លោក ម៉ម ប៊ុននាង អញ្ជើញនាំយកអំណោយមនុស្សធម៌ ក្នុងទំហំទឹកប្រាក់ប្រមាណជាង មួយលាន ប្រាំសែនដុល្លារ ប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀង
31-03-2026 20:15
(ស្វាយរៀង)៖ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈ-កម្មការ តំណាងលោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយ អំណោយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ Global Life Sharing និងអំណោយរបស់វិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ថ្នាក់ដឹកនាំ និងសហការីនៃវិទ្យាស្ថាន បញ្ញាឌីជីថលកម្ពុជា នៅសាលាខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។
អំណោយមនុស្សធម៌ ដែលប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀងនាឱកាសនោះ រួមមាន ឱសថសម្រាប់ព្យាបាលជំងឺទូទៅ រួមជាមួយកុំព្យូទ័រយួរដៃចំនួន១៣គ្រឿង ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះឱ្យបានកាន់តែប្រសើរ ព្រមទាំងចូលរួមលើកកម្ពស់ការអប់រំថ្នាក់ឧត្តមសិក្សាតាមប្រព័ន្ធឌីជីថលដល់យុវជន ជាពិសេសដល់អ្នកដែលពុំមានលទ្ធភាពនិងពុំមានពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សា។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកប្រធានគណៈកម្មការទី១០ព្រឹទ្ធស ភា បានពាំនាំនូវបណ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធ ស ភា ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ជាពិសេសប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង។
លោក ម៉ម ប៊ុននាង មានប្រសាសន៍បន្តថា ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានកំណត់យកអាទិភាពការងារចម្បងចំនួនពីរ គឺ ១.ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជា មួយអង្គបោះឆ្នោត តាមរយៈការចុះគាំទ្រកិច្ចអភិវឌ្ឍនៅមូលដ្ឋាន និង២.ការពង្រឹងកិច្ចអនុវត្តការទូតសភា។
លោកបន្តថា ពេលនេះ ក្នុងនាមសេនាធិការរបស់ព្រឹទ្ធសភា, គណៈកម្មការទី១០ បាននាំមកនូវសមិទ្ធផលនៃការអនុវត្តការងារជាអាទិភាពទាំងពីរខាងលើដែលមានទឹកប្រាក់សរុបប្រមាណជាង មួយលាន ប្រាំសែនដុល្លារ ជូនដល់រដ្ឋបាលខេត្តស្វាយរៀង។
ក្នុងឱកាសនោះ លោក ឈន ឈុនឡេង ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងជាស្ថាបនិក និងជានាយកវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា បានធ្វើបទបង្ហាញអំពីដំណើរការប្រព្រឹត្តទៅរបស់ក្រុមហ៊ុន E-School Cambodia និងវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា បានលើកឡើងថា
E-School Cambodia គឺជាសាលាឌីជីថល ឈានមុខគេនៅកម្ពុជាផ្តោតសំខាន់សិក្សាតាមអនឡាញ ចាប់ពីមត្តេយ្យសិក្សាដល់ថ្នាក់ទី១២,ថ្នាក់ត្រៀមប្រឡងសិស្សពូកែ ឬមហាវិទ្យាល័យ និងថ្នាក់ភាសាបរទេស។ E-School Cambodia បានបង្កើតឡើងនៅឆ្នាំ២០១៧ដែលមានទស្សនៈវិស័យច្បាស់លាស់មួយគឺ ប្រទេសមួយ សាលាឌីជីថលមួយ ជាមួយបេសកកម្មបង្កើតធនធានមនុស្សឌីជីថល។
លោកបន្តថា កន្លងមកនេះ E-School Cambodia បានចូលរួមយ៉ាងសកម្មជាមួយក្រសួងអប់រំយុវជន និងកីឡា អំឡុងពេលប្រទេសជាតិជួបវិបត្តិជំងឺកូវីដ-១៩ ក្នុងការជួយដល់សិស្សានុសិស្សបានបន្តការសិក្សាទោះបីប្រទេសកំពុងជួបវិបត្តិជំងឺកូវីដ-១៩ក៏ដោយ។ បើគិតមកទល់ពេលនេះE-School Cambodia មានអ្នកប្រើប្រាស់ប្រមាណជាងមួយលាននាក់។តាមរយៈសមិទ្ធផល ស្នាដៃ និងភាពជោគជ័យជិត១០ឆ្នាំ ព្រមទាំងមានការគាំទ្រពីបណ្តាលក្រសួង ស្ថាប័នពាក់ព័ន្ធ E-School Cambodia បានបង្កើត វិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ដែលប្រតិបត្តិការនៅក្រោមក្រុមហ៊ុនអ៊ី-ស្គូល(ខេមបូឌា) ដើម្បីពង្រីកវិសាលភាព និងសមត្ថភាពបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈចាប់ពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងផ្តល់នូវភាពកាន់តែងាយស្រួលដល់និស្សិតក្នុងការសិក្សាបានគ្រប់ពេលវេលា គ្រប់ទីកន្លែង មិនថា នៅពេលណា ឬនៅកន្លែងណានោះទេ។ វិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា បានសហការជាមួយសកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក និងនៅប្រទេសអូស្ត្រាលី ដែលអាចផ្តល់ជាអាហារូបករណ៍ ឬជួយសម្របសម្រួលដល់និសិត្សខ្មែរឱ្យទៅបន្តការសិក្សានៅបរទេសបានផងដែរ។សិក្សានៅ វិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា និស្សិតនឹងទទួលបានឱកាសការងារទាំងក្នុងពេលសិក្សា និងក្រោយពេលបញ្ចប់ការសិក្សា រៀនបណ្តើរ អនុវត្តន៍ការងារបណ្តើរ ទទួលបានទាំង ចំណេះ ជំនាញ និងចំណូល។
លោកនាយក បានបន្តគូសបញ្ជាក់ថា វិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជានឹងផ្តល់អាហារូបករណ៍ដល់យុវជនក្នុងខេត្តស្វាយរៀង តាមរយៈក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន១០០កន្លែង(ក្នុងមួយឃុំ សង្កាត់)សិក្សាដោយឥតគិតថ្លៃ ហើយ ក្រៅពីនោះគឺបង់ថ្លៃសិក្សាក្នុងកម្រិតទាប ប្រមាណជា៤៥ដុល្លារក្នុងមួយខែ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះតទៅ។
តាងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀងលោក ប៉េង ពោធិ៍សា បានមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ថ្នាក់ដឹកនាំព្រឹទ្ធសភា ពិសេសគណៈកម្មការទី១០ព្រឹទ្ធសភា ដឹកនាំដោយលោក ម៉ម ប៊ុននាង មូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ដែលបាននាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា និងមានសារសំខាន់បំផុត មកប្រគល់ជូនដល់រដ្ឋបាលខេត្តស្វាយរៀង និងជាពិសេសចំពោះយុវជនឱ្យទទួលបាននូវការសិក្សាកាន់តែងាយស្រួល ចំណាយតិច តែមានប្រសិទ្ធភាពនិងគុណភាពតាមស្តង់ដាអន្តរជាតិ។
លោកអភិបាលខេត្ត បានប្តេជ្ញាគ្រប់គ្រង បែងចែកអំណោយរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភានិងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េ ឱ្យដល់ដៃអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងបរិយាបន្ន និងផ្សព្វផ្សាយការបណ្តុះបណ្តាលតាមប្រព័ន្ធឌីជីថលរបស់វិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ឱ្យបានដល់គ្រប់មូលដ្ឋានក្នុងខេត្តស្វាយរៀង៕

















