ក្រសួងសាធារណការ ប្រកាសដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធវិក្កយបត្រឌីជីថល សម្រាប់ទូទាត់សេវាសាធារណៈ ដែលមិនទាន់មានក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួង
31-03-2026 21:20
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីជូនដំណឹងស្តីពី ការដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធវិក្កយបត្រឌីជីថល(MPWT Digital Invoice)
សម្រាប់ទូទាត់សេវាសាធារណៈទាំងឡាយណា ដែលមិនទាន់មានក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួង ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ស្អែកនេះតទៅ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ បានឱ្យដឹងទៀតថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធថ្មីនេះ មានគោលបំណងលើកកម្ពស់គុណភាពសេវាសាធារណៈ និងបង្ក
លក្ខណៈងាយស្រួលដល់សាធារណជន ក្នុងការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ
និងធនាគារដៃគូរបស់ក្រសួង ប្រកបដោយតម្លាភាព និងសុវត្ថិភាពខ្ពស់។
ជាមួយគ្នានេះសម្រាប់សេវាសាធារណៈដែលសាធារណជនធ្លាប់បានប្រើប្រាស់ក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មនាពេលកន្លងមក គឺនៅតែបន្តអនុវត្តតាមនីតិវិធីដដែល។ បន្ថែមពីនេះ សាធារណជនក៏អាចស្វែងយល់ព័ត៌មានលម្អិតបន្ថែមអំពីកម្រៃសេវាសាធារណៈ និងសំណុំឯកសារពាក់ព័ន្ធផ្សេងៗក្នុងវិស័យសាធារណការ និងដឹកជញ្ជូន តាមរយៈគេហទំព័រផ្លូវការ services.mpwt.gov.kh ផងដែរ៕
