FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងពិព័រណ៍អន្តរជាតិ ស្ដីពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ នៅទីក្រុងហូជីមិញ

02-04-2026 10:18

(ហូជីមិញ)៖ ដោយទទួលបានអនុញ្ញាតពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា, លោក ឡេង សុខគា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បានដឹកនាំគណៈប្រតិភូចំនួន ៣៦រូប ដោយមានការចូលរួមពី ឧកញ៉ា ហេង សំណាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ-ព្រះវិហារ តំណាងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាងសភាពាណិជ្ជកម្មខេត្តកំពង់ចាម តំណាងសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងតំណាងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ចូលរួមក្នុងពិព័រណ៍អន្តរជាតិ ស្ដីពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ (PROPAK VIETNAM 2026) នាមជ្ឈមណ្ឌលពិព័រណ៍មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតសៃហ្គន ក្នុងទីក្រុងហូជីមិញ។

ពិព័រណ៍អន្តរជាតិស្ដីពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ (PROPAK VIETNAM 2026) មានការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យានានា មកពីជុំវិញពិភពលោកជាង ៣២ប្រទេស និងបានដាក់តាំងបង្ហាញបច្ចេកវិទ្យា ឧបករណ៍ និងដំណោះស្រាយជាច្រើនប្រភេទ ទាំងការកែច្នៃ ការផលិត និងការវេចខ្ចប់ លើទីលានប្រហែល ១៣ ០០០ ម៉ែត្រការ៉េ។ ជាមួយគ្នានេះប្រតិភូសភាពាណិជ្ជកម្មកម្ពុជាក៏បាន ជួបពិភាក្សាការងារ ជាមួយនាយកគ្រប់គ្រងទូទៅប្រចាំប្រទេស នៃក្រុមហ៊ុន Informa Markets Vietnam ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ប្រចាំនៅទីក្រុងហូជីមិញ និងបានចុះហត្ថលេខាលើលិខិតរួមគ្នា ដែលបង្ហាញពីគោលបំណងក្នុងការសហការរវាងស្ថាប័នទាំងពីរ (Letter of Intent)។ លិខិតរួមគ្នានេះ ជាការបង្ហាញចេតនា ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការដ៏មានប្រយោជន៍ រវាងសហគមន៍ធុរកិច្ចនៃខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ និងព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ស្របតាមផលប្រយោជន៍ទៅវិញទៅមក ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគ។

តាមរយៈលិខិតនេះ ភាគីទាំងពីរ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីអភិវឌ្ឍ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងធុរកិច្ចទ្វេភាគីរវាងខេត្តកំពង់ស្ពឺ មណ្ឌលខេត្តកំពង់ធំ និងព្រះវិហារ និងទីក្រុងហូជីមិញ តាមរយៈកិច្ចសហប្រតិបត្តិការ ដូចជា សម្រួលដល់ការតភ្ជាប់កាន់តែប្រសើរឡើង រវាងសមាជិកនៃស្ថាប័នទាំងពីរ ដើម្បីលើកទឹកចិត្តដល់ការបណ្តាក់ទុនរួមគ្នា ភាពជាដៃគូ និងឱកាសពាណិជ្ជកម្ម។ ការផ្លាស់ប្តូរព័ត៌មានមិនសម្ងាត់ និងមិនមែនជាកម្មសិទ្ធិទាក់ទងនឹងនិន្នាការទីផ្សារ ឱកាសវិនិយោគ និងបទប្បញ្ញត្តិពាណិជ្ជកម្មនៅក្នុងតំបន់ទាំងពីរ។

ជាមួយគ្នានេះ ភាគីទាំងពីរ សន្យាគាំទ្រគ្នាទៅវិញទៅមកក្នុងការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ការតាំងពិព័រណ៍ វេទិកាពាណិជ្ជកម្ម និងការផ្គូរផ្គងពាណិជ្ជកម្ម (B2B), សហការគ្នាដើម្បីបង្ហាញពីសក្តានុពលវិនិយោគនៃតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ និងមជ្ឈមណ្ឌលឧស្សាហកម្មទីក្រុងហូជីមិញ ដើម្បីទាក់ទាញការវិនិយោគឆ្លងដែនទៅវិញទៅមក។

ក្រៅពីនេះ ប្រតិភូសភាពាណិជ្ជកម្មកម្ពុជាក៏បានចុះទៅទស្សនកិច្ចរោងចក្រចំនួន ០២ នៅខេត្តឡុងអាន ប្រទេសវៀតណាម ដែលរោងចក្រទាំងពីរនោះផ្ដោតលើការវេចខ្ចប់ និងកែច្នៃអាហារកំប៉ុង នំ និងផ្លែឈើ ជាពិសេសផ្លែស្វាយ។

ឆ្លៀតក្នុងឱកាសនេះក៏សូមថ្លែងអំណរគុណដល់ លោកស្រីវរសេនីយ៍ត្រី ឡាង ច័ន្ទដាវី នាយរងប៉ុស្ដិ៍ និងកងកម្លាំងប៉ុស្ដិ៍នគរបាលច្រកទ្វារអន្ដរជាតិបាវិត ដែលបានជួយសម្របសម្រួល ដល់ការធ្វើដំណើរទស្សនកិច្ច របស់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ឱ្យប្រព្រឹត្តទៅដោយរលូន។

គួររំលឹកផងដែរថា សភាពាណិជ្ជកម្មកម្ពុជា ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន បានធ្វើការយ៉ាងសកម្មជាមួយដៃគូ និងអង្គភាពអន្ដរជាតិនានា ដើម្បីពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ កន្លងទៅនេះ សភាពាណិជ្ជកម្មកម្ពុជា តែងតែរៀបចំកម្មវិធីទស្សនកិច្ចពាណិជ្ជកម្ម ព្រមទាំងបានរៀបចំកម្មវិធីជំនួបអាជីវកម្ម (B2B) និងចាប់ដៃគូវិនិយោគទៅកាន់ប្រទេសនានាក្នុងតំបន់ និងអន្តរជាតិ៕