FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បន្តចុះបាញ់ថ្នាំមូសក្នុងមូលដ្ឋានខណ្ឌទាំង១៤ និងតាមសហគមន៌នានា ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម

05-04-2026 19:59

(ភ្នំពេញ)៖ យុទ្ធនាការបាញ់សម្លាប់មូសខ្លា ក្នុងមូលដ្ឋានខណ្ឌទាំង១៤ និងតាមសហគមន៍នានា ទូទាំងរាជធានីភ្នំពេញក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយក្រុមការងារកងកម្លាំងកងពលតូចលេខ៧០(ង៧០) និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរខណ្ឌទាំង១៤។

បើតាមលោកវិជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អនុវត្តតាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលមានការយកចិត្តទុកដាក់ និងគិតគូរបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ នាថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២៦នេះ យុទ្ធនាការបាញ់សម្លាប់មូសខ្លា ក្នុងមូលដ្ឋាននៅរាជធានីភ្នំពេញ ដោយក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ ក្រុមការងារកងពលតូច លេខ៧០ «ង៧០» បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសទាំងថ្ងៃ ទាំងយប់ នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ សង្កាត់ទាំង១០៥និងតាមសហគមន៍នានាទូទាំងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កន្លងមក អភិបាលរាជធានីភ្នំពេញ បានណែនាំដល់ក្រុមការងារបាញ់ថ្នាំសម្លាប់មូសឱ្យយកចិត្តទុកដាក់ បាញ់តាមលំនៅដ្ឋានប្រជាពលរដ្ឋ ពិសេសនៅតាមប្រឡាយ លូ បានកើតមូសយ៉ាងច្រើន បង្កអោយមានហានិភ័យចំពោះសុខមាលភាពប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែង និងអរគុណចំពោះលោកអភិបាលរាជធានីភ្នំពេញ ដែលបានចាត់ចែងក្រុមគ្រូពេទ្យនៃកងកម្លាំងអង្គភាព៧១១ កងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានី ឱ្យចុះបាញ់ថ្នាំមូសក្នុងភូមិឋានរបស់ពួកគាត់ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ដែលនេះបង្ហាញឱ្យឃើញពីកាគិតគូរពីសុខមាលភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋ។

លោក ងី មានហេង ក៏បានអំពាវនាវប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា។ ទឹកដក់ថ្លាជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា)។

លោកប្រធានមន្ទីរ បញ្ជាក់ទៀតថា មូសខ្លាជាភ្នាក់ងារចំលងជំងឺគ្រុនឈាម។ ការទុកដាក់សំបកកង់ឡាន ម៉ូតូហាលភ្លៀងនៅក្នុងសហគមន៍ ជាការបង្កើតជម្រកមូសខ្លា ក្រោយពេលភ្លៀងធ្លាក់។ មូសខ្លាមិនពងដាក់ក្នុងទឹកស្អុយ លូ និងទឹកល្អក់ទេ។ មូសខ្លាពងដាក់ក្នុងទឹកដក់ថ្លា គ្មានក្លិនស្អុយ ទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកដក់នៅក្នុងចានស្នោ និងកែវជ័រ ដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង៕