FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសេដ្ឋកិច្ច ចាត់ទុកការបញ្ជ្រាបការយល់ដឹង ស្តីពីការប្រើប្រាស់ FMIS ដល់មន្ត្រីរាជការ ដើរតួយ៉ាងសំខាន់ ក្នុងការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ប្រកបដោយប្រសិទ្ធភាព

31-03-2026 17:33

(ភ្នំពេញ)៖ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងឱ្យបានគ្រប់ជ្រុងជ្រោយ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីដែលកំពុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ក៏ដូចជាអង្គភាពថ្មីៗ ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ FMIS នៅពេលខាងមុខ ដើម្បីធានាថា អ្នកពាក់ព័ន្ធទាំងអស់អាចអនុវត្តនីតិវិធីតាម FMIS បានយ៉ាងត្រឹមត្រូវ និង មានប្រសិទ្ធភាព, នាព្រឹកថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៦ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «បញ្ជ្រាបការយល់ដឹងស្តីពីការប្រើប្រាស់ FMIS» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន និង មន្ត្រីពាក់ព័ន្ធពីរាជធានី-ខេត្ត ចំនួន ៣៥០ នាក់ ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងស្របតាមផែនការអនុវត្តគម្រោង FMIS ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ។ កម្មវិធីនេះ មានគោលបំណងសំខាន់ក្នុងការបន្តជំរុញការយល់ដឹង និងការត្រៀមខ្លួនរបស់មន្ត្រីរាជការ សម្រាប់ការប្រើប្រាស់ FMIS ឱ្យបានពេញលេញ និង មានប្រសិទ្ធភាព ។

ថ្លែងក្នុងកម្មវិធីនេះ, បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា FMIS ដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ដោយផ្តោតលើលទ្ធផល និង សមិទ្ធកម្ម ព្រមទាំងធានាបាននូវការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ឱ្យមានតម្លាភាព និង ប្រសិទ្ធភាព ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាកម្មវិធីគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយ ដែលផ្តោតលើលទ្ធផល ឬ សមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ ស្របតាមស្តង់ដា និង ឧត្តមានុវត្តន៍ ។

លោកបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីសមិទ្ធផលជាច្រើន ដែលសម្រេចបានថ្មីៗ ក្នុងក្របខ័ណ្ឌនៃការអនុវត្តគម្រោង FMIS ចាប់តាំងពីការអនុវត្តជំហានទី១ រហូតមកដល់បច្ចុប្បន្ន រួមមាន ការដាក់ឱ្យប្រើប្រាស់នៅការដ្ឋានសរុបចំនួន ៣៨៤ ការដ្ឋាន, មុខងារប្រព័ន្ធដែលកំពុងដំណើរការមានចំនួន ៨ មុខងារ, សន្ធានកម្មជាមួយប្រព័ន្ធខាងក្រៅមានចំនួន ២២ ប្រព័ន្ធ, របាយការណ៍ផលិតចេញពីប្រព័ន្ធសរុបមានចំនួន ៧៤ របាយការណ៍ និង អ្នកកំពុងប្រើប្រាស់ប្រព័ន្ធសរុបមានចំនួន ៣,៨២៣ នាក់ ។
ដោយឡែក,សម្រាប់ការដ្ឋានដែលកំពុងប្រើប្រាស់ FMIS-Portal ជំនាន់ទី១ មានចំនួន ១,៨៦០ ការដ្ឋាន និង អ្នកប្រើប្រាស់ប្រព័ន្ធនេះសរុបមានចំនួន ៣,៥៧១ នាក់ ។

ទន្ទឹមនឹងការពង្រីកការដ្ឋាន, ការពង្រីកវិសាលភាពនៃការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង ក៏ត្រូវបានដាក់ឱ្យអនុវត្តរួចរាល់នៅក្រសួង-ស្ថាប័នចំនួន ២៨ រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន ១០១, អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញចំនួន ១៨, រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ចំនួន ៩៥, មន្ទីរអប់រំ យុវជន និង កីឡារាជធានី-ខេត្តទាំង ២៥ និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ចំនួន ៩ ។

លោកបណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមថា តាមរយៈទិន្នន័យពីក្រសួង-ស្ថាប័នចំនួន ១៦ ដែលបានអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង, ការអនុវត្តនីតិវិធីការងារតាម FMIS ទាំងស្រុង បានកាត់បន្ថយរយៈពេលនៃការទូទាត់ថវិកា ជូនអ្នកផ្គត់ផ្គង់ ឬ អ្នកទទួលផល មកនៅត្រឹមតែ ៩ថ្ងៃប៉ុណ្ណោះ ជាមធ្យមក្នុងឆ្នាំ ២០២៥ (ដោយរាប់ចាប់ពីការស្នើសុំទូទាត់ចំណាយ), បើប្រៀបធៀបនឹងការប្រើរយៈពេលជាច្រើនខែ មុនពេលអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង ។

លោកបណ្ឌិតសភាចារ្យ បានជំរុញឱ្យក្រសួង-ស្ថាប័ន និង អង្គភាពពាក់ព័ន្ធ បន្តពង្រឹងភាពជាម្ចាស់ និង ការទទួលខុសត្រូវ ក្នុងការរៀបចំធនធានមនុស្ស បង្កើនសមត្ថភាពមន្ត្រី ក៏ដូចជា ត្រៀមខ្លួនចូលរួមវគ្គបណ្តុះបណ្តាលនានា សំដៅធានាការប្រើប្រាស់ FMIS ឱ្យកាន់តែមានប្រសិទ្ធភាព ។ ជាមួយគ្នានេះ, ក្រុមការងារបច្ចេកទេស ត្រូវបន្តអភិវឌ្ឍ និង ធ្វើនវានុវត្តប្រព័ន្ធជាបន្តបន្ទាប់ ដើម្បីបង្កើនភាពងាយស្រួល និង សុវត្ថិភាព ជូនអ្នកប្រើប្រាស់ ។

ជាទីបញ្ចប់, លោកបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់ អ្នកដែលបានចូលរួមក្នុងកម្មវិធីបញ្ជ្រាបការយល់ដឹងដ៏មានសារៈសំខាន់នេះ និង បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតំណាងក្រសួង-ស្ថាប័ន និង អង្គភាពពាក់ព័ន្ធ ឱ្យបន្តចូលរួមវគ្គបណ្តុះបណ្តាលនានា ដែលរៀបចំដោយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ នូវទិដ្ឋភាពបច្ចេកទេស និង អត្ថប្រយោជន៍នៃការប្រើប្រាស់ FMIS, ជាពិសេស ត្រូវតម្កល់ស្មារតី «ឧត្តមនិយម» នៃផលប្រយោជន៍រួម ដោយទុកដោយឡែកនូវប្រយោជន៍បុគ្គល ក្នុងពេលបំពេញការងារ សំដៅរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និង ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ៕