រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ព័ត៌មាន និងទេសចរណ៍ ជារឿងតែមួយក្នុងសម័យឌីជីថល បច្ចុប្បន្នមុននឹងភ្ញៀវទេសចរមកដល់ប្រទេសណាមួយ ពួកគេបានឃើញប្រទេសនោះតាមរយៈព័ត៌មានរួចហើយ បើព័ត៌មានអវិជ្ជមានត្រូវបានបំផ្លើសនោះទេសចរណ៍នឹងរងផលប៉ះពាល់
01-04-2026 08:56
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ព័ត៌មាន និងទេសចរណ៍ គឺជារឿងតែមួយក្នុងសម័យឌីជីថល។ នៅសម័យបច្ចុប្បន្ន មុននឹងភ្ញៀវទេសចរមកដល់ប្រទេសណាមួយ ពួកគេបានឃើញប្រទេសនោះតាមរយៈព័ត៌មានរួចហើយ។ បើព័ត៌មានអវិជ្ជមានត្រូវបានបំផ្លើសនោះទេសចរណ៍នឹងរងផលប៉ះពាល់។ ប៉ុន្តែបើព័ត៌មានវិជ្ជមានត្រូវបានផ្សព្វផ្សាយដោយការពិតនោះវានឹងក្លាយជាផ្លូវសម្រាប់ការទាក់ទាញពិភពលោក។ ដូច្នេះ ការការពារព័ត៌មានពិត គឺជាការការពារវិស័យទេសចរណ៍។
ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោក ដែលមានភាពមិនប្រាកដប្រជា ប្រែប្រួលឆាប់រហ័ស និងព័ត៌មានក្លែងក្លាយ។
ត្រង់ចំណុចនេះ ត្រូវបានលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ប្រជាពលរដ្ឋ គឺជាទូតព័ត៌មានរបស់ជាតិ នៅក្នុងសម័យបណ្តាញសង្គម ប្រជាពលរដ្ឋម្នាក់ៗ មិនមែនគ្រាន់តែជាអ្នកទទួលព័ត៌មានទេ ប៉ុន្តែជាអ្នកផ្សព្វផ្សាយព័ត៌មានផងដែរ។ រាល់ការចែករំលែកមួយ គឺជាការបង្ហាញរូបភាពប្រទេសយើងទៅពិភពលោក។ លោកក៏ទទូចសូមប្រជាពលរដ្ឋទាំងអស់ត្រូវ គិតមុននឹងចែករំលែក Share, ផ្ទៀងផ្ទាត់មុននឹងជឿ និងផ្សព្វផ្សាយការពិតមិនផ្សព្វផ្សាយការសន្មត់ទុកជាមុន ត្រូវមានទំនួលខុសត្រូវមុននឹងចែករំលែកត្រូវចូលរួមផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ពេលដែលប្រជាពលរដ្ឋក្លាយជាអ្នកការពារព័ត៌មានពិតនោះប្រទេសយើងនឹងមានការពារដ៏រឹងមាំបំផុត បំលែងការប្រយុទ្ធព័ត៌មានក្លែងក្លាយ ទៅជាយុទ្ធនាការផ្សព្វផ្សាយកម្ពុជា ពោលគឺយើងត្រូវប្រែក្លាយបន្តពីការប្រឆាំងព័ត៌មានក្លែងក្លាយ ទៅការកសាង Brand Cambodia។ យើងមិនអាចឈប់ត្រឹម ការបដិសេធព័ត៌មានមិនពិតបានទេ យើងត្រូវធ្វើលើសពីនេះ គឺត្រូវកសាង “Brand Cambodia” តាមរយៈព័ត៌មានពិត។
បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា យើងត្រូវប្រាប់ពិភពលោកថាកម្ពុជា គឺ(១) កម្ពុជា ជាប្រទេសសន្តិភាព និងស្ថិរភាពយូរអង្វែង, (២) កម្ពុជាជាប្រទេសមនុស្សរួសរាយរាក់ទាក់, (៣) ប្រទេសដែលមានបេតិកភណ្ឌវប្បធម៌ដ៏អស្ចារ្យ, (៤) ប្រទេសដែលមានធម្មជាតិស្រស់ស្អាត, (៥) កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព, (៤) កម្ពុជាជាប្រទេសដែលមានអរិយធម៌បុរាណ និងអនាគតរុងរឿង។ នេះគឺជាសារដែលអាចបំលែងព័ត៌មានទៅជាកម្លាំងទាក់ទាញភ្ញៀវទេសចរ និងវិនិយោគ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ព័ត៌មានពិតថ្ងៃនេះ គឺជាកំណើនសេដ្ឋកិច្ចថ្ងៃស្អែក ការការពារភាពជឿជាក់ព័ត៌មាន គឺជាការការពារឱកាសការងារ ការពារចំណូលពីទេសចរណ៍ និងការពារកំណើនសេដ្ឋកិច្ចជាតិ។ សូមអំពាវនាវឱ្យគ្រប់ភាគី ចូលរួមជាមួយក្រសួងព័ត៌មាន ក្នុងការបង្កើត «វប្បធម៌ ព័ត៌មានទទួលខុសត្រូវ» ដែលព័ត៌មានពិតត្រូវបានលើកកម្ពស់ និងព័ត៌មានក្លែងក្លាយត្រូវបានបដិសេធ។ សូមយើងទាំងអស់គ្នាចងចាំថា កុំចែករំលែកព័ត៌មានដែលអ្នកមិនប្រាកដ, កុំឱ្យព័ត៌មានក្លែង ក្លាយបំផ្លាញមុខមាត់កម្ពុជា, ចូលរួមផ្សព្វផ្សាយភាពពិត និងភាពស្រស់ស្អាតរបស់ប្រទេសយើង៕





















