Fresh Exclusive: តើសង្គ្រាមអ៊ីរ៉ង់ កំពុងខិតជិតដល់ចំណុចចុងបញ្ចប់ហើយឬនៅ? (Video inside)
31-03-2026 17:42
(ភ្នំពេញ)៖ សង្គ្រាមរវាងអ៊ីរ៉ង់ជាមួយនឹងសម្ព័ន្ធអាមេរិក-អ៊ីស្រាអែល បានឈានចូលដល់ថ្ងៃទី ៣២ ហើយ។ កាសែត Wall Street Journal ដែលបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានពិចារណាបិទបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ទោះបីបញ្ហាច្រកសមុទ្រ Hormuz នៅមិនទាន់ដោះស្រាយក៏ដោយ។
Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅមួយជុំវិញ បញ្ហានេះ …
នៅក្នុងប្រវត្តិសាស្ត្រសង្គ្រាមជាច្រើន ចុងបញ្ចប់មិនត្រូវបានកំណត់ដោយការប្រយុទ្ធចុងក្រោយ ឬការដួលរលំនៃទីក្រុងណាមួយទេ ប៉ុន្តែត្រូវបានកំណត់ដោយថ្លៃសង្គ្រាម សម្ពាធសេដ្ឋកិច្ច និងសម្ពាធនយោបាយ។ សង្គ្រាមរវាងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ នៅពេលនេះ ក៏កំពុងបង្ហាញសញ្ញាដូចគ្នា។ ដើម្បីយល់ថា សង្គ្រាមនេះកំពុងខិតជិតដល់ចុងបញ្ចប់ឬនៅ អ្នកវិភាគជាច្រើន កំពុងពិនិត្យមើលទៅលើសសរស្តម្ភយុទ្ធសាស្ត្រ ៥ ដែលអាចកំណត់ទិសដៅចុងក្រោយរបស់សង្គ្រាមនេះ។
*សសរស្តម្ភទី១៖ តម្លៃប្រេង
តម្លៃប្រេង គឺជាសូចនាករសំខាន់បំផុតមួយសម្រាប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ រាល់ពេលមានភាពតានតឹងនៅច្រកសមុទ្រហ័រមូស តម្លៃប្រេងភ្លាមៗនឹងឡើង ព្រោះទីផ្សារពិភពលោកភ័យខ្លាចថាការដឹកជញ្ជូនប្រេងនឹងត្រូវរំខាន។ ក្នុងប្រវត្តិសាស្ត្រ សង្គ្រាមជាច្រើននៅមជ្ឈិមបូព៌ា បានបង្កឱ្យមានវិបត្តិប្រេង ដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោករងសម្ពាធខ្លាំង។
អ្នកវិភាគថាមពលមួយចំនួន បែងចែកកម្រិតតម្លៃប្រេងក្នុងមួយបារ៉ែល ដើម្បីវាស់សម្ពាធសេដ្ឋកិច្ច និងសម្ពាធនយោបាយ ដូចខាងក្រោម៖
- ប្រេងតម្លៃក្រោម ៨០ ដុល្លារ វាជាស្ថានភាពធម្មតា
- ប្រេងតម្លៃពី៨០–១០០ដុល្លារ → វាជាស្ថានភាពតានតឹង
- ប្រេងតម្លៃពី១០០–១២០ដុល្លារ → វាជាសម្ពាធសេដ្ឋកិច្ច
- ប្រេងតម្លៃពី១២០–១៥០ដុល្លារ → វាជាសម្ពាធពិភពលោកខ្លាំង
- ហើយបើតម្លៃវាលើស ១៥០ដុល្លារ → វាជាវិបត្តិសេដ្ឋកិច្ចពិភពលោក។
ទីភ្នាក់ងារ Reuters, The Guardian និង The Economic Timesបានរាយការណ៍ថា គិតត្រឹមចុងខែមីនា ឆ្នាំ២០២៦ តម្លៃប្រេងក្នុងមួយបារ៉ែល ស្ថិតនៅប្រមាណពី ១១០ ដល់ ១១៦ ដុល្លារ។ នេះមានន័យថា សង្គ្រាមបានធ្វើឱ្យទីផ្សារប្រេងពិភពលោកចូលដំណាក់កាល «សម្ពាធសេដ្ឋកិច្ច» រួចហើយ ប៉ុន្តែមិនទាន់ដល់កម្រិតវិបត្តិពិភពលោកនៅឡើយទេ។
បើតម្លៃប្រេងឡើងដល់ចន្លោះ ១២០ទៅ១៥០ដុល្លារ ក្នុងមួយបារ៉ែល សម្ពាធពីប្រទេសធំៗ និងសម្ពាធសេដ្ឋកិច្ចពិភពលោក នឹងកើនឡើងខ្លាំង ហើយជាញឹកញាប់ នោះជាពេលដែលការចរចា ត្រូវបានចាប់ផ្តើមយ៉ាងយកចិត្តទុកដាក់ ដើម្បីបញ្ចប់វិបត្តិ។
ដូច្នេះក្នុងសង្គ្រាមនេះ តម្លៃប្រេង មិនត្រឹមតែជាបញ្ហាសេដ្ឋកិច្ចទេ ប៉ុន្តែជាអាវុធយុទ្ធសាស្ត្រផងដែរ ព្រោះវាអាចបង្កសម្ពាធលើសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសជាច្រើនក្នុងពិភពលោក។
ប៉ុន្តែពេលនេះ សញ្ញាមួយដែលគួរឱ្យកត់សម្គាល់ គឺការរាយការណ៍របស់កាសែត Wall Street Journal ដែលបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានពិចារណាបិទបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ទោះបីបញ្ហាច្រកសមុទ្រ Hormuz នៅមិនទាន់ដោះស្រាយក៏ដោយ ហើយចង់ដោះស្រាយបញ្ហានេះនៅពេលក្រោយ។ ប្រសិនបើព័ត៌មាននេះត្រឹមត្រូវ វាបង្ហាញថា យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក កំពុងផ្លាស់ពីការស្វែងរកជ័យជម្នះយោធា ទៅការគ្រប់គ្រងចុងបញ្ចប់នៃសង្គ្រាមតាមវិធីនយោបាយ។
ក្នុងវិទ្យាសាស្ត្រយុទ្ធសាស្ត្រ នេះជាញឹកញាប់ត្រូវបានចាត់ទុកថា ជាសញ្ញាថា សង្គ្រាមបានចូលដំណាក់កាលចុងក្រោយ ដែលមេដឹកនាំចាប់ផ្តើមគិតពីរបៀបបញ្ចប់សង្គ្រាម មិនមែនតែរបៀបបន្តសង្គ្រាមទៀតទេ។
*សសរស្តម្ភទី២៖ ផ្លូវដឹកជញ្ជូន
ច្រកសមុទ្រហ័រមូស គឺជាច្រកដឹកប្រេងសំខាន់បំផុតមួយក្នុងពិភពលោក។ ប្រហែលមួយភាគធំនៃប្រេងពិភពលោក ត្រូវឆ្លងកាត់ច្រកសមុទ្រនេះ។ បើច្រកនេះត្រូវបានរំខាន ឬ បិទ សេដ្ឋកិច្ចពិភពលោកនឹងរងផលប៉ះពាល់ភ្លាមៗ។
ដូច្នេះនៅពេលមានការវាយប្រហារលើនាវាប្រេង ឬការគំរាមបិទច្រក
- ថ្លៃធានារ៉ាប់រងនាវា កើនឡើង
- ថ្លៃដឹកជញ្ជូន កើនឡើង
- ក្រុមហ៊ុនដឹកជញ្ជូនផ្លាស់ប្តូរផ្លូវ
- ពេលដឹកជញ្ជូនយូរឡើង
- តម្លៃទំនិញពិភពលោកឡើង
និយាយឱ្យសាមញ្ញ បើផ្លូវដឹកជញ្ជូនមានបញ្ហា សេដ្ឋកិច្ចពិភពលោកទាំងមូលនឹងមានបញ្ហា។ នេះជាមូលហេតុដែលប្រទេសធំៗ មិនចង់ឱ្យសង្គ្រាមបន្តយូរ។ តាមការតាមដានសុវត្ថិភាពនាវាចរណ៍ ចាប់តាំងពីចុងខែកុម្ភៈ ឆ្នាំ ២០២៦ មក មាននាវាពាណិជ្ជកម្ម និងនាវាប្រេងប្រហែលជាង ២០ គ្រឿង បានរងការវាយប្រហារ ឬរងការរំខាននៅតំបន់ជិតច្រកសមុទ្រហ័រមូស។ ក្នុងស្ថានភាពធម្មតា មាននាវាប្រហែល ៩០ ទៅ ១០០ គ្រឿង ឆ្លងកាត់ច្រកនេះក្នុងមួយថ្ងៃ ប៉ុន្តែពេលមានសង្គ្រាម ចំនួននេះបានធ្លាក់ចុះប្រហែល ៦០ ទៅ ៧០ គ្រឿងក្នុងមួយថ្ងៃ មានន័យថា ចរាចរណ៍នាវាបានធ្លាក់ចុះប្រហែល ២៥ ទៅ ៣៥ ភាគរយ។ អ្នកវិភាគមើលថា ការធ្លាក់ចុះក្នុងកម្រិតនេះ គឺជាសញ្ញានៃសម្ពាធសេដ្ឋកិច្ចក្នុងសង្គ្រាម ប៉ុន្តែមិនទាន់ដល់កម្រិតវិបត្តិពិភពលោកនៅឡើយទេ។
*សសរស្តម្ភទី៣៖ ថ្លៃសង្គ្រាម
សង្គ្រាមសម័យទំនើប មានថ្លៃខ្ពស់ណាស់។ ការប្រើនាវាផ្ទុកយន្តហោះ មីស៊ីល យន្តហោះ និងប្រព័ន្ធការពារ ត្រូវចំណាយលុយរាប់ពាន់លានដុល្លារ។ ក្នុងប្រវត្តិសាស្ត្រ សង្គ្រាមអ៊ីរ៉ាក់ និង អាហ្វហ្គានីស្ថាន បានចំណាយលុយអាមេរិក រាប់ពាន់ពាន់លានដុល្លារ។
អ្នកវិភាគយោធាប៉ាន់ស្មានថា សហរដ្ឋអាមេរិកអាចចំណាយយ៉ាងតិចមិនក្រោម១០០លានដុល្លារទេក្នុងមួយថ្ងៃ សម្រាប់ប្រតិបត្តិការយោធានៅតំបន់មជ្ឈិមបូព៌ា ខណៈអ៊ីរ៉ង់អាចចំណាយប្រហែល ៥ ទៅ ១៥ លានដុល្លារ ក្នុងមួយថ្ងៃ ដោយប្រើយុទ្ធសាស្ត្រយោធាមិនសមមាត្រ។ នេះមានន័យថា សង្គ្រាមកាន់តែយូរ ថ្លៃសង្គ្រាមសម្រាប់អាមេរិកនឹងកើនឡើងលឿនជាងអ៊ីរ៉ង់ ហើយសម្ពាធនយោបាយក្នុងប្រទេសអាចក្លាយជាកត្តាមួយដែលបង្ខំឱ្យមានការចរចា។
ក្នុងទ្រឹស្តីយុទ្ធសាស្ត្រ មានគំនិតមួយថា សង្គ្រាមបន្ត នៅពេលគោលដៅសង្គ្រាមធំជាងថ្លៃសង្គ្រាម។ សង្គ្រាមបញ្ចប់ នៅពេលថ្លៃសង្គ្រាម ធំជាងគោលដៅសង្គ្រាម។
ដូច្នេះសំណួរមិនមែនថា អ្នកណាឈ្នះទេ ប៉ុន្តែថា អ្នកណាអាចទ្រាំថ្លៃសង្គ្រាមបានយូរជាង។
*សសរស្តម្ភទី៤៖ សម្ពាធនយោបាយ
សង្គ្រាមមិនត្រឹមតែមានសមរភូមិនៅក្រៅប្រទេសទេ ប៉ុន្តែមានសមរភូមិនយោបាយនៅក្នុងប្រទេសផងដែរ។ ពេលសង្គ្រាមយូរ
- ប្រជាជនចាប់ផ្តើមប្រឆាំងសង្គ្រាម
- រដ្ឋសភាចាប់ផ្តើមសួរថ្លៃចំណាយ
- សម្ព័ន្ធមិត្តចាប់ផ្តើមសុំឱ្យចរចា
- សេដ្ឋកិច្ចក្នុងប្រទេសមានបញ្ហា
ចាប់តាំងពីមានការវាយប្រហារនៅថ្ងៃទី ២៨ កុម្ភៈ មក សម្ពាធនយោបាយបានកើនឡើងទាំងនៅសហរដ្ឋអាមេរិក និង អ៊ីរ៉ង់។ នៅអាមេរិក ការឡើងថ្លៃប្រេង និងការចំណាយថវិកាសង្គ្រាម បានក្លាយជាបញ្ហានយោបាយក្នុងសភា និងក្នុងចំណោមអ្នកបោះឆ្នោត ខណៈនៅអ៊ីរ៉ង់ សេដ្ឋកិច្ច ទណ្ឌកម្ម និងសម្ពាធក្នុងប្រទេស ក៏កំពុងកើនឡើងផងដែរ។
ក្នុងប្រវត្តិសាស្ត្រ សង្គ្រាមជាច្រើនមិនបានបញ្ចប់នៅសមរភូមិទេ ប៉ុន្តែបានបញ្ចប់ដោយសម្ពាធនយោបាយនៅក្នុងប្រទេស។ ដូច្នេះ ចុងបញ្ចប់នៃសង្គ្រាមអ៊ីរ៉ង់ ប្រហែលនឹងត្រូវកំណត់ មិនត្រឹមតែដោយយោធា ប៉ុន្តែដោយនយោបាយផងដែរ។
ក្នុងប្រវត្តិសាស្ត្រធ្វើសង្គ្រាម សម្ពាធនយោបាយក្នុងប្រទេសធំៗ ជាញឹកញាប់ ជាអ្វីដែលបង្ខំឱ្យសង្គ្រាមបញ្ចប់ មិនមែនការប្រយុទ្ធនៅសមរភូមិទេ។
*សសរស្តម្ភទី៥៖ បណ្តាញចរចា
សង្គ្រាមជាច្រើន មិនបញ្ចប់ដោយការចុះហត្ថលេខាសន្តិភាពភ្លាមៗទេ ប៉ុន្តែបញ្ចប់ដោយការចរចាដែលកើតឡើង ខណៈសង្គ្រាមនៅតែបន្ត។ ក្នុងបរិបទសង្គ្រាមអ៊ីរ៉ង់ ទោះបីសង្គ្រាមនៅតែបន្តក៏ដោយ សញ្ញាជាច្រើនបង្ហាញថា បណ្តាញចរចា មិនបានបាត់បង់ឡើយ។ ក្នុងសង្គ្រាមសម័យទំនើប ប្រទេសដែលប្រយុទ្ធគ្នា ជាញឹកញាប់ បាញ់គ្នានៅសមរភូមិ ប៉ុន្តែនិយាយគ្នានៅក្រោយឆាកពេលតែមួយ។ ការចរចាមិនតែងតែធ្វើឡើងដោយមេដឹកនាំផ្ទាល់ទេ ប៉ុន្តែធ្វើឡើងតាមរយៈតំណាងការទូត តំណាងសន្តិសុខ និងប្រទេសជាអន្តរការី។ តំណាងអាមេរិក និង តំណាងអ៊ីរ៉ង់ ជាញឹកញាប់ ត្រូវគេរាយការណ៍ថា បានជួបគ្នាដោយផ្ទាល់ ឬ ដោយប្រយោល តាមរយៈប្រទេសអន្តការី ដូចជា អូម៉ង់ កាតា ស្វីស និងអង្គការសហប្រជាជាតិ ដើម្បីផ្ញើសារ ពិភាក្សាលក្ខខណ្ឌ និងស្វែងរកផ្លូវបញ្ចប់វិបត្តិ។ នៅក្នុងយុទ្ធសាស្ត្រ នេះជាសញ្ញាថា សង្គ្រាមបានចូលដំណាក់កាលនយោបាយ មិនមែនតែដំណាក់កាលយោធាទៀតទេ។
សន្និដ្ឋាន៖ បើមើលតាមតម្លៃប្រេង ការវាយប្រហារនាវា ថ្លៃសង្គ្រាម សម្ពាធនយោបាយ និងបណ្តាញចរចា សង្គ្រាមអ៊ីរ៉ង់នៅពេលនេះ មិនទាន់ដល់ទីបញ្ចប់នៅឡើយទេ ប៉ុន្តែវាបានចូលដំណាក់កាលដែលមេដឹកនាំចាប់ផ្តើមគិតពីការបញ្ចប់សង្គ្រាម។
សេចក្តីរាយការណ៍បង្ហាញថា ប្រធានាធិបតីអាមេរិកចង់បិទបញ្ចប់សង្គ្រាម ទោះបីបញ្ហាច្រកសមុទ្រ Hormuz នៅមិនទាន់ដោះស្រាយក៏ដោយ អាចជាសញ្ញាថា សង្គ្រាមនេះកំពុងផ្លាស់ពីដំណាក់កាលយោធា ទៅដំណាក់កាលនយោបាយ ដែលជាញឹកញាប់ជាដំណាក់កាលចុងក្រោយនៃសង្គ្រាមហើយ៕








