FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីសុខាភិបាល៖ កម្ពុជាកំពុងធ្វើការងារយ៉ាងសកម្ម រួមទាំងលេីឆាកអន្តរជាតិ ក្នុងការលើកកម្ពស់ក្របខណ្ឌសុខភាពតែមួយ

01-04-2026 22:26

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រួមជាមួយលោក Olivier RICHARD, ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

ព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជានាពេលនេះ (One Health For Cambodia) ជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (ONE HEALTH SUMMIT) នៅទីក្រុងលីយ៉ុង នៃសាធារណរដ្ឋបារាំង ដែលនឹងត្រូវរៀបចំពីថ្ងៃទី៥ ដល់ ថ្ងៃទី៧ ខែមេសា ២០២៦ ក្នុងពេលខាងមុខនេះ។

លោកសាស្ត្រាចារ្យ ឈាង រ៉ា បានគូសបញ្ជាក់ថា «ចំពោះប្រធានបទ សុខភាពតែមួយ (One Health) «កម្ពុជាជាដៃគូដ៏សកម្មមួយលេីឆាកអន្តរជាតិ (Cambodia is an active global partner)» ក្នុងនោះ «ការបង្ការ គឺជាគន្លឹះសំខាន់បំផុតសម្រាប់បញ្ហានេះ (Prevention is our strongest strategy)» ទន្ទឹមនឹង«កិច្ចសហការពហុវិស័យ គឺជាដំណោះស្រាយដ៏ល្អដេីម្បីទទួលបានជោគជ័យ (Multisectoral collaboration is the solution)»។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានថ្លែងបន្តថា កម្ពុជាកំពុងធ្វើការងារយ៉ាងសកម្ម ក្នុងការលើកកម្ពស់ក្របខណ្ឌសុខភាពតែមួយ ដើម្បីពង្រឹងសមត្ថភាពសម្រាប់បង្ការ ការស្រាវជ្រាវ និងការឆ្លើយតបទៅនឹងការគំរាមកំហែងដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ រួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការ ការការពារ ការរីករាលដាល ជំងឺរាតត្បាតជាសកលក្នុងតំបន់ និងក្នុងពិភពលោកផងដែរ។

លើសពីនោះក្រសួងសុខាភិបាល បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធ ដើម្បីជំរុញសកម្មភាពរួមក្នុងការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ដោយបានបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ដើម្បីទប់ស្កាត់នឹងភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ជាពិសេសក្នុងផ្នែកពាក់ព័ន្ធ សុខភាពមនុស្ស និងសុខភាពសត្វ រួមមាន៖ ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពាក់ព័ន្ធជាមួយប្រសិទ្ធភាព ការត្រួតពិនិត្យ ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅក្នុងវិស័យសុខាភិបាល និងវិស័យកសិកម្ម និងលើកកម្ពស់ការប្រើប្រាស់ឱសថប្រឆាំងមេរោគដោយមានការទទួលខុសត្រូវក្នុងការទប់ស្កាត់ហានិភ័យនានា។

ក្នុងនោះការការពារ និងត្រួតពិនិត្យ ជំងឺឆ្លងពីសត្វទៅសត្វ និងសត្វមកមនុស្ស គឺជាសកម្មភាពដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្រ សុខភាពតែមួយ ហើយជំងឺស៊ូណូស ដែលកើតមានញឹកញាប់ក្នុងនោះរួមមាន៖ ជំងឺផ្តាសាយបក្សី (Avian influenza) ជំងឺNipah ជំងឺកូវីដ-១៩ ជំងឺរលាកស្រោមខួរក្បាល JE (Japanese Encephalitis) និងជំងឺឆ្កែឆ្កួត (Rabies) ដែលត្រូវបានផ្ដោតការយកចិត្តទុកដាក់ នៅក្នុងប្រព័ន្ធតាមដានជំងឺរបស់ក្រសួងទាំង៣ ក្នុងយន្តការ របស់គណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC-OH)។

ជាមួយគ្នានេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនដល់ អង្គពិធីទាំងមូល ដូចជាគម្រោងអភិវឌ្ឍកម្មវិធី ក្នុងក្របខណ្ឌសុខភាពតែមួយដោយត្រូវ៖

១៖ ពង្រឹងការសម្របសម្រួលពហុវិស័យ តាមរយៈយន្តការគាំទ្រ ការចែករំលែកព័ត៌មានយ៉ាងទៀងទាត់ ការធ្វើផែនការរួមគ្នា និងការឆ្លើយតបរួមចំពោះការផ្ទុះជំងឺឆ្លង។

២៖ ពង្រឹងប្រព័ន្ធអង្កេតតាមដាន និងការប្រកាសអាសន្ន គួរតែត្រូវបានពង្រីក តាមរយៈការពង្រឹងមន្ទីរពិសោធន៍ ធ្វើឱ្យប្រសើរឡើងប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងពង្រឹងសមត្ថភាពធនធានមនុស្ស។

៣៖ កម្មវិធីសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាល គួរតែត្រូវបានពង្រីក ដើម្បីបំពាក់នូវជំនាញផ្នែកអេពីដេមីសាស្ត្រ ប្រព័ន្ធព័ត៌មានសុខាភិបាល និងសុខភាពបរិស្ថាន។

៤៖ រៀបចំយន្តការធ្វើឱ្យមាននិរន្តភាពហិរញ្ញវត្ថុ គួរតែត្រូវបានគាំទ្រការអនុវត្តក្នុងរយៈពេលយូរអង្វែង នៃសន្តិសុខសុខភាព និងកាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅប្រទេស។

៥៖ ពង្រឹងកិច្ចសហការថ្នាក់តំបន់ តាមរយៈក្របខណ្ឌអាស៊ាន ក្របខណ្ឌតំបន់ និងក្របខណ្ឌអន្តរជាតិនានា ដើម្បីបង្កើនការអង្កេតតាមដានជំងឺឆ្លង រួមទាំងជំងឺនាំចូលពីក្រៅប្រទេស ការគ្រប់គ្រងការបំពុលនានា បន្តការចែករំលែកព័ត៌មាន និងការត្រៀមលក្ខណៈសម្របសម្រួល និងឆ្លើយតបទៅនឹងការផ្ទុះជំងឺ៕