគ និងប្រទេសនាំចូលថាមពលកំពុងបារម្ភពីហានិភ័យផ្គត់ផ្គង់។ បន្ថែមពីនេះ ទីផ្សារហិរញ្ញវត្ថុសកលកំពុងបង្ហាញសញ្ញាភ័យខ្លាច ដោយការវិនិយោគមានភាពប្រុងប្រយ័ត្នកាន់តែខ្លាំង ហើយសេដ្ឋកិច្ចពិភពលោកកំពុងរងសម្ពាធពីភាពមិនប្រាកដនិយមនៃស្ថានការណ៍។ ការកើនឡើងនៃតម្លៃថាមពល អាចនាំទៅកាន់អតិផរណាឡើងវិញ បង្កបញ្ហាថ្លៃដើមផលិត និងប៉ះពាល់ដល់ការរីកចម្រើនសេដ្ឋកិច្ចជាច្រើនប្រទេស។

មូលហេតុសំខាន់បំផុតនៃភាពតានតឹងនេះ គឺហានិភ័យលើ Strait of Hormuz ដែលជាច្រកដឹកជញ្ជូនប្រេងសំខាន់បំផុតមួយរបស់ពិភពលោក។ ការគំរាមបិទ ឬរំខានដល់ច្រកនេះ មិនត្រឹមតែប៉ះពាល់ដល់តំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ, វាអាចបង្កការខ្វះខាតថាមពលនៅលើទីផ្សារអន្តរជាតិទាំងមូល។ ដូច្នេះ ស្ថានការណ៍បច្ចុប្បន្នបានបង្ហាញយ៉ាងច្បាស់ថា សង្គ្រាមនេះ មិនចាំបាច់ត្រូវរង់ចាំឱ្យផ្ទុះពេញទំហឹងសិន ទើបបង្កផលប៉ះពាល់ទេ។ ពិតប្រាកដហើយ ពិភពលោកបានចាប់ផ្តើម «បង់ថ្លៃសង្គ្រាម» រួចទៅហើយ តាមរយៈតម្លៃប្រេងដែលឡើងខ្ពស់ និងសម្ពាធសេដ្ឋកិច្ចដែលកំពុងកើនឡើងជាបន្តបន្ទាប់។

* សង្គ្រាមដែលពិភពលោកមិនអាចគេចផុត

សង្គ្រាមអាមេរិក–អ៊ីរ៉ង់ កំពុងបង្ហាញភាពច្បាស់មួយ ទោះបីជាមិនទាន់មានការវាយធំទូលាយក៏ដោយ ក៏ផលប៉ះពាល់បានឆ្លងកាត់ព្រំដែនរួចទៅហើយ។ ពិភពលោក មិនចាំបាច់រង់ចាំឱ្យគ្រាប់បែកធ្លាក់មក ទើបមានវិបត្តិទេ ព្រោះវិបត្តិនោះបានចាប់ផ្តើមរួចហើយនៅក្នុងទីផ្សារប្រេង សេដ្ឋកិច្ច និងស្ថិរភាពអន្តរជាតិ។ ការកើនឡើងនៃតម្លៃប្រេង ការភ័យខ្លាចក្នុងទីផ្សារ និងសម្ពាធលើសេដ្ឋកិច្ចពិភពលោក បង្ហាញថា សង្គ្រាមនេះមិនមែនជាបញ្ហាតំបន់ទេ ប៉ុន្តែជាបញ្ហាដែលប៉ះពាល់ដល់គ្រប់ប្រទេស ទោះបីជាមិនចូលរួមក្នុងសង្គ្រាមក៏ដោយ។

នៅក្នុងបរិបទនេះ សំណួរមិនមែនថា «តើសង្គ្រាមនឹងផ្ទុះឬទេ?» ទេ ប៉ុន្តែគឺថា «តើពិភពលោកអាចទប់ស្កាត់ ការពង្រីកនៃផលប៉ះពាល់បានដល់កម្រិតណា?»។ ពីព្រោះរាល់ការគំរាម រាល់ការវាយតូចៗ និងរាល់ភាពមិនប្រាកដនិយម កំពុងបន្ថែមសម្ពាធទៅលើប្រព័ន្ធសេដ្ឋកិច្ចពិភពលោកយ៉ាងជាបន្តបន្ទាប់។នៅចុងក្រោយនេះ មានការពិតមួយដែលគេមិនអាចបដិសេធបាននោះគឺ ទោះសង្គ្រាមមិនទាន់ផ្ទុះពេញទំហឹងមែន ប៉ុន្តែពិភពលោកបានចូលទៅក្នុងសង្គ្រាមរួចហើយ តាមរយៈថ្លៃដែលខ្លួនកំពុងបង់ជារៀងរាល់ថ្ងៃនេះ៕