ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ៖ អនឡាញស្កេម ប៉ះពាល់ធ្ងន់ដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា, អំពាវនាវពលរដ្ឋសហការទប់ស្កាត់ (Video inside)
03-04-2026 11:51
(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា បញ្ហាអនឡាញស្កេម កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ វិស័យសេដ្ឋកិច្ច និងមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ។ ក្នុងនោះ ករណីឃាតកម្មនៅខេត្តកំពត លើជនជាតិកូរ៉េ ជាឧទាហរណ៍ដែលធ្វើឲ្យជនបរទេស ជាពិសេសភ្ញៀវទេសចរកូរ៉េ មានការភ័យខ្លាចក្នុងការធ្វើដំណើរមកកម្ពុជា។
ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែលឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ និង ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ រៀបចំសន្និសីទសារព័ត៌មានរួមគ្នា ពាក់ព័ន្ធនឹង «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅទីស្តីការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។
ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ថ្លែងយ៉ាងដូច្នេះថា «សម្រាប់កម្ពុជាយើងវិញ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនក្នុងតំបន់ ដែលរងគ្រោះដោយសារឧក្រិដ្ឋជនប្រើប្រាស់ សម្រាប់ប្រព្រឹត្តឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យា ឧក្រិដ្ឋកម្មនេះបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជា ទាំងផ្នែកសន្តិសុខ និងសណ្ដាប់ធ្នាប់សារធារណៈ ទាំងវិស័យទេសចរណ៍ ការវិនិយោគ និងវិស័យសេដ្ឋកិច្ចព្រមទាំងលើកេរ្តិ៍ឈ្មោះ កិត្តិយស សេចក្ដីថ្លៃថ្នូរ មុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិ»។
ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានវាយតម្លៃថា អនឡាញស្កេម គឺជាគ្រោះថ្នាក់ធំសម្រាប់ប្រទេសកម្ពុជា។ លោកបានបញ្ជាក់ពីគ្រោះថ្នាក់សំខាន់ៗរួមមាន៖ គ្រោះថ្នាក់លើសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ និងការរីករាលដាលប៉ះពាល់ដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច។ លោកបានលើកឧទាហរណ៍ករណីកន្លងមក ដែលមានព័ត៌មានផ្សាយអំពីនិស្សិតកូរ៉េម្នាក់ ត្រូវបានសម្លាប់ដោយក្រុមស្កេមនៅខេត្តកំពត ដែលបណ្ដាលឲ្យចំនួនភ្ញៀវទេសចរកូរ៉េធ្លាក់ចុះភ្លាមៗ។
ក្នុងន័យនេះ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការទប់ស្កាត់ និងបង្រ្កាបអនឡាញស្កេម តាំងពីនីតិកាលទី៦ នៃរដ្ឋសភា រហូតដល់នីតិកាលទី៧ នៃរដ្ឋសភា នាពេលបច្ចុប្បន្ន ហើយការអនុវត្តមិនមែនទើបតែចាប់ផ្តើមនោះទេ។ លោកបានសង្កត់ធ្ងន់ថា ការប្រឆាំងនឹងការឆបោកតាមបច្ចេកវិទ្យា គឺជាអាទិភាពសំខាន់ ដែលត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស សហការជាមួយសមត្ថកិច្ច ដោយផ្តល់ព័ត៌មាននៅពេលមានការសង្ស័យអំពី សកម្មភាពអនឡាញស្កេម ដើម្បីរួមចំណែករក្សាកេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់ជាតិ៕







