FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាជាប្រទេសមួយនាំមុខគេ ក្នុងការផ្លាស់ប្តូរសហគមន៍ទឹកភ្លៀងសម្រាប់បរិភោគ

01-04-2026 12:05

(ភ្នំពេញ)៖ តាមរយៈគម្រោង «ការកសាងសាលារៀនទឹកភ្លៀងចំនួន១០០០សាលា នៅប្រទេសកម្ពុជា» ដើម្បីផ្តល់ទឹកស្អាតដែលមានគុណភាពខ្ពស់ជូនដល់សិស្សានុសិស្ស និងសហគមន៍សាលារៀន ដែលបានដាក់ឱ្យអនុវត្តជំហានដំបូងនៅសាលាគោលដៅ អ្នកជំនាញបានវាយតម្លៃថា ប្រទេសកម្ពុជា ជាប្រទេសមួយនាំមុខគេក្នុងការផ្លាស់ប្តូរសហគមន៍ទឹកភ្លៀងសម្រាប់បរិភោគ ហើយវានឹងផ្សព្វផ្សាយពាសពេញតំបន់ទន្លេមេគង្គ និងជុំវិញពិភពលោក។

ជាក់ស្តែងនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ម្សិលមិញ គឺបានរកឃើញម្ចាស់ជ័យលាភី ក្នុងការប្រកួតប្រជែងកម្មវិធីសាលារៀនទឹកភ្លៀង ជុំទី២ សមាហរណកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងសិល្ប:សម្រាប់ភាពធន់នឹងអាកាសធាតុ នៅរាជបណ្ឌិត្យសភាកម្ពុជា ដោយជ័យលាភីលេខមួយ បានទៅលើវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ស្រុកបាទី ខេត្តតាកែវ, ជ័យលាភីលេខពីរ បានទៅលើវិទ្យាល័យ ទួលប្រាសាទសែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន កោះដាច់ រាជធានីភ្នំពេញ និងជ័យលាភីលេខបី បានទៅលើវិទ្យាល័យស្អាង មកពីស្រុកស្អាង ខេត្តកណ្តាល និងវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សំរោង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នាឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃទឹកភ្លៀង ដូច្នេះ អ្នកពាក់ព័ន្ធត្រូវបន្តលើកកម្ពស់ ស្វែងយល់ពីការប្រែប្រួលអាកាសធាតុ ពោលគឺត្រូវធ្វើយ៉ាងណាឱ្យមានលំនឹង ហើយការប្រែប្រួលអាកាសធាតុមិនមែនមានតែនៅកម្ពុជានោះទេ។ ត្រង់ចំណុចនេះ យើងទាំងអស់ត្រូវតែរួមគ្នាធ្វើ ដើម្បីផលប្រយោជន៍របស់ពិភពលោកទាំងមូល បើយើងមិនរួមគ្នានោះទេ ច្បាស់ណាស់យើងនឹងជួវិបត្តិបង្កឡើងដោយគ្រោះធម្មជាតិ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងថា ការវិនិយោគលើយុវជន ការអប់រំ ការច្នៃប្រឌិត និងការប្តេជ្ញារបស់យុវជន ទៅលើទ្រព្យសម្បត្តិដ៏មានតម្លៃ ដើម្បីបង្កើតឱកាស និងលើកម្ពស់ឆ្ពោះទៅការបង្កើតថ្មីវិស្វកម្មបរិស្ថាន និងលើកកម្ពស់ជីវភាពដល់ប្រជាជននៅតាមសហគមន៍ ដោយយកទឹកភ្លៀងជាសារៈសំខាន់។

លោកបណ្ឌិត សុខ ទូច បានលើកឡើងថា ត្រូវផ្តើមបង្កើតចិត្តគំនិតឱ្យចេះថែរក្សាទឹក រួមគ្នាទប់ស្កាត់ការចោលកាក់សំណល់ទៅក្នុងប្រទឹក។ ទឹកមានតួនាទីសំខាន់ខ្លាំងណាស់សម្រាប់ជីវិតមនុស្សជាតិនៅលើពិភពលោក។ ទឹក បានដើរតួនាទីយ៉ាងសំខាន់បង្កើតថាមពលកកើតឡើងវិញ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានទទូចដល់អ្នកពាក់ព័ន្ធសូមរួមគ្នាគិតពិចារណាឡើងវិញ ពីតម្លៃនៃដងខ្លួនរបស់មនុស្ស មាន៧៥ភាគរយ គឺជាប្រភពទឹក ដូច្នេះ ការផ្តល់តម្លៃទៅលើធម្មជាតិ គឺជាការផ្តល់តម្លៃដល់មនុស្សជាតិទូទាំងភពផែនដី។ ដំណក់ទឹកភ្លៀងបានផ្តល់ស្នាមញញឹម​ មានទឹកមានក្តីសង្ឃឹមដល់រុក្ខជាតិ មនុស្ស និងសត្វ ត្រង់ចំណុចនេះ សូមរួមគ្នាស្វាគមន៍ដំណក់ទឹកភ្លៀងដែលផ្តល់ដោយធម្មជាតិ សម្រាប់ជីវិតនៅលើផែនដីទាំងមូល។

បើតាមលោកសាស្ត្រាចារ្យ មូយ៉ុង ហាន ស្ថាបនិក Rain for All និងជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យសេអ៊ូល សាធារណរដ្ឋកូរ៉េ បានថ្លែងថា ទឹកភ្លៀងមិនត្រឹមតែលក្ខខណ្ឌពីវិទ្យាសាស្ត្រនោះទេ ក៏ប៉ុន្តែ ទឹកភ្លៀងវាក៏បានបង្ហាញពីលក្ខខណ្ឌវប្បធម៌ អត្តសញ្ញាណ និងអនាគតរបស់មនុស្សជាតិទាំងអស់គ្នា។

អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ថា អ្វីដែលយើងបានឃើញនៅក្នុងប្រទេសកម្ពុជា គឺជាគំរូថ្មីមួយនៃការគ្រប់គ្រងទឹក ជាកន្លែងដែលសិស្សានុសិស្ស និងក្រុមគ្រួសារ ក៏ដូចជាសហគមន៍អាចធ្វើការជាមួយគ្នាបាន។ «នេះជាអ្វីដែលយើងហៅថា ជាសហគមន៍ទឹកភ្លៀងសម្រាប់បរិភោគ ហើយប្រទេសកម្ពុជា គឺជាប្រទេសមួយដែលនាំមុខគេក្នុងការផ្លាស់ប្តូរនេះ»

«តាមការគ្រោងទុកយើងនឹងពង្រីកឱ្យបាន ១០០០សាលារៀន នៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា ហើយកសាងវានៅក្នុងរូបភាពមួយគួរឱ្យកត់សម្គាល់ ពោលគឺយើងអាចធ្វើបានចាប់ពីសាលារៀន រហូតចូលដល់សហគមន៍ និងរហូតឈានទៅដល់ទម្រង់ថ្នាក់ជាតិ យើងចាប់ផ្តើមពេល នៅទីនេះ ឬរស់រៀនជាមួយទឹកភ្លៀងនៅទីនេះដែរ ហើយវានឹងផ្សព្វផ្សាយនៅពាសពេញនៅតំបន់ទន្លេមេគង្គ និងជុំវិញពិភពលោក»។ នេះជាការគូសបញ្ជាក់របស់លោកសាស្ត្រចារ្យ ស្ថាបនិក Rain for All។

ស្ថាបនិក Rain for All រូបនេះ បានបន្ថែមថា នៅពេលអតីតកាលយើងតែងតែរងចាំទឹកភ្លៀង ប៉ុន្តែ នៅពេលនេះយើងយល់ពីទឹកភ្លៀង ហើយថ្ងៃស្អែកយើងចាប់ផ្តើមគ្រប់គ្រងទឹកភ្លៀងទាំងអស់គ្នា។ យើងរៀនពីទឹកភ្លៀង យើងផ្តល់អំណាចដល់មនុស្សដែលរៀនពីទឹកភ្លៀង ហើយយើងកសាងអនាគតទាំងអស់គ្នា។

រីឯកលោកបណ្ឌិត ម៉ម សារិត ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងស្រាវជ្រាវទឹកភ្លៀង (RTRC) នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ពង្រីកចំណេះដឹងពាក់ព័ន្ធនឹងការងារលើវិស័យទឹកភ្លៀងនេះ ដល់សហគមន៍នៅជុំវិញសាលា។ ការប្រកួតប្រជែងសាលាទឹកភ្លៀង គឺចលករមួយដែលបានបង្ហាញថា សាលារៀនអាចជាមជ្ឈមណ្ឌលមួយនៃភាពធន់នឹងអាកាសធាតុ ក្រៅពីសៀវភៅសិក្សា ធ្វើឱ្យសិស្សានុសិស្សអាចភ្ជាប់ខ្លួននឹងការប្រែប្រួលអាកាសធាតុ។

គួរឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា រាជបណ្ឌិត្យសភាកម្ពុជា (RAC) និងសាកលវិទ្យាល័យជាតិសេអ៊ូល (SNU) បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការកសាងសាលារៀនទឹកភ្លៀងចំនួន ១០០០សាលា នៅប្រទេសកម្ពុជា» ដើម្បីផ្តល់ទឹកស្អាតដែលមានគុណភាពខ្ពស់ជូនដល់សិស្សានុសិស្ស និងសហគមន៍សាលារៀន។ គោលបំណងសហការសាងសង់សាលាទឹកភ្លៀងចំនួន ១,០០០សាលារៀន នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយដោះស្រាយនូវវិបត្តិអាកាសធាតុ និងប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំតាមរបៀបវារៈរបស់អង្គការសហប្រជាជាតិ។

គម្រោងនេះដើម្បីកែតម្រូវនៃការយល់ខុសជាសាធារណៈអំពីទឹកភ្លៀង ដោយផ្តល់ការអប់រំ និងបណ្តុះបណ្តាល បច្ចេកទេសដល់វិស្វករ សាធារណជន និងសិស្សានុសិស្ស និងណែនាំការច្នៃប្រឌិតនូវ បច្ចេកទេសល្អៗ និងសាមញ្ញ ដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមក្នុងការបង្កើតប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់ផឹកដោយផ្អែកលើសហគមន៍នៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះនឹងរួមចំណែកដោះស្រាយបញ្ហាខ្វះទឹកស្អាតនៅតាមសាលារៀន ជាពិសេសសាលារៀននៅតាមជនបទជាច្រើនខ្វះលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់។

គួរជម្រាបថា តាមរយៈគម្រោងនេះភាគីកម្ពុជា និងកូរ៉េខាងត្បូងនឹងចែករំលែកនូវចំណេះដឹងអំពីអាកាសធាតុជាសកល ជាពិសេសការរួមបញ្ចូលគ្នានូវបទពិសោធន៍ពីប្រទេសកម្ពុជា និងប្រទេសកូរ៉េ ជាមួយនឹងបច្ចេកវិទ្យាទំនើប និងបង្កើតបណ្តាញសាលាទឹកភ្លៀងអន្តរជាតិផងដែរ៕