រដ្ឋមន្ត្រី ជា វ៉ាន់ដេត ជួបពិភាក្សាការងារជាមួយប្រធានសមាគមជប៉ុន-កម្ពុជា ដើម្បីពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក
31-03-2026 21:17
(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងសហការី នៅទីស្ដីការ ក.ប.ទ.។
ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង និងសមាគម នាពេលកន្លងមក និងកិច្ចសហប្រតបត្តិការបន្តរួមមាន (១) កម្មវិធីបណ្តុះបណ្តាលធនធានមនុស្សជំនាញបច្ចេកវិទ្យាព័ត៌មាន (IT Pathway) ដើម្បីបញ្ជូននិស្សិតជំនាញឌីជីថល របស់កម្ពុជា ទៅបម្រើការងារនៅក្នុងប្រទេសជប៉ុន, (២) ការជួយគាំទ្រក្នុងការរៀបចំផែនការមេគម្រោងសួនឌីជីថល របស់ក្រុមហ៊ុនជប៉ុន Nippon Koei, (៣) កិច្ចការវិនិយោគរបស់ក្រុមហ៊ុនដែលជាសមាជិករបស់សមាគមនៅកម្ពុជា, (៤) ចំណាប់អារម្មណ៍លើការវិនិយោគពីក្រុមហ៊ុនជប៉ុន ក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា និង(៥) គម្រោងរៀបចំពិព័រណ៍ឱកាសបម្រើការងារនៅក្នុងប្រទេសជប៉ុន ដើម្បីអនុញ្ញាតឱ្យមានការផ្លាស់ប្ដូររវាង វិស្វករជំនាញ និងនិស្សិតនៃប្រទេសទាំង២៕




