រដ្ឋបាលស្រុកបរកែវ រៀបចំពិធីសូត្រមន្ត សុំសេចក្តីសុខជូនកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងពលរដ្ឋមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ (Video inside)
01-04-2026 17:04
(រតនគិរី)៖ លោក កង សារឿន អភិបាលស្រុកបរកែវ ខេត្តរតនគិរី នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីសូត្រមន្ត សុំសេចក្តីសុខជូនកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។
ថ្លែងបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តរតនគិរី លោក កង សារឿន បានបញ្ជាក់ថា នៅពិធីបុណ្យឆ្នាំថ្មី ឆ្នាំ២០២៦នេះ រដ្ឋបាលស្រុកបរកែវ បានរៀបចំកែលម្អ សម្អាតអនាម័យតាមផ្លូវជាតិ ទីប្រជុំជន ទីអារាម បំពាក់អំពូលសូឡាសម្រាប់បំភ្លឺនៅពេលយប់។
លោកអភិបាលស្រុករូប បានឱ្យដឹងថា សមិទ្ធផលទាំងអស់កើតចេញពីកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងរចនាសម្ព័ន្ធសាលាស្រុកបរកែវ ព្រមទាំងអាជីវករ ប្រជាពលក្នុងស្រុក និងក្រៅស្រុកដែលបានចូលរួមទាំងសម្ភារៈ និងថវិកាជាមួយរដ្ឋបាលស្រុកទើបមានអភិវឌ្ឍន៍ដូចពេលនេះ។
ទន្ទឹមនោះដែរ លោក កង សារឿន ក៏បានសំណូមពរប្រជាពលក្នុងស្រុក និងក្រៅស្រុកក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ សុំឱ្យពួកគាត់គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ក្នុងរាត្រីថ្ងៃដដែលនេះ ១ខែមេសា ឆ្នាំ២០២៦ ដើម្បីលើកចិត្ត និងដឹងគុណដល់កងកម្លាំង និងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាស្រុកទាំងអស់ ដែលពួកគាត់បានលះបង់កម្លាំងកាយចិត្តធ្វើការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋអស់រយៈពេល១ឆ្នាំ, រដ្ឋបាលស្រុកបានរៀបចំបាយសាមគ្គីជូនពួកគាត់ផងដែរ៕
ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់អភិបាលស្រុកបរកែវ៖










