FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់៖ យុវជនជំនាន់ក្រោយ ត្រូវសិក្សារៀនសូត្រពីគំរូវីរភាព និងបទពិសោធន៍អ្នកជំនាន់មុន

05-04-2026 20:03

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (សយមក) បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា រាជធានីភ្នំពេញ ចំនួន៦៥១នាក់ នៅមណ្ឌលម៉ូឌែន៥ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្នុងឱកាសមានមតិសំណេះសំណាល ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងថា ជំនួបសំណេះសំណាលជាមួយយុវជន សមយក រាជធានីភ្នំពេញ មកពីបណ្តាសាកលវិទ្យាល័យ វិទ្យាស្ថានចំនួន២០នាពេលនេះ មិនត្រឹមតែជាការផ្សាភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំ និងយុវជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការដាស់តឿនស្មារតីយុវជនឲ្យកាន់តែសកម្ម ក្នុងការងារសង្គម និងការយល់ដឹងពីតម្លៃ នៃសុខសន្តិភាព ដែលជាកត្តាចម្បងនាំឲ្យមានការអភិវឌ្ឍដូចបច្ចុប្បន្ន។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានផ្ដល់អនុសាសន៍ថា ចំណេះដឹងដែលទទួលបានពីសាលាតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់ឡើយ គឺយុវជនជំនាន់ក្រោយ ត្រូវសិក្សារៀនសូត្រពីគំរូវីរភាព និងបទពិសោធន៍ជាក់ស្តែងអ្នកជំនាន់មុន ដោយយកចំណុចវិជ្ជមានមកធ្វើជាមូលដ្ឋានគ្រឹះ ក្នុងអភិវឌ្ឍសមត្ថភាព ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ជាតិមាតុភូមិ។ ទេសរដ្ឋមន្ត្រី បានបន្តថា យុវជនត្រូវតែចេះពិនិត្យមើលការវិវត្តនៃសង្គមរវាងសម័យកាលមុន និងសម័យកាលបច្ចុប្បន្ន ដើម្បីបត់បែនតាមការវិវត្តនៃបច្ចេកវិទ្យា និងសង្គម។

ទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់យុវជនទាំងអស់ថា «យុវជនត្រូវមានផែនការជីវិតច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ និងត្រូវធ្វើសកម្មភាពណាដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍ ក៏ដូចជាប្រទេសជាតិទាំងមូល ជាពិសេសគឺត្រូវរួមគ្នាថែរក្សាសមិទ្ធផលនានាដែលអ្នកជំនាន់មុនបានកសាងទុកមក»

លោកបានបន្ថែមថា យុវជនត្រូវចងចាំថា យុវជនជំនាន់ក្រោយ នឹងរុញយុវជនជំនាន់មុនទៅមុខ ហើយយុវជនជំនាន់ក្រោយត្រូវឈរឲ្យបានខ្ពស់ និងឲ្យជាប់ដើម្បីថែរក្សាសមិទ្ធផលទាំងឡាយ ដែលកើតមានឡើង បើទោះបីជាយុវជនជំនាន់មុនមិនមានសញ្ញាបត្រ និងមិនចេះភាសាបរទេស កម្រិតចំណេះដឹងទន់ខ្សោយក៏ដោយ ប៉ុន្តែពួកគាត់មានមហាឆន្ទៈដ៏មោះមុត ហើយយុវជនជំនាន់ក្រោយត្រូវចេះសាមគ្គីភាពគ្នា។

ក្នុងឱកាសឡើងថ្លែងរបាយការណ៍ស្វាគមន៍ លោក រ៉ូហ្វី អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (សមយក) រាជធានីភ្នំពេញ បានលើកឡើងថា វត្តមានរបស់លោកបណ្ឌិតទេសរដ្ឋមន្ត្រី នៅថ្ងៃនេះ មិនត្រឹមតែជាការផ្តល់កម្លាំងចិត្តដល់យុវជនប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាព នៃការយកចិត្តទុកដាក់ឥតឈប់ឈរ ក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស និងការកសាងសហគមន៍ឲ្យកាន់តែមានភាពរឹងមាំ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបានបន្តថា សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជារាជធានីភ្នំពេញ គឺជាសេនាធិការចំណុះឱ្យសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាថ្នាក់កណ្តាល ក្នុងបេសកកម្មរបស់ខ្លួន សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជារាជធានីភ្នំពេញ បានចូលរួមក្នុងការងារជាច្រើន ដើម្បីជួយដល់សង្គម ក្នុងនោះមានកិច្ចការមនុស្សធម៌ ការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍សមត្ថភាព ការកសាងភាពជាអ្នកដឹកនាំ និងបំណិតជីវិត បរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ការលើកកម្ពស់វិស័យកីឡា ការអប់រំសុខភាព ការអប់រំសីលធម៌ និងការចាប់យកបច្ចេកវិទ្យាឌីជីថល ជាពិសេសបញ្ញាសិប្បនិម្មិត (AI)។

សូមជម្រាបថា សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជារាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ គិតមកដល់ពេលនេះមានសមាជិក១៥៦៨នាក់ និងបានបញ្ចូលជាសមាជិក សហភាពសហព័ន្ធយុវជន (UYFC) ផងដែរ៕