FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវជនបទ ចំនួន ៥ខ្សែ នៅក្នុងខេត្តកំពង់ចាម និងក្នុងខេត្តក្រចេះ

01-04-2026 18:53

(កំពង់ចាម-ក្រចេះ)៖ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមន្ដ្រីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញទៅពិនិត្យគុណភាពផ្លូវជនបទចំនួន ៥ខ្សែ ក្នុងនោះ នៅក្នុងខេត្តកំពង់ចាម ចំនួន ២ខ្សែ និងនៅក្នុងខេត្តក្រចេះ ចំនួន ៣ខ្សែ ដូចខាងក្រោម៖

ខ្សែទី១៖ ឈ្មោះផ្លូវ ទួលប្រាក់-សូភាស ជាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) មានប្រវែង ៩,៨៨២គ.ម. ទទឹង ៥ម៉ែត្រ តភ្ជាប់ពីភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ទៅកាន់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ២ ១៦៦គ្រួសារ ស្មើនឹង ៨ ៤៧៦នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៥ ៤៦៩គ្រួសារ ស្មើនឹង ១៦ ៥៦៣នាក់។ ផ្លូវនេះត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) ក្រោមហិរញ្ញប្បទានពីធនាគារអភិឌ្ឍន៍អាស៊ី (ADB)។

ខ្សែទី២៖ ឈ្មោះផ្លូវ ប៉ប្រក-ទ័ព ជាផ្លូវក្រាលបេតុ និងក្រាលកៅស៊ូពីរជាន់(DBST) មានប្រវែងសរុប ៥,៤៧គ.ម. មានទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់ ទៅកាន់ភូមិទ័ព ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៥៤៣គ្រួសារ ស្មើនឹង ២ ៤២៩នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៣៤៩៤គ្រួសារ ស្មើនឹង ១២ ៦១៣នាក់។ ផ្លូវនេះត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ កំពង់អនុវត្តន៍ក្នុងឆ្នាំ២០២៦ គិតមកដល់បច្ចុប្បន្នសម្រេចវឌ្ឍនភាព ៥៥% ក្នុងក្របខ័ណ្ឌគម្រោង ពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP) ហិរញ្ញប្បទានពីធនាគារពិភពលោក( WB)។

ខ្សែទី៣៖ ឈ្មោះផ្លូវ ព្រែកប្រសព្វលើ-កំពែង ជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ១៤,២០ គ.ម. ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិព្រែកប្រសព្វលើ ទៅកាន់ភូមិកំពែង ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៣ ១៤៥គ្រួសារ ស្មើនឹង ១៦ ៩៨៣នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ១ ៤៥៤គ្រួសារ ស្មើនឹង ៧ ៨៥១នាក់។ ផ្លូវនេះត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ដោយសម្រេចបាន ៩៨,៨៦% ហើយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។

ខ្សែទី៤៖ ឈ្មោះផ្លូវ ថ្មរាប-ទួលខ្នុរ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៤,៧០គ.ម. ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិថ្មរាប ឃុំព្រែកប្រសព្វ ទៅកាន់ភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ២១២គ្រួសារ ស្មើនឹង ១ ១៤៤នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ១៣២គ្រួសារ ស្មើនឹង ៧១២នាក់។ ផ្លូវនេះត្រូវបានចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ២០២៤ ដោយក្រសួងអភិវឌ្ឍន៍ជនបទ បច្ចុប្បន្នសម្រេចបាន ៨៧%។

ខ្សែទី៥៖ ឈ្មោះផ្លូវ ចង្រ្កង់-ថ្មគ្រែ ជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ១១,១០គ.ម. ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិចង្ក្រង់ ឃុំចង្រ្កង់ ទៅកាន់ភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ២ ១១០គ្រួសារ ស្មើនឹង ១១ ៩៣៤នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៤២០គ្រួសារ ស្មើនឹង ២ ២៦៨នាក់។ ផ្លូវនេះត្រូវបានចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ២០២៤ ដោយក្រសួងអភិវឌ្ឍន៍ជនបទ បច្ចុប្បន្នសម្រេចបាន ៩៦,៧៣% ។
ផ្លូវទាំង ៣ខ្សែនៅក្នុងខេត្តក្រចេះនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ពផ្លូវថ្នល់ (RCIP) ហិរញ្ញប្បទានពី ធនាគារពិភពលោក (WB)។

ក្នុងឱកាសពិនិត្យគុណភាពផ្លូវខាងលើ លោករដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ អនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងពន្លឿនការងារសាងសង់ឱ្យលឿន ស្របតាមកិច្ចសន្យាការងារ ដើម្បីបានបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយូរអង្វែង៕