អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំពិនិត្យនូវវឌ្ឍនភាពនៃការអនុវត្តផែនទីបង្ហាញផ្លូវ ធានាចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៣-២០២៩
01-04-2026 14:30
(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកកិច្ចប្រជុំក្រុមការងារធានាចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឹអេដស៍ និងលោកស្រី ប៉ាទ្រីហ្ស៉ា អង់ពីន នាយិកាអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពីក្រុមការងារធានាចីរភាព នៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ តំណាងស្ថានទូតអាមេរិក ភាគីដៃគូអភិវឌ្ឍ តំណាងសង្គមស៊ីវិល និងបណ្តាញសហគមន៍ចំនួន ៤៥រូប នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦នេះ។ កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យនូវវឌ្ឍនភាពនៃការអនុវត្តផែនទីបង្ហាញផ្លូវធានាចីរភាព នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៣-២០២៩។
ជាកិច្ចចាប់ផ្តើមលោកស្រី ប៉ាទ្រីហ្ស៉ា អង់ពីន (Partricia Ongpin) បានមានមតិស្វាគមន៍ដល់អង្គប្រជុំ។ បន្ទាប់មកលោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឹអេដស៍ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅមកកាន់កិច្ចប្រជុំដ៏មានសារៈសំខាន់នៃ ក្រុមការងារបច្ចេកទេសផ្នែកនិរន្តរភាព (STWG) ជូនដល់អង្គប្រជុំ ព្រមមតិដឹកនាំមួយចំនួនដូចខាងក្រោម៖
* របៀបវារៈថ្ងៃនេះ មិនមែនគ្រាន់តែជាការពិនិត្យកំណត់ហេតុ ឬការបំពេញតាមនីតិវិធីប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការកំណត់វាសនានៃការឆ្លើយតប ដែលបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដឹកនាំលើពិភពលោក ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។
* ក្នុងឆ្នាំ២០២៥ កន្លងមកនេះ កម្ពុជាមានមោទនភាពដែលសម្រេចបានជិតដល់គោលដៅ ៩៥-៩៥-៩៥ ហើយ។ ទោះជាយ៉ាងណាក៏ដោយ «ដំណាក់កាលចុងក្រោយ» ឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០៣០ គឺជាដំណាក់កាលដែលពិបាកបំផុត និងត្រូវចំណាយខ្ពស់បំផុត។
* ទិន្នន័យបច្ចុប្បន្នបានបង្ហាញពីការពិតដែលយើងត្រូវយកចិត្តទុកដាក់៖ ទោះបីជាយើងបានកាត់បន្ថយការឆ្លងថ្មីបានរហូតដល់ ៤៥% ក៏ដោយ ប៉ុន្តែការរីករាលដាលនៅតែមានកម្រិតខ្ពស់ក្នុងចំណោមយុវជន និងក្រុមប្រជាជនគន្លឹះ។ បន្ថែមលើនេះ ស្របពេលដែលកម្ពុជានឹងចាកចេញពីចំណាត់ថ្នាក់ប្រទេស មានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ ពេលវេលានៃការពឹងផ្អែកលើជំនួយក្រៅប្រទេសក៏កាន់តែខ្លីទៅៗដែរ។
* មិនត្រូវបណ្តោយឱ្យជោគជ័យក្លាយជាចំណុចខ្សោយនោះទេ ត្រូវតែផ្លាស់ប្តូរពីគំរូដែលពឹងផ្អែកលើម្ចាស់ជំនួយ មកជាប្រព័ន្ធមួយដែលមានភាពធន់ សមាហរណកម្ម និងមានហិរញ្ញប្បទានផ្ទាល់ខ្លួនក្នុងស្រុក។
លោកទេសរដ្ឋមន្រ្តី បានអនុញ្ញាតជូនលោកវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើរបាយការណ៍ ពីការពិនិត្យមើលកំណត់ហេតុ ដោយលោកបានបង្ហាញដូចខាងក្រោម៖
* ដែគូអភិវឌ្ឍ បានការកាត់បន្ថយថវិកាយ៉ាងគំហុក (GF ថយប្រមាណជា៣៤%)៖ ថវិកាសម្រាប់ HIV នឹងត្រូវកាត់បន្ថយពី ៤១,៥ លានដុល្លារ (ក្នុង GC7) មកនៅត្រឹម ២៧,៤ លានដុល្លារ (ក្នុង GC8)។ នេះមានន័យថា កម្ពុជាត្រូវបាត់បង់ថវិកាប្រហែល ១៤លានដុល្លារ។ បន្ថែមលើនេះ មានលក្ខខណ្ឌថវិកា ២០%៖ ថវិកាប្រហែល ៥,៤៨ លានដុល្លារ នឹងត្រូវរក្សាទុក (Withheld)។ កម្ពុជាអាចដកយកមកប្រើប្រាស់បាន លុះត្រាតែរាជរដ្ឋាភិបាលបង្ហាញការប្តេជ្ញាចិត្តបង្កើនថវិកាជាតិ ដើម្បីគាំទ្រដល់កម្មវិធីដែលមូលនិធិសកលធ្លាប់ជួយពីមុន។
* កម្ពុជា ត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្រឆ្ពោះទៅរក «ភាពម្ចាស់ការ» (Sovereign Path) ដោយការបន្តវេនដោយថវិកាជាតិ៖ មូលនិធិសកលតម្រូវឱ្យកម្ពុជាបញ្ចូលការចំណាយលើសេវា HIV សំខាន់ៗ ទៅក្នុងកញ្ចប់ថវិកាជាតិជាបណ្តើរៗ និងការធ្វើសាមញ្ញកម្ម (Radical Simplification)៖ ត្រូវកាត់បន្ថយភាពស្មុគស្មាញក្នុងការអនុវត្តកម្មវិធី ដើម្បីសន្សំសំចៃថវិកា និងបង្កើនប្រសិទ្ធភាពការងារ។
* កំណត់ក្រុមគោលដៅថ្មី (Targeting) ជាពិសេសលើក្រុមបុរសស្រឡាញ់បុរស (MSM > ២៤ ឆ្នាំ)៖ លិខិតបានបញ្ជាក់យ៉ាងច្បាស់ឱ្យបង្កើនការយកចិត្តទុកដាក់លើក្រុម MSM ដែលមានអាយុលើស ២៤ឆ្នាំ ដែលជាក្រុមមានហានិភ័យខ្ពស់។ ការពង្រីកសេវាថ្មីៗ៖ ជំរុញការប្រើប្រាស់ថ្នាំបង្ការ PrEP, ការធ្វើតេស្តដោយខ្លួនឯង (Self-testing) និងការចុះអប់រំតាមបែបឌីជីថល (Virtual Outreach) ជាជាងការចុះតាមទីតាំងផ្ទាល់បែបបុរាណ។
* ការធ្វើសមាហរណកម្មសេវាសុខាភិបាល ដោយបញ្ចូលសកម្មភាពឆ្លើយតបនឹងមេរោគអេដស៍ ទៅក្នុងសេវាថែទាំសុខភាពបឋម (PHC)៖ សេវា HIV មិនត្រូវដាក់ដាច់ដោយឡែកឡើយ ប៉ុន្តែត្រូវបញ្ចូលទៅក្នុងប្រព័ន្ធសុខាភិបាលរួម។ នេះគឺជាចំណុចសំខាន់សម្រាប់ "និរន្តរភាព" ។ ចំណែក ការគាំពារសង្គម ត្រូវបន្តពង្រឹងការបញ្ចូលអ្នករស់នៅជាមួយមេរោគអេដស៍ (PLHIV) ទៅក្នុងប្រព័ន្ធប័ណ្ណក្រីក្រ (ID-Poor) ដើម្បីធានាថាពួកគេទទួលបានសេវាគាំពារពីរដ្ឋ។
លោក អ៊ុង ប៉ូលីន តំណាង UNAIDS បានធ្វើរបាយការណ៍ស្តីពី បច្ចុប្បន្នភាពកម្ពុជាចីរភាពផែនទីបង្ហាញផ្លូវឆ្នាំ ២០២៣-២០២៩ (Updated Cambodia’s HIV Sustainability Roadmap 2023-2029) ដោយលោក បានបង្ហាញពីភាពខ្លាំង (១) កម្ពុជាបានសម្រេចនូវគោលដៅ៩០-៩០-៩០ ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០២៤ សម្រេចបាន៩២-១០០-៩៨ នៃគោលដៅ៩៥-៩៥-៩៥។ ចំណែកករណីឆ្លងថ្មីនៃមេរោគអេដស៍បានចុះប្រមាណជា ៤៥% និងករណីស្លាប់ទាក់ទងនឹងមេរោគអេដស៍ចុះប្រមាណជា ២៨% ពីឆ្នាំ២០១០ មកដល់ឆ្នាំ២០២៤។ ទន្ទឹមនឹងភាពខ្លាំង កម្ពុជានៅមានបញ្ហាប្រឈមមួយចំនួនដូចជា ៤៤% នៃករណីឆ្លងថ្មី នៃក្រុមយុវវ័យអាយុពី១៥-២៤ឆ្នាំ និងប្រមាណជា ៩០%ជាក្រុមប្រជាជនគន្លឹះ និងដៃគូរបស់ពួកគេ។
៦៤%នៃការចំណាយលើការឆ្លើយតបនឹងមេរោគអេដស៍ និងប្រមាណជា ៩៨% នៃការចំណាយលើការបង្ការ បានមកពីប្រភពដៃគូអភិវឌ្ឍ។ បច្ចុប្បន្ននេះធនធានពីប្រភពដៃគូអភិវឌ្ឍ បានធ្លាក់ចុះជាបន្តបន្ទាប់។ ឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ កម្ពុជាបានបង្កើតនូវលិខិតបទដ្ឋានគតិយុត្តមូយចំនួនដូចជា ផែនទីបង្ហាញផ្លូវ (ឆ្នាំ២០១៨ និងធ្វើបច្ចុប្បន្នភាពឆ្នាំ២០២២) និងសារាចរណែនាំលេខ២០១៣ របស់រាជរដ្ឋាភិបាល ព្រមទាំងបង្កើននូវការចំណាយក្នុងការឆ្លើយតបនឹងមេរោគអេដស៍។ លោកក៏បានបង្ហាញដោយសេចក្តីសង្ខេបនៃការរកឃើញ ពីការគូសផែនទីផ្លូវដែលមានស្រាប់ទល់នឹងដែន និងដែនរងនៃកម្មវិធីបឋមប្រកបដោយនិរន្តរភាពមេរោគអេដស៍។
លោកក៏បានបង្ហាញពីបច្ចុប្បន្នភាពហានិភ័យ និងសកម្មភាពកាត់បន្ថយឆ្ពោះទៅរកការឆ្លើយតបនឹងមេរោគអេដស៍ ប្រកបដោយនិរន្តរភាពនៅកម្ពុជា។ លោកបង្ហាញការងារបន្តដូចជា៖
* ពិនិត្យឡើងវិញនូវសេចក្តីព្រាងផែនទីបង្ហាញផ្លូវ រួមទាំងផែនការសកម្មភាពព្រាងដោយផ្អែកលើមតិយោបល់/ធាតុចូលពីនិរន្តរភាព WG- ត្រឹមថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។
* រៀបចំកិច្ចប្រជុំផ្ទៀងផ្ទាត់ចុងក្រោយជាមួយនិរន្តរភាព WG និងអ្នកពាក់ព័ន្ធសំខាន់ៗ-សប្តាហ៍ទី៤ ខែមេសា ឆ្នាំ២០២៦។
* បញ្ចប់ផែនទីបង្ហាញផ្លូវដែលបានធ្វើបច្ចុប្បន្នភាព ដោយឆ្លុះបញ្ចាំងពីធាតុចូល/មតិកែលម្អពីកិច្ចប្រជុំដែលមានសុពលភាព- សប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០២៦។
* ដាក់ស្នើផែនទីបង្ហាញផ្លូវចុងក្រោយសម្រាប់ការអនុម័តជាផ្លូវការ-ពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦។
* អនុវត្ត និងតាមដានវឌ្ឍនភាពនៃការអនុវត្ត-ខែឧសភា ឆ្នាំ២០២៦ តទៅ។
បន្ទាប់ពីមានពិភាក្សាយ៉ាងផុសផុលរួចមក លោកទេសរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍ដូចខាងក្រោម៖
* ការផ្លាស់ប្តូរទស្សនទាន៖ ពីអ្នកគ្រប់គ្រងជំនួយ មកជាអ្នកកសាងប្រព័ន្ធ៖ ការផ្លាស់ប្តូរទៅកាន់កញ្ចប់ថវិកា GC8 មិនមែនគ្រាន់តែជាការផ្លាស់ប្តូរវដ្តថវិកាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការវិវត្តជាមូលដ្ឋាននៃ អភិបាលកិច្ច របស់យើង។ ដើម្បីជោគជ័យ ក្រសួងសុខាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបោះជំហានឱ្យផុតពីតួនាទីជា «អ្នកគ្រប់គ្រងជំនួយ» ហើយក្លាយជា «អ្នកកសាងប្រព័ន្ធសុខាភិបាលជាតិដែលមានភាពធន់» ពិតប្រាកដ។ ការផ្លាស់ប្តូរនេះ តម្រូវឱ្យយើងបញ្ឈប់វិធីសាស្ត្រការងារបែបដាច់ដោយឡែកពីគ្នា ដោយផ្តោតលើចំណុចគន្លឹះ៖
* ពីការងារដាច់ដោយឡែក មកជាសមាហរណកម្ម៖ យើងផ្លាស់ប្តូរពីការអនុវត្តតាមគម្រោង មកជាការឆ្លើយតបដែលបញ្ជ្រាបទៅក្នុងប្រព័ន្ធជាតិទាំងមូល។
* ពីការរៀបចំបច្ចេកទេស មកជាការដឹកនាំយុទ្ធសាស្ត្រ៖ យើងពង្រឹងអភិបាលកិច្ច ដើម្បីឱ្យគណៈកម្មាធិការសម្របសម្រួលមេរោគអេដស៍ របេង និងគ្រុនចាញ់ (CCM) ជាអ្នកកំណត់អាទិភាពយុទ្ធសាស្ត្រ ធានាថាការរៀបចំបច្ចេកទេសបម្រើឱ្យទស្សនវិស័យជាតិ។
* ពីហិរញ្ញប្បទានក្រៅប្រទេស មកជាហិរញ្ញប្បទានក្នុងស្រុក៖ ការពឹងផ្អែកលើមូលនិធិសកលដើម្បីទូទាត់ប្រាក់បៀវត្សរ៍បុគ្គលិកបង្គោលត្រូវតែបញ្ចប់។ រាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលបន្ទុកលើចំណាយចរន្ត ដើម្បីធានាបាននូវស្ថិរភាពនៃកម្លាំងពលកម្មសុខាភិបាល។
* ពីបែបប្រតិកម្ម មកជាបុរេសកម្ម៖ យើងផ្លាស់ប្តូរពីការឆ្លើយតបទៅនឹងបញ្ហាដែលកើតឡើងហើយ មកជាការប្រើប្រាស់ទិន្នន័យជាក់លាក់ ដើម្បីទប់ស្កាត់ការឆ្លងមុនពេលវាកើតឡើង។
* ពីការផ្តោតតែលើអេដស៍ មកជាពហុវិស័យ៖ ក្រោមការសម្របសម្រួលរបស់ NAA ការបង្ការមេរោគអេដស៍ឥឡូវនេះ គឺជាការទទួលខុសត្រូវរួមគ្នារបស់គ្រប់វិស័យទាំងអស់នៃរាជរដ្ឋាភិបាល។
* ពិនិត្យមើល ផែនទីបង្ហាញផ្លូវនិរន្តរភាពមេរោគអេដស៍ ដែលបានធ្វើបច្ចុប្បន្នភាព (២០២៦–២០២៩)។ ឯកសារនេះផ្ដោតលើដែនសមត្ថកិច្ចចំនួន ៥ នៃនិរន្តរភាព រួមមាន៖ ភាពជាអ្នកដឹកនាំ, ប្រព័ន្ធ, សេវា, ហិរញ្ញប្បទាន, និងច្បាប់គាំទ្រ។ ចំណុចសំខាន់បំផុត យើងនឹងពិភាក្សាអំពីការបែងចែកកញ្ចប់ថវិកា Global Fund GC8 (២០២៦–២០២៨)។ ដោយបញ្ចាក់ច្បាស់ថា កញ្ចប់ថវិកា GC8 គឺជា «ស្ពានចម្លង»។ វាត្រូវតែប្រើប្រាស់តាមបែបយុទ្ធសាស្ត្រ ដើម្បីកសាងប្រព័ន្ធក្នុងស្រុក ដែលនឹងត្រូវមកជំនួសជំនួយទាំងនេះនាពេលអនាគត។
* ការអំពាវនាវឱ្យមានសកម្មភាព (Call to Action) ដោយចាត់ទុកកិច្ចពិភាក្សាថ្ងៃនេះជា «មន្ទីរពិសោធន៍សម្រាប់ការច្នៃប្រឌិត»។ យើងត្រូវការ៖
* ហិរញ្ញប្បទានក្នុងស្រុកដែលច្បាស់លាស់៖ ថវិកាដែលត្រូវបាញ់ឆ្ពោះទៅរកតំបន់ដែលមានការរីករាលដាលខ្លាំង។
* វិធីសាស្ត្រឆ្លើយតបចំពោះយុវជន៖ ការការពារគោលដៅសម្រាប់យុវជនដែលស្មើនឹង ៤៤% នៃករណីឆ្លងថ្មី។
* លទ្ធកម្មដែលមានភាពធន់៖ យុទ្ធសាស្ត្រកាត់បន្ថយហានិភ័យពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា (TRIPS) ដើម្បីធានាថាថ្នាំពេទ្យនៅតែមានតម្លៃសមរម្យក្រោយឆ្នាំ ២០២៩។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវទៅមុខគឺច្បាស់លាស់ណាស់ យើងមានទិន្នន័យ យើងមានផែនទីបង្ហាញផ្លូវ ហើយឥឡូវនេះ យើងមានអាណត្តិការងាររួចរាល់ហើយ។ ភាពជោគជ័យមិនត្រូវបានវាស់វែងដោយចំនួនទឹកប្រាក់ជំនួយ ដែលទទួលបាននោះទ ប៉ុន្តែវាស់វែងដោយប្រសិទ្ធភាពនៃការបញ្ចូលសេវាសង្គ្រោះជីវិតទាំងនេះ ទៅក្នុងរចនាសម្ព័ន្ធជាតិ និងសូមឱ្យ «យុគសម័យនិរន្តរភាព» នេះត្រូវបានកំណត់និយមន័យ ដោយភាពជាម្ចាស់របស់កម្ពុជា និងការប្តេជ្ញាចិត្តមិនងាករេ ដើម្បីឆ្ពោះទៅរកការបង្កើតជំនាន់ដែលគ្មានជំងឺអេដស៍៕















