FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចប្រជុំក្រុមការងារកងទ័ពជើងគោក និងកិច្ចប្រជុំផែនការបឋមសមយុទ្ធឆ្មាំអង្គរ រវាងកងទ័ពជើងគោក នៃកងយុទ្ធពលខេមរភូមិន្ទ និងកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិក បានប្រព្រឹត្តទៅដោយជោគជ័យ និងមានលទ្ធផលវិជ្ជមាន

31-03-2026 19:39

(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក មានរៀបចំកិច្ចប្រជុំក្រុមការងារកងទ័ពជើងគោក កម្ពុជា-អាមេរិក និងកិច្ចប្រជុំផែនការបឋមសមយុទ្ធឆ្មាំអង្គរ ដែលភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ទោ ហេង មករា មេបញ្ជាការរងកងទ័ពជើងគោក ខភម និងភាគីអាមេរិក ដឹកនាំដោយ ឧត្តមសេនីយ៍ទោ GILES J.S. CORNELIA មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក។

ក្នុងកិច្ចប្រជុំក្រុមការងារកងទ័ពជើងគោក ភាគីទាំងពីរអបានឯកភាពពង្រឹងកិច្ចសហការ និងការងារហ្វឹកហ្វឺនបណ្តុះបណ្តាល តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ (SMEE) និងការបណ្ដុះបណ្ដាលគ្រូបង្គោល (TTT) លើជំនាញផ្សេងៗដូចជា សង្គ្រោះគ្រោះមហន្តរាយ បោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងយុទ្ធវិធីព្រៃភ្នំ។

សម្រាប់សមយុទ្ធឆ្មាំអង្គរ គឺបានកំណត់ប្រធានបទ “រួមគ្នា សម្រាប់ការជួយសង្គ្រោះ សន្តិភាព និងការស្តារឡើងវិញ” ដែលមានលំហាត់ទីបញ្ជាការ និងលំហាត់ទីលាន ហើយគ្រោងរៀបចំនៅក្នុងដើមឆ្នាំ ឆ្នាំ២០២៧ ខាងមុខ។

កិច្ចប្រជុំបានបញ្ចប់ដោយការចុះហត្ថលេខាលើកំណត់ហេតុ ដែលបានបង្ហាញពីប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ៕