FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិល្បៈចម្លាក់ថ្ម ជាជំនាញដូនតាខ្មែរ បានបន្សល់ទុក សម្រាប់កូនចៅជំនាន់ក្រោយថែរក្សា !

01-04-2026 16:56

(សៀមរាប)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការជួយជ្រោមជ្រែងដល់សិល្បៈចម្លាក់ថ្ម នៅក្នុងភូមិធម្មជាតិរុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ឱ្យប្រកបអាជីពរកប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារបានប្រសើរ និងឱ្យជួយបង្ហាត់បង្រៀនដល់យុវជននៅទីនោះ ឱ្យចេះជំនាញដាប់ឆ្លាក់រូបអំពីថ្ម ដែលជាជំនាញដូនតាខ្មែរបន្សល់ទុកជាយូរមកហើយ។

លោក សេក សេន ម្ចាស់សិប្បកម្មចម្លាក់ថ្ម នៅភូមិធម្មជាតិរុនតាឯក បានឱ្យដឹងថា លោកចេះជំនាញឆ្លាក់រូបថ្មនិងឈើ ដោយសារតែលោកបានចូលរៀន នៅសាលាសិល្បៈ អាទីសង់អង្គរ(Artisans Angkor) ក្នុងខេត្តសៀមរាប តាំងតែពី២០ឆ្នាំមុន។ ក្នុងរយៈពេល២០ឆ្នាំមកនេះ លោកបានចេះជំនាញឆ្លាក់ថ្ម និងឈើជាច្រើន ដូចជាឆ្លាក់ក្បាច់ផ្កា ភ្ញី រូបសត្វ រូបអប្សរានិងរូបអាទិទេពជាច្រើន ទៅតាមទម្រង់ក្បួនបុរាណរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនៅតាមប្រាសាទនិងសំណង់នានា។

លោក សេក សេន បានបញ្ជាក់ថា ក្រោមការជួយជ្រោមជ្រែងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យលោកជួយបង្រៀនជំនាញដាប់ឆ្លាក់ថ្ម ដល់យុវជនជំនាន់ថ្មីនេះ គឺលោកពេញចិត្តយ៉ាងខ្លាំង ហើយក៏កំពុងខិតខំប្រឹងប្រែងជួយបង្រៀនដល់យុវជនដែលចង់ចេះជំនាញដាប់ឆ្លាក់ថ្មនេះ ឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យយុវជនទាំងនោះ អាចបន្តថែរក្សាមរតកវប្បធម៌អរូបីរបស់ដូនតាខ្មែរ ឱ្យគង់វង្សបានយូរអង្វែងតទៅទៀត។

លោក សេក សេន សំណូមពរឱ្យយុវជនជាច្រើន គួរតែចូលមករៀនជំនាញដាប់ឆ្លាក់ថ្មនេះ ពីព្រោះវាប្រសើរជាងការយកពេលវេលាទៅចំណាយធ្វើរឿងអ្វីមួយដែលគ្មានប្រយោជន៍។
លោកសេក គីន ជាយុវជនម្នាក់ដែលបានចូលរៀនជំនាញដាប់ឆ្លាក់ថ្ម នៅទីនោះរយៈពេល៦ខែមកហើយ ឱ្យដឹងថាបច្ចុប្បន្ន លោកចេះឆ្លាក់រូបសត្វនិងក្បាច់ផ្សេងៗខ្លះៗនៅលើថ្ម។

លោកថា រូបលោកពេញចិត្តនិងជំនាញឆ្លាក់ថ្មនេះ ពីព្រោះវានឹងធ្វើឱ្យលោកមានចំណេះពិតប្រាកដនៅថ្ងៃខាងមុខ ព្រមទាំងអាចរកប្រាក់កម្រៃជួយដល់ជីវភាពគ្រួសារ បានល្អជាងការងារសំណង់ដែលលោកធ្លាប់ធ្វើកន្លងមក។

បច្ចុប្បន្ននេះ បើទោះបីជាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរា កំពុងជួយជ្រោមជ្រែងដល់សិប្បកម្មចម្លាក់ថ្ម នៅភូមិធម្មជាតិរុនតាឯក រយៈពេល៣ឆ្នាំទៅមុខទៀតក៏ដោយ ក៏មានយុវជនតិចតួចបានទៅរៀននិងចាប់យកជំនាញនេះនៅឡើយ។

អាជ្ញាធរជាតិអប្សរា បានចាត់ទុកថាសិល្បៈចម្លាក់ថ្ម គឺជាសម្បត្តិបេតិកភណ្ឌអរូបី ដ៏មានតម្លៃមួយក្នុងចំណោមសម្បត្តិបេតិកភណ្ឌអរូបី ជាច្រើនទៀត ដែលដូនតាខ្មែរបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ៕