FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត ខែក វីរៈ៖ ការដឹកប្រេងរបស់រុស្ស៊ីទៅគុយបា និងការវាយប្រហារលើ E-3 Sentry របស់អាមេរិក ជាភស្តុតាងនៃការវិលត្រលប់នៃតុល្យភាពអំណាច និងយុទ្ធសាស្ត្រទប់ស្កាត់ក្នុងភូមិសាស្ត្រនយោបាយសម័យថ្មី

01-04-2026 17:46

(ភ្នំពេញ)៖ លោកបណ្ឌិត ខែក វីរៈ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានបង្ហាញការស្រាវជ្រាវមួយមកកាន់បណ្ដាញព័ត៌មាន Fresh News ជុំវិញការកត់សម្គាល់លើការដឹកប្រេងរបស់រុស្ស៊ីទៅគុយបា និងការវាយប្រហារលើ E-3 Sentry របស់អាមេរិក គឺជាភស្តុតាងនៃការវិលត្រលប់នៃតុល្យភាពអំណាច និងយុទ្ធសាស្ត្រទប់ស្កាត់ក្នុងភូមិសាស្ត្រនយោបាយសម័យថ្មី។

បើតាមការបញ្ជាក់របស់លោកបណ្ឌិត គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ជារយៈពេលមួយខែពេញ ដែលប្រតិបត្តិការយោធារបស់អាមេរិកនិងអ៊ីស្រាអែល វាយប្រហារមកលើប្រទេសអ៊ីរ៉ង់។ ជាប្រតិបត្តិការដែលរង្គើរសេដ្ឋកិច្ច និងថាមពលពេញពិភពលោក ហើយជាសកម្មភាពប្រយុទ្ធដែលពិបាកនឹងរកច្រកចេញ រីឯសញ្ញាណនៃភាពធូស្រាលហាក់ស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយនោះ។ គេសង្កេតឃើញព្រឹត្តិការណ៍ពីរថ្មីៗ បានបង្ហាញយ៉ាងច្បាស់ពីការវិលត្រលប់មកវិញនៃនយោបាយតុល្យភាពអំណាច។

- ព្រឹត្តិការណ៍ទីមួយ គឺនាវាដឹកប្រេងរុស្ស៊ីឈ្មោះអាណាតូលី កូឡូដគីន (Anatoly Kolodkin) ដែលផ្ទុកប្រេងអ៊ុយរ៉ាល់ (Urals) ប្រមាណ ៦៥០,០០០ ទៅ ៧៣០,០០០បារែល បានចូលតំបន់សេដ្ឋកិច្ចពិសេសរបស់គុយបា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ដោយមានគោលដៅទៅកាន់កំពង់ផែម៉ាតង់ហ្សាស (Matanzas)។

- ព្រឹត្តិការណ៍ទីពីរ គឺការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពអាកាសព្រះអង្គម្ចាស់ស៊ុលតង់ (Prince Sultan Air Base) នៅអារ៉ាប៊ីសាអូឌីត ដែលបានបង្កការបំផ្លាញនិងខូចខាតយ៉ាងធ្ងន់ធ្ងរលើយន្តហោះយុទ្ធសាស្ត្រ E-3 Sentry AWACS របស់សហរដ្ឋអាមេរិក ព្រមទាំងបានបង្ករបួសដល់ទាហានអាមេរិកជាច្រើននាក់។

ជាការពិតណាស់ បើទោះជាកើតឡើងនៅតំបន់ខុសគ្នាមែនពិត ប៉ុន្តែព្រឹត្តិការណ៍ទាំងពីរនេះបានបង្កប់អត្ថន័យរួមមួយនោះ គឺបង្ហាញថា រដ្ឋដែលប្រឆាំង ឬ ប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក កំពុងប្រើទាំងសេដ្ឋកិច្ច ថាមពល និងសមត្ថភាពយោធា ជាឧបករណ៍យុទ្ធសាស្ត្រ ដើម្បីបង្កើតថ្លៃដើមយុទ្ធសាស្ត្រ និងស្តារតុល្យភាពអំណាចឡើងវិញ។ យើងអាចវិភាគនិងមើលលើទិដ្ឋភាពចំនួន២គឺ តាមទិដ្ឋភាពទ្រឹស្តីនិងទិដ្ឋភាពភូមិសាស្ត្រនយោបាយ។

១. វិភាគតាមទិដ្ឋភាពទ្រឹស្តី
មានជ្រុងទ្រឹស្តីជាច្រើនដែលយើងអាចយកមកវិភាគនិងឆ្លុះបញ្ចាំងនូវព្រឹត្តិការណ៍ទាំងពីនេះដូចខាងក្រោម៖

ទី១. តាមទ្រឹស្តីតុល្យភាពអំណាច (Balance of Power) មានន័យថា រដ្ឋមួយ ឬ ក្រុមរដ្ឋមួយព្យាយាមការពារខ្លួនពីការគ្របដណ្ដប់នូងឥទ្ធិពលរបស់រដ្ឋដទៃ ដោយបង្កើនអំណាចរបស់ខ្លួន ឬភ្ជាប់អំណាចរបស់ខ្លួនជាមួយភាគីផ្សេងដើម្បីទប់ទល់រដ្ឋគូភាគីដែលខ្លាំងជាងខ្លួន។ ក្នុងន័យនេះ រុស្ស៊ីហាក់កំពុងបង្ហាញថា ខ្លួននៅតែមានសមត្ថភាពប្រើប្រាស់ «ថាមពល» ជាឧបករណ៍ភូមិសាស្ត្រនយោបាយ ទោះស្ថិតក្រោមទណ្ឌកម្មខាងលិចក៏ដោយ។ ចំណែកអ៊ីរ៉ង់ឯណោះវិញ កំពុងបង្ហាញថា ខ្លួនអាចវាយតបលើទ្រព្យសម្បត្តិយោធា ដែលមានតម្លៃខ្ពស់របស់អាមេរិកនៅមជ្ឈិមបូព៌ាបាន បើទោះបីខ្លួនកំពុងរងការវាយសង្គ្រប់ដោយមីស៊ីល និងយន្តហោះចម្បាំងរបស់អាមេរិកនិងអ៊ីស្រាអែល អស់ពេលពេញមួយខែស្លាប់ទាំងមេដឹកនាំកំពូលៗក្តី។
ដូច្នេះព្រឹត្តិការណ៍ទាំងពីរនេះអាចបកស្រាយបានថា ជាទម្រង់នៃការធ្វើតុល្យភាព (balancing) ទាំងផ្នែកសេដ្ឋកិច្ច និងយោធា ដើម្បីមិនឱ្យអាមេរិករក្សាភាពលេចធ្លោដោយគ្មានការតបតវិញឡើយ។

ជាមួយគ្នានេះ ករណីរុស្ស៊ីដឹកប្រេងទៅគុយបា ក៏មានអត្ថន័យជ្រាលជ្រៅខ្លាំង ពោលគឺលើសពីសកម្មភាពពាណិជ្ជកម្មថាមពលធម្មតា។ បើយោងតាម Reuters និង AP រាយការណ៍ថា ការដឹកប្រេងលើកនេះអាចជាការនាំចូលប្រេងលើកដំបូងរបស់គុយបា ក្នុងរយៈពេលជាងពីរខែ ខណៈដែលប្រទេសនេះកំពុងប្រឈមនឹងវិបត្តិឥន្ធនៈ ការដាច់ភ្លើងធ្ងន់ធ្ងរ និងការខ្វះខាតក្នុងសេវាសាធារណៈមូលដ្ឋាន។ ចំពោះគុយបា នាវាដឹកប្រេងចូលនេះប្រៀបបាននឹងភ្លៀងធ្លាក់មួយមេយ៉ាងធំក្នុងគ្រោះរាំងស្ងួត ប៉ុន្តែក្នុងន័យភូមិសាស្ត្រនយោបាយវិញ មានន័យជ្រៅខ្លាំងណាស់ នេះមានន័យថា រុស្ស៊ីកំពុងបំពេញ «ចន្លោះសម្ពាធ» ដែលបង្កឡើងដោយគោលនយោបាយរឹតត្បិតរបស់អាមេរិកចំពោះគុយបា។

ទោះបីជាគេអាចពណ៌នាស្ថានភាពនេះថា វាជា «សម្ពាធឥន្ធនៈ» ឬ «blockade» ក៏ដោយ ប៉ុន្តែការពិតនាពេលនេះគឺគេមើលឃើញថា រដ្ឋបាលលោកប្រធានាធិបតីត្រាំ Trump ហាក់បានបង្ហាញភាពទន់ភ្លន់ជាងមុន ដោយលោក Trump បាននិយាយថាលោក «គ្មានបញ្ហា» ប្រសិនបើប្រទេសផ្សេងៗ រួមទាំងរុស្ស៊ី បញ្ជូនប្រេងទៅជួយប្រជាជនគុយបា។

ទី២. ជាមួយគ្នានេះ បើយើងមើលតាមក្របខណ្ឌនៃទ្រឹស្តី Soft balancing ការដឹកប្រេងនេះមិនមែនជាការប្រឈមមុខយោធាដោយផ្ទាល់ទេ ប៉ុន្តែជាការប្រើធនធានសេដ្ឋកិច្ច និងថាមពល ដើម្បីកាត់បន្ថយប្រសិទ្ធភាពនៃសម្ពាធរបស់អាមេរិក។ ពិតណាស់ ករណីរុស្ស៊ីដឹកប្រេងទៅគុយបា មិនមែនជាសកម្មភាពពាណិជ្ជកម្មធម្មតាទេ ប៉ុន្តែជាការប្រើប្រាស់ Soft balancing ដើម្បីបន្ថយសម្ពាធអាមេរិក។ យោងតាម Reuters និង AP រាយការណ៍ថា ការណ៍នេះអាចជាការនាំចូលប្រេងលើកដំបូងក្នុងរយៈពេលជាងពីរខែ ស្របពេលដែលគុយបាកំពុងប្រឈមវិបត្តិថាមពលធ្ងន់ធ្ងរ។

នៅទីនេះរុស្ស៊ី មិនចាំបាច់បញ្ជូនទ័ព ឬបង្កើតសម្ព័ន្ធយោធាថ្មីឡើយ។ អត្ថន័យរបស់វាបង្កប់ពីខាងក្រោយថា ការផ្គត់ផ្គង់ប្រេងទៅគុយបា ប្រៀបដូចជាការបញ្ជូនសារមួយប្រាប់ថា អាមេរិកមិនអាចផ្តាច់ប្រទេសសម្ព័ន្ធមិត្តចាស់របស់រុស្ស៊ីបានងាយៗទៀតទេ។ សារៈសំខាន់នៃសកម្មភាពនេះស្ថិតនៅត្រង់ថា វាបង្ហាញពីការបន្តមានឥទ្ធិពលរបស់រុស្ស៊ីនៅជិតដែនឥទ្ធិពល (sphere of influence) ប្រវត្តិសាស្ត្ររបស់អាមេរិក គឺក្នុងតំបន់ការរ៉ាអ៊ីប (Caribbean)។ ហេតុនេះ ការដឹកប្រេងនេះអាចត្រូវបានយល់ថា ជាការបង្ហាញសមត្ថភាពបន្តចូលលេងល្បែងអំណាចនៅតំបន់ដែលធ្លាប់ត្រូវបានចាត់ទុកថា ជាកន្លែងដែនឥទ្ធិពលស្ទើរតែផ្តាច់មុខរបស់វ៉ាស៊ីនតោនទៅហើយនោះ។

រូបភាពទី១. បង្ហាញពីផែនទីនៃការដឹកប្រេងរបស់រុស្ស៊ីទៅគុយបា

ម្យ៉ាងវិញទៀត ករណីបាញ់យន្តហោះ E-3 Sentry ក៏បង្កប់អត្ថន័យយោធា និងយុទ្ធសាស្ត្រច្បាស់ខ្លាំងផងដែរ។ យោងតាមការផ្សាយ Fact sheet របស់ U.S. Air Force, E-3 Sentry គឺជាយន្តហោះ AWACS ដែលមានតួនាទីចម្បងៗជាច្រើនដូចជា សម្រាប់ឃ្លាំមើល ការរកឃើញគោលដៅ ការតាមដាន ការគ្រប់គ្រងការបញ្ជា និងការគ្រប់គ្រងសមរភូមិ ព្រមទាំងផ្តល់រូបភាពពិតប្រាកដនៃសមរភូមិទៅកាន់មជ្ឈមណ្ឌលបញ្ជាការ។ ប្រភពពី Wall Street Journal និង AP រាយការណ៍ថា ការវាយប្រហាររបស់អ៊ីរ៉ង់លើ Prince Sultan Air Base បានប៉ះពាល់ដល់យន្តហោះ E-3 មួយគ្រឿង និងយន្តហោះចាក់ប្រេង (Refueling) មួយចំនួនទៀត ខណៈមានទាហានអាមេរិករងរបួសយ៉ាងហោចណាស់ ១០ ទៅ ១២នាក់។

ពីព្រោះថា E-3 មិនមែនជាប្រភេទយន្តហោះសាមញ្ញធម្មតាឡើយ វាគឺជាស្នូលនៃការយល់ដឹងពីស្ថានការណ៍ពីលើអាកាស ការប៉ះពាល់និងវាយប្រហារលើយន្តហោះសំខាន់ប្រភេទនេះ មានន័យថា ប្រៀបដូចជា អ៊ីរ៉ង់អាចធ្វើឱ្យអាម៉េរិកបាត់បង់ផ្នែកមួយនៃ ភ្នែកនិងត្រចៀករបស់ខ្លួននៅតំបន់ឈូងសមុទ្រពែក្សអញ្ចឹងដែរ។ ភ្ជាប់ជាមួយអត្ថន័យនេះសំនួរចោទសួរថា ការវាយប្រហារដែលមានភាពត្រឹមត្រូវខ្ពស់បែបនេះ តើអ៊ីរ៉ង់ពឹងផ្អែកលើសមត្ថភាព ISR (ISR = ប្រព័ន្ធស៊ើបការណ៍ + ការឃ្លាំមើល + ការស៊ើបអង្កេតលើគោលដៅ) របស់ខ្លួនខ្លាំងដល់កម្រិតប៉ុណ្ណា ឬមួយមានការគាំទ្រព័ត៌មានពីបណ្តាញដៃគូណាមួយពីខាងក្រោយដែរ ឬទេ? នេះជាសំនួរដែលឱ្យយើងបន្តតាមដានទៀត។

រូបភាពទី២. បង្ហាញពីយន្តហោះយុទ្ធសាស្ត្ររបស់អាមេរិក

ទី៣. ដោយឡែកនៅក្នុងទ្រឹស្តី Hard balancing វិញ ព្រឹត្តិការណ៍នេះ គឺជាការប្រើកម្លាំងយោធា ឬ សមត្ថភាពវាយប្រហារអសមមាត្រ ដើម្បីបង្កថ្លៃដើមដល់គូប្រជែងដែលមានអំណាចខ្លាំងជាង។ អ៊ីរ៉ង់ដឹងថា ខ្លួនមិនអាចប្រកួតស្មើជាមួយអាមេរិកតាមរយៈសង្គ្រាមប្រពៃណីពេញទំហឹងបានទេ ប៉ុន្តែអ៊ីរ៉ង់អាចប្រើមីស៊ីល ដ្រូន និងការវាយប្រហារលើគោលដៅដែលមានតម្លៃខ្ពស់ ដើម្បីបង្ហាញថា វត្តមានយោធាអាមេរិកនៅតំបន់មិនមែនសុវត្ថិភាពដោយស្វ័យប្រវត្តិនោះទេ។ ក្នុងន័យនេះ ការវាយប្រហារលើ E-3 Sentry មិនមែនគ្រាន់តែជាការបំផ្លាញយុទ្ធោបករណ៍ទេ ប៉ុន្តែជាការបំផ្លាញនៃនិមិត្តសញ្ញានៃភាពលេចធ្លោផ្នែក ការឃ្លាំមើល និងឧត្តមភាពនៃការបញ្ជារបស់អាមេរិក។ វាស្មើនឹងការផ្ញើសារថា សូម្បីតែទ្រព្យសម្បត្តិ ដែលមានតម្លៃយុទ្ធសាស្ត្រខ្ពស់របស់អាមេរិក ក៏អាចក្លាយជាគោលដៅបានដែរ។ អ៊ីរ៉ង គឺមិនងាយស៊ីស្រួលពេកទេ។ ការណ៍នេះអ្នកតាមដានត្រូវសួរថា តើសង្គ្រាមនីអ៊ីរ៉ង់នឹងវិវត្តបន្តទៀតយ៉ាងដូចម្តេច? ជាសំនួរដែលទាមទារឱ្យយើងបន្តមើលការវិវត្តថ្មីៗបន្ថែមទៀត។

ទី៤. ចំពោះក្នុងទ្រឹស្តី Deterrence Strategy វិញ យើងអាចបកស្រាយបានថា អំណាចមួយប្រើការគំរាមឆ្លើយតប ឬការបង្ហាញសមត្ថភាពបង្កការខូចខាត ដើម្បីទប់ស្កាត់គូប្រជែងមិនឱ្យបន្តសកម្មភាពបន្ថែម។ បើយោងតាមគេហទំព័ររបស់ Britannica ពន្យល់ថា Deterrence គឺជាយុទ្ធសាស្ត្រយោធា ដែលផ្អែកលើការគំរាម ឬ ជាការសងសឹក (Reprisal) ដើម្បីទប់ស្កាត់ ឬ បង្ការសត្រូវ (adversary) មិនឱ្យវាយប្រហារ ឬ មិនឱ្យបន្តសកម្មភាពមកលើខ្លួនឡើយ។ ក្នុងន័យនេះ បើយើងយកករណីអ៊ីរ៉ង់មកវិភាគនិងឆ្លុះបញ្ចាំង នោះយើងឃើញថា ការវាយលុកលើ Prince Sultan Air Base អាចត្រូវបានយល់ថា ជាការរារាំងដោយការវាយបក (deterrence by punishment) ពោលគឺ អ៊ីរ៉ង់ចង់បង្ហាញថា ប្រសិនបើអាមេរិក ឬ សម្ព័ន្ធមិត្តបន្តសម្ពាធ ឬបង្កើនប្រតិបត្តិការយោធា អ៊ីរ៉ង់អាចធ្វើឱ្យភាគីម្ខាងទៀតបង់ថ្លៃដើមយ៉ាងច្រើនជាមិនខាន។

រូបភាពទី៣. បង្ហាញពីមូលដ្ឋានទ័ពអាកាស Sultan របស់អារ៉ាប៊ីសោអ៊ីឌីត

ស្ថានភាពនេះមិនមែនមាន័យថា ធ្វើឱ្យអាមេរិកចាញ់ទេ ប៉ុន្តែវាអាចធ្វើឱ្យវ៉ាស៊ីនតោនហាក់ត្រូវគិតឡើងវិញអំពីតម្លៃនៃការបន្តភាពតានតឹង។ ចំណែកករណីរុស្ស៊ីទៅគុយបា បើទោះជាមិនមានលក្ខណៈយោធាដូចអ៊ីរ៉ង់ក៏ដោយ ក៏វាអាចត្រូវបានបកស្រាយតាមទ្រឹស្តី Deterrence ផងដែរ ប៉ុន្តែជាទម្រង់ប្រយោលជាង។ ការអនុញ្ញាតឱ្យនាវារុស្ស៊ី ឈានជើងចូលដល់ដែនដីគុយបា បង្ហាញថា ការរារាំងនាវានោះអាចនាំឱ្យមានហានិភ័យនយោបាយ និងភូមិសាស្ត្រនយោបាយធំជាងផលប្រយោជន៍ដែលអាមេរិកនឹងទទួលបាន។

សកម្មភាពនេះត្រូវបាន Reuters រាយការណ៍ថានាវារុស្ស៊ី ត្រូវបានអមការពារដោយកងទ័ពជើងទឹករុស្ស៊ី តាមផ្លូវឆ្លងកាត់ច្រកអង់គ្លេស (English Channel) ហើយគេយល់ថា ទំនងជាវ៉ាស៊ីនតោនមិនចង់បង្កើនភាពតានតឹងជាមួយម៉ូស្គូក្នុងបរិបទអន្តរជាតិដែលកំពុងតានតឹងរួចទៅហើយ។ ដូច្នេះសកម្មភាពរុស្ស៊ី មានអត្ថន័យជាការទប់ស្កាត់ដោយហានិភ័យនៃការកើនឡើង (deterrence by risk of escalation) គឺបង្កើតហានិភ័យគ្រប់គ្រាន់ ដើម្បីឱ្យអាមេរិកសម្រេចចិត្តមិនទប់ស្កាត់ដោយផ្ទាល់។ ការណ៍នេះ នាំឱ្យគេនឹកឃើញទៅដល់វិបត្តិមីស៊ីលគុយបា ឆ្នាំ១៩៦២ផងដែរ។

២. វិភាគតាមទិដ្ឋភាពភូមិសាស្ត្រនយោបាយ

បើយើងភ្ជាប់ព្រឹត្តិការណ៍ទាំងពីរចូលគ្នា នោះយើងអាចឃើញរូបភាពធំមួយនៃភូមិសាស្ត្រនយោបាយសម័យថ្មី។ នៅការ៉ាអ៊ីប (Caribbean) រុស្ស៊ីប្រើយុទ្ធសាស្ត្រថាមពល (energy leverage) ដើម្បីបន្ធូរសម្ពាធលើគុយបា និងបង្ហាញការបន្តមានឥទ្ធិពលនៅជិតរបងអាមេរិក។ នៅមជ្ឈិមបូព៌ា អ៊ីរ៉ង់ប្រើសង្គ្រាមអសមាមាត្រ (asymmetric military retaliation) ដើម្បីបង្ហាញថា វត្តមានរបស់អាមេរិក និងសម្ព័ន្ធមិត្តនៅតំបន់ត្រូវបង់ថ្លៃដើមបាន។ អត្ថន័យរួមនោះគឺថា អាមេរិកមិនអាចប្រើយន្តការ ឬ វិធីសាស្ត្របង្ខិតបង្ខំ (coercion) តែម្ខាងដោយមិនជួបការបង្ខិតបង្ខំប្រឆាំង (counter-coercion) ទៀតឡើយ។ ពោលគឺមិនមែនមានន័យថា តុល្យភាពអំណាចបានផ្លាស់ប្តូរយ៉ាងស្មើគ្នាទេ ប៉ុន្តែវាបង្ហាញថា សត្រូវនិងគូប្រជែងរបស់អាមេរិក កំពុងមានសមត្ថភាពកាន់តែច្បាស់ក្នុងការបង្កើតថ្លៃដើមយុទ្ធសាស្ត្រ។

ស្ថានការណ៍នេះ បើយើងមើលពីមុំវិភាគវិទ្យាសាស្ត្រនយោបាយ អត្ថន័យសំខាន់បំផុតនៃព្រឹត្តិការណ៍ទាំងនេះ គឺការបង្ហាញថា ភាពលេចធ្លោរបស់មហាអំណាចមិនមែនកំណត់តែដោយទំហំកងទ័ព ឬសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែដោយសមត្ថភាពរក្សាភាពជឿជាក់ (credibility) នៃការគំរាម និងការពារបណ្តាញឥទ្ធិពលរបស់ខ្លួន។ នៅពេលសកម្មភាពដែលរុស្ស៊ីអាចផ្គត់ផ្គង់ប្រេងទៅគុយបា និងនៅពេលដែលអ៊ីរ៉ង់នៅមានលទ្ធភាពវាយប្រហារលើ E-3 Sentry បាន នោះអ្វីដែលត្រូវបានសាកល្បង គឺមិនមែនតែសមត្ថភាពរបស់ម៉ូស្គូ ឬតេហេរ៉ង់នោះទេ ប៉ុន្តែវាជាសាបង្ហាញពីសមត្ថភាពរបស់អាមេរិក ក្នុងការរក្សាការទប់ទល់ (deterrence) និងភាពជឿជាក់ (coercive credibility) របស់ខ្លួនផងដែរ។ បើនិយាយតាមមួយបែបទៀត គឺពិភពលោកកំពុងបង្ហាញថា កម្លាំងប្រឆាំងអាមេរិកមិនចាំបាច់ត្រូវឈ្នះសង្គ្រាមទាំងមូលទេ គឺគ្រាន់តែអាចបង្កើតថ្លៃដើមគ្រប់គ្រាន់ និងបន្ថយភាពជឿជាក់លើឧត្តមភាពរបស់អាមេរិក ក៏អាចចាត់ទុកថាជាជោគជ័យយុទ្ធសាស្ត្រមួយដែរ។

៣. សេចក្តីសន្និដ្ឋាន

សរុបសេចក្តីមក ការដឹកប្រេងរបស់រុស្ស៊ីទៅគុយបា និងការវាយប្រហាររបស់អ៊ីរ៉ង់លើ E-3 Sentry នៅ Prince Sultan Air Base គឺជាព្រឹត្តិការណ៍ពីរដែលបង្ហាញយ៉ាងច្បាស់ពីការវិលត្រលប់មកវិញនៃ Balance of Power politics និងការកើនឡើងនៃ Deterrence Strategy ក្នុងទម្រង់ថ្មី។ រុស្ស៊ីកំពុងប្រើ soft balancing តាមរយៈថាមពល និងការផ្គត់ផ្គង់ធនធាន។ អ៊ីរ៉ង់កំពុងប្រើ hard balancing និង deterrence by punishment តាមរយៈការវាយប្រហារលើគោលដៅយោធាដែលមានតម្លៃខ្ពស់។ សកម្មភាពទាំងពីរនេះសរបញ្ជាក់ឱ្យយើងឃើញថា ប្រព័ន្ធអន្តរជាតិពេលបច្ចុប្បន្ន កំពុងក្លាយជាប្រព័ន្ធដែល ការគម្រាមកំហែង ការទប់ស្កាត់ត្រូវបានឆ្លើយតបមកវិញកាន់តែខ្លាំង ហើយការរក្សាភាពលេចធ្លោទៀតសោត ក៏តម្រូវឱ្យមហាអំណាចមិនមែនមានត្រឹមតែ កម្លាំងទេ ប៉ុន្តែត្រូវអាចគ្រប់គ្រងថ្លៃដើមនៃការប្រើកម្លាំងនោះផងដែរ។