FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទះអតីតយុទ្ធជន ចូលរួមទ្រទ្រង់សុខុមាលភាព និងផ្ដល់ភាពកក់ក្ដៅដល់ជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ (Video inside)

31-03-2026 21:58

(បន្ទាយមានជ័យ)៖ រដូវប្រាំងកម្ដៅកាន់តែក្ដៅ ការរស់នៅហាក់មិនសូវមានភាពល្អប្រសើរ ទាំងអនាម័យ និងបរិស្ថាន ដ្បិតការរស់នៅរបស់បងប្អូនជនភៀសសឹកជាសមូហភាព។

រាជរដ្ឋាភិបាល បានគិតគូរក្នុងការលើកកម្ពស់សុខុមាលភាពបងប្អូនជនភៀសសឹកនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ តួយ៉ាងខេត្តបន្ទាយមានជ័យ ដែលនៅមានពលរដ្ឋភៀសសឹកមិនទាន់អាចវិលទៅលំនៅដ្ឋានបានច្រើនជាងបណ្ដាខេត្តផ្សេងទៀត។

ដើម្បីធានាសុខភាព អនាម័យ និងបរិស្ថានល្អ រាជរដ្ឋាភិបាល បានសហការជាមួយសមាគមអតីតយុទ្ធជន ដើម្បីប្រើប្រាស់ផ្ទះអតីតយុទ្ធជនជាជម្រកបណ្ដោះអាសន្នសម្រាប់បងប្អូនជនភៀសសឹកប្រមាណ ៣,០០០ គ្រួសារ មកពី ៧ ភូមិ ក្នុងខេត្តបន្ទាយមានជ័យ។

តាមរយៈសមាគមអតីតយុទ្ធជន ដោយរួមសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្ត និងដៃគូអភិវឌ្ឍន៍នានា ផ្ទះអតីតយុទ្ធជន មិនគ្រាន់តែជាជម្រកបណ្ដោះអាសន្ននោះទេ ប៉ុន្តែនឹងជួយបង្កើនសកម្មភាពសេដ្ឋកិច្ចផងដែរ តាមរយៈការផ្ដល់ការងារក្នុងសហគមន៍ និងការបង្កើតសហគមន៍កសិកម្មទំនើប ដែលចូលរួមចំណែកបង្កើនប្រាក់ចំណូលបន្ថែមជូនបងប្អូនជនភៀសសឹក។

សូមជម្រាបថា យោងតាមការបញ្ជាក់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យកន្លងមក ការរៀបចំដី និងផ្ទះជូនបងប្អូនជនភៀសសឹក នៅស្រុកស្វាយចេក មិនមែនជាថ្នូរនៃការដោះដូរជាមួយដីរបស់បងប្អូន ដែលបានបាត់បង់ដោយសារទាហានថៃហ៊ុំព័ទ្ធយកនោះទេ គឺជាការរៀបចំឱ្យរស់នៅជាបណ្ដោះអាសន្នតែប៉ុណ្ណោះ៕