សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «ការប្រើផលិតផលក្នុងស្រុក ជំនួសផលិតផលនាំចូលពីបរទេស មិនត្រឹមតែគាំទ្រអ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញនូវមោទនភាពជាតិ និងការយល់ដឹងអំពីតម្លៃផលិតផល កើតចេញពីកម្លាំង និងចំណេះដឹងរបស់ខ្មែរ» (Video inside)
06-04-2026 08:04
(ភ្នំពេញ)៖ តាមរយៈសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។
សម្តេចបានសង្កេតឃើញថា បច្ចុប្បន្ននេះនិន្នាការគាំទ្រផលិតផលខ្មែរបានកើនឡើង ហើយថា ការប្រើផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីបរទេស មិនត្រឹមតែគាំទ្រអ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញនូវមោទនភាពជាតិ និងការយល់ដឹងអំពីតម្លៃផលិតផលកើតចេញពីកម្លាំង និងចំណេះដឹងរបស់ខ្មែរ។
តាមរយៈសារលិខិតសម្តេចបានបញ្ជាក់ដូច្នេះថា «បច្ចុប្បន្ន យើងឃើញថា ផលិតផលក្នុងស្រុកបាន និងកំពុងក្លាយជាផលិតផល ដែលមានសក្តានុពលខ្ពស់ ក្នុងការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងទីផ្សារទូទាំងប្រទេស និងបានជំរុញឱ្យប្រជាពលរដ្ឋប្តូរឥរិយាបថ និងបង្កើនទំនុកចិត្តលើផលិតផលខ្មែរកាន់តែខ្លាំងឡើងជាបន្តបន្ទាប់។ ការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីបរទេស មិនត្រឹមតែជាការគាំទ្រដល់អ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវមោទនភាពជាតិ និងការយល់ដឹងអំពីតម្លៃនៃផលិតផលដែលកើតចេញ ពីកម្លាំង និងចំណេះដឹងរបស់ខ្មែរ ព្រមទាំងជំរុញឱ្យមានភាពរីកចម្រើន»។
សម្តេចបន្ថែមថា ក្នុងរយៈពេលជិតមួយឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលក្នុងនោះមានបញ្ហាវិបត្តិសេដ្ឋកិច្ចសកលផង និងរួមទាំងបញ្ហាព្រឹត្តិការណ៍ជម្លោះព្រំដែនខ្មែរ-ថៃផងដែរ ដែលការណ៍នេះ បានបង្កឱ្យមានការព្រួយបារម្ភ និងកាន់តែប្រុងប្រយ័ត្នខ្ពស់។ បរិការណ៍នេះ បង្ហាញឱ្យយើងឃើញកាន់តែច្បាស់អំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពតំបន់ ដែលជាមូលដ្ឋានដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
ជាមួយគ្នានេះ សម្តេចបានសង្កេតឃើញអំពីការប្រកាន់យកនូវមនសិការជាតិនិយមដ៏ឧត្តុង្គឧត្តមរបស់បងប្អូនជនរួមឈាមខ្មែរទាំងអស់ ដោយបានសម្តែងឱ្យឃើញនូវសាមគ្គីភាពជាតិមួយរឹងមាំដូចដែកថែប រវាងប្រជាជន និងប្រជាជន ប្រជាជន និងរាជរដ្ឋាភិបាល ប្រជាជននិងកងទ័ព និងលើសពីនេះការលើកកម្ពស់ផលិតផលខ្មែរ បានក្លាយជាការងារដែលកាន់តែមានន័យជាងមុន ព្រោះវាជាការបង្ហាញពីសមត្ថភាព ក្នុងការបង្កើតតម្លៃសេដ្ឋកិច្ចដោយខ្លួនឯង និងការការពារអធិបតេយ្យភាពសេដ្ឋកិច្ច ក្នុងពេលមានភាពមិនច្បាស់លាស់នៅក្នុងតំបន់។
ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន កម្ពុជាកំពុងត្រូវការយុទ្ធសាស្ត្រ ដែលអាចលើកកម្ពស់សមត្ថភាពផលិតក្នុងស្រុក បង្កើតការងារ និងបង្កើនតម្លៃបន្ថែមនៅតំបន់ជនបទ។ ក្នុងចំណោមគោលនយោបាយជាតិជាច្រើន ដែលបានដាក់ចេញក្នុងរយៈពេលចុងក្រោយ គោលនយោបាយ «ភូមិមួយផលិតផលមួយ» នៅតែត្រូវបានចាត់ទុកថាជា ដៃឃ្នាស់ដ៏សំខាន់មួយសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកសាងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស ដោយប្រកាន់យកស្មារតី «សហគមន៍ជាមូលដ្ឋាននៃការអភិវឌ្ឍ» និងរដ្ឋធ្វើតួនាទីជាអ្នកគាំទ្រ បណ្តុះបណ្តាល និងបង្កើតបរិយាកាសសមស្រប សម្រាប់ទីផ្សារធ្វើជាមូលដ្ឋាន។
តាមរយៈការដាក់ចេញនូវគោលនយោបាយនេះ យើងឃើញថា ចលនាភូមិមួយផលិតផលមួយ បានរួមចំណែកយ៉ាងសកម្មក្នុងការជួយលើកកម្ពស់ផលិតផលជនបទឱ្យក្លាយជាផលិតផលពាណិជ្ជកម្ម ជួយបង្កើតការងារ និងចំណូលសម្រាប់គ្រួសារ ជួយអភិរក្សវប្បធម៌ សិប្បកម្មបុរាណ ជួយបង្កើតអត្តសញ្ញាណផលិតផលតាមតំបន់ និងជួយជំរុញឱ្យសហគមន៍មានសមត្ថភាព គ្រប់គ្រងអាជីវកម្ម និងបង្កើនភាពច្នៃប្រឌិតដោយខ្លួនឯង។
ជាក់ស្តែង ផលិតផលក្នុងស្រុកជាច្រើន ត្រូវបានបង្កើតឡើងតាមរយៈការផលិត និងកែច្នៃវត្ថុធាតុដើម ដែលមានស្រាប់នៅតាមមូលដ្ឋាន ឱ្យក្លាយជាគ្រឿងឧបភោគបរិភោគ វត្ថុប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទ។ ផលិតផលទាំងនេះពោរពេញដោយគំនិតច្នៃប្រឌិត ការរក្សាទុកប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ជាតិខ្មែរ ហើយបង្ហាញយ៉ាងច្បាស់អំពីអត្តសញ្ញាណជាតិ និងតម្លៃវប្បធម៌របស់យើងជាមួយនឹងគុណភាពល្អ តម្លៃសមរម្យ និងបរិមាណគ្រប់គ្រាន់តាមតម្រូវការទីផ្សារ។
សម្តេចបន្ថែមថា ក្នុងគោលបំណងជួយលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ និងផុលផុស រៀបចំទិវាជាតិ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា ជារៀងរាល់ឆ្នាំ ដែលក្នុងឆ្នាំ២០២៦ នេះ គឺជាទិវាជាតិលើក កម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៩ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន»។
សម្តេចក៏បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ និងគណៈកម្មាធិការ ជំរុញចលនាភូមិមួយផលិតផលមួយ រាជធានីខេត្ត ដែលបានសហការគ្នាយ៉ាងល្អក្នុងការលើកកម្ពស់ផលិតផលខ្មែរ។ ការខិតខំរួមគ្នានេះ បានធ្វើឱ្យយើងជោគជ័យក្នុងការកាត់បន្ថយឧបសគ្គ និងដោះស្រាយបាននូវបញ្ហា ប្រឈមសំខាន់ៗជាច្រើន ដែលជាមូលដ្ឋានសម្រាប់ការរីកចម្រើនរបស់ ចលនាភូមិមួយផលិតផលមួយ នៅ ទូទាំងប្រទេស៕




