FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ ទឹកប្រាក់ដែលបាត់បង់លើឧក្រិដ្ឋកម្មអនឡាញ មានជាង ៤៤២ពាន់លានដុល្លារអាមេរិកនៅលើពិភពលោក ក្នុងឆ្នាំ២០២៥ (Video inside)

03-04-2026 11:54

(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងរយៈពេលមួយឆ្នាំ ក្នុងឆ្នាំ២០២៥កន្លងទៅនេះ ចំនួនទឹកប្រាក់ដែលបានបាត់បង់ដោយសារប្រព័ន្ធបច្ចេកវិទ្យា និងការបន្លំផ្នែកហិរញ្ញវត្ថុនៅទូទាំងពិភពលោក ត្រូវបានប៉ាន់ស្មានថាមានចំនួនប្រហែល ៤៤២ពាន់លានដុល្លារអាមេរិក។

លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦នេះ នាឱកាសដែលលោក និងលោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) រៀបចំសន្និសីទសារព័ត៌មានរួមគ្នា ពាក់ព័ន្ធនឹង «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅទីស្តីការក្រសួងយុត្តិធម៌។

លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងបញ្ជាក់ថា «ផ្អែកតាមរបាយការណ៍កាលពីខែមីនា ឆ្នាំ២០២៦ របស់ INTERPOL ស្តីពីការវាយតម្លៃការគំរាមកំហែងនៃការឆបោកហិរញ្ញវត្ថុសកល និងរបាយការណ៍របស់ Global Anti Scam Alliance ស្តីពីស្ថានភាពសកលនៃការឆបោកឆ្នាំ២០២៥ បានបញ្ជាក់ថា នៅក្នុងរយៈពេលមួយឆ្នាំ ក្នុងឆ្នាំ២០២៥កន្លងទៅ ចំនួនទឹកប្រាក់ដែលបានបាត់បង់ដោយសារប្រព័ន្ធបច្ចេកវិទ្យា និងការបន្លំផ្នែកហិរញ្ញវត្ថុ នៅទូទាំងពិភពលោក ត្រូវបានប៉ាន់ស្មានថាមានចំនួនប្រហែល ៤៤២ពាន់លានដុល្លារ អាមេរិក»។

លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានគូសបញ្ជាក់ដែរថា កន្លងមកបទល្មើសដែលជាឧក្រិដ្ឋកម្មដែលជាក្តីកង្វល់របស់ពិភពលោក ទាក់ទងនឹងបទល្មើសគ្រឿងញៀន ឈរលំដាប់ទី១​ និងបន្ទាប់មកទៀតគឺបទល្មើសជួញដូរមនុស្ស និងការជួញដូរអាវុធខុសច្បាប់ ដែលជាឧក្រិដ្ឋកម្មដែលពិភពលោកចាប់អារម្មណ៍ និងជាបញ្ហាប្រឈមមួយដែលត្រូវដោះស្រាយ។

លោកឧបនាយករដ្ឋមន្រ្តី បញ្ជាក់ដែរថា ដើម្បីប្រឆាំងឧក្រិដ្ឋកម្មនេះ អង្គការសហប្រជាជាតិ (UN) បានបង្កើតអនុសញ្ញាស្តីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដោយមានការចាត់តាំង និងបានបង្កើត UNODC ដោយសារទំហំទឹកប្រាក់ចេញពីការជួញដូរគ្រឿងញៀននេះត្រូវបានគេវាយតម្លៃជារួមក្នុងរយៈពេលចុងក្រោយនេះ ត្រូវបានគេវាយតម្លៃមានចន្លោះពី ៣០០ពាន់លាន ទៅ ៥០០ពាន់លានដុល្លារក្នុងមួយឆ្នាំ, បន្ទាប់មកទៀតគឺការជួញដូរមនុស្សដែលទំហំទឹកប្រាក់ដែលបានបាត់បង់ដោយសារឧក្រិដ្ឋកម្មជួញដូរមនុស្សមានប្រមាណជាង ៣៤០ពាន់លានដុល្លារ។

លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានបញ្ជាក់ដែរថា ជាក់ស្តែងមកដល់ពេលនេះគ្រាន់តែបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងឆ្នាំ២០២៥កន្លងទៅនេះ មានទំហំទឹកប្រាក់ដែលត្រូវបានគេវាយតម្លៃនោះ មានប្រមាណ ៤៤២ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២៤ មានចំនួនទឹកប្រាក់ដែលត្រូវបានគេវាយតម្លៃថាបានបាត់បង់មានចំនួនធំជាងឆ្នាំ២០២៥នេះទៅទៀត ហើយដែលបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ បានក្លាយជាក្តីកង្វល់មួយថ្មីរបស់ពិភពលោក រួមទាំងកម្ពុជាផងដែរ៕