FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងធានាគារអភិឌ្ឍន៍អាស៊ី បើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តសម្រាប់កម្ពុជា

31-03-2026 16:38

(ភ្នំពេញ)៖ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌(ECOSOCC)និងធានាគារអភិឌ្ឍន៍អាស៊ី(ADB)នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តសម្រាប់កម្ពុជា នៅសណ្ឋាគារ SHANGRI-LA រាជធានីភ្នំពេញ។

សិក្ខាសាលាពិគ្រោះយោបល់នេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកសាស្រ្តាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុបេសសកម្មពិសេស និងជាប្រធានECOSOCC តំណាងដ៏ខ្ពង់ខ្ពស់ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជាមួយនឹងភាគី ADB រួមមាន លោកស្រី Yasmin Siddiqi នាយិកាធនាគារ ADB ប្រចាំកម្ពុជា លោក Tristan J.Metcalfe អ្នកជំនាញវិស័យសាធារណៈរបស់ ADB និងលោកស្រី Eleanor Mak អ្នកជំនាញ RIA អន្តរជាតិ (ទីប្រឹក្សា ADB)ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្រ្តីរាជការនៃ ECOSOCC, ក្រុមប្រឹក្សាអ្នកច្បាប់, គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី, តំណាងក្រសួងស្ថាប័នទាំងអស់, តំណាងអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្រ្តីមួយចំនួន។

លោកសាស្រ្តាចារ្យបណ្ឌិត ឆែម គាតរិទ្ធី បានលើកឡើងថា សិក្ខាសាលានេះ មានគោលបំណងប្រមូលធាតុចូលពីតួអង្គពាក់ព័ន្ធ ដើម្បីកែលម្អសេចក្តីព្រាងគោលការណ៍ណែនាំRIA ថ្មី ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តRIA នៅតាមក្រសួង ស្ថាប័ន សំដៅលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការតាក់តែងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។

លោកសាស្រ្តាចារ្យបណ្ឌិត បានថ្លែងថា សិក្ខាសាលានេះក៏ជាឱកាសក្នុងការលើកកម្ពស់ការយល់ដឹងបន្ថែមដល់មន្ត្រីគ្រប់ក្រសួង ស្ថាប័ន អំពីរចនាសម្ព័ន្ធនិងខ្លឹមសារសំខាន់ៗនៃគោលការណ៍ណែនាំ និងសម្រួលឱ្យមានព័ត៌មានត្រលប់ក្នុងអំឡុងពេលកិច្ចពិគ្រោះយោបល់ ដើម្បីត្រៀមខ្លួនអនុវត្តគោលការណ៍ណែនាំ RIA ថ្មីនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងដំណើរការរៀបចំតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលមានផលប៉ះពាល់ដល់សេដ្ឋកិច្ច ហិរញ្ញវត្ថុ សង្គម និងបរិស្ថាន។

ប្រទេសកម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអនុវត្ត RIA តាមការចង្អុលបង្ហាញដោយគោលការណ៍ណែនាំស្តីពីRIA តាំងពីឆ្នាំ២០១៤។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តRIA មិនទាន់ស្រុះគ្នា មិនទៀងទាត់ មិនមានសង្គតិភាព និងមិនទាន់មានឥទ្ធិពលខ្លាំងលើការសម្រេចចិត្តគោលនយោបាយនៅឡើយទេ ដែលតម្រូវឱ្យមានការកែលម្អលើចំណុចទាំងនេះ។

បន្ថែមពីនេះ លោកសាស្រ្តាចារ្យបណ្ឌិត គោលការណ៍ណែនាំស្តីពី ការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តសម្រាប់កម្ពុជា ឆ្នាំ២០២៦ គឺ ជាសៀវភៅណែនាំការអនុវត្តសម្រាប់ក្រសួង-ស្ថាប័ន និងស្ថាប័ននានារបស់កម្ពុជា អំពីរបៀបរៀបចំ និងវាយតម្លៃ សំណើលិខិតបទដ្ឋានគតិយុត្ត (បញ្ញត្តិកម្ម) ក្រោមប្រព័ន្ធវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) ថ្មី។ គោលការណ៍ណែនាំនេះពន្យល់អំពី៖
* ក្របខ័ណ្ឌច្បាប់ និងស្ថាប័នសម្រាប់ RIA ក្នុងប្រទេសកម្ពុជា រួមមានអនុក្រឹត្យលេខ ១៧០ អនក្រ.បក ចុះ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១៣២ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦។
* ដំណើរការ RIA មានពីរដំណាក់កាល៖ ការវាយតម្លៃបឋមលើផលប៉ះពាល់ (PAS) និងការវាយតម្លៃផល ប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIS) ក្នុងករណីចាំបាច់។
* តួនាទី និងការទទួលខុសត្រូវ សម្រាប់ក្រុមការងារ RIA តាមក្រសួង-ស្ថាប័នសាមី អង្គភាពត្រួតពិនិត្យក ណ្តាល (Central oversight body) និងការសម្របសម្រួលក្នុងចំណោមក្រសួង-ស្ថាប័ន ស្ថាប័ន (អន្តរ ក្រសួង-ស្ថាប័ន)។
* ផលប៉ះពាល់អន្តរវិស័យ ដោយមានការណែនាំផ្តោតលើបញ្ហាយេនឌ័រ បរិស្ថាន សហគ្រាសធុនតូច និង មធ្យម (SMEs) និងក្រុមងាយរងគ្រោះ ដើម្បីធានាឱ្យមានការអនុវត្ត RIA ប្រកបដោយបរិយាប័ន្ន។
* ទម្រង់គំរូ PAS និង RIS ត្រូវបានបែងចែកដាច់ពីគ្នា រួមជាមួយការណែនាំជាភាសាសាមញ្ញ មាន ឧទាហរណ៍ និងប្រអប់សម្រាប់គូសធីក ដើម្បីម្បីកាត់បន្ថយភាពមិនច្បាស់លាស់ ធានានូវសហសមា មាត្រ និងជួយសម្រួលដល់ការបំពេញឯកសារ។
* ការណែនាំអំពីការពិនិត្យឡើងវិញក្រោយការអនុវត្ត (PIR - Post-Implementation Review) ដើម្បី រៀបចំផែនការ និងធ្វើការពិនិត្យឡើងវិញ ក្នុងគោលបំណងយកមេរៀន/បទពិសោធន៍ដែលទទួលបាន មកកែលម្អរៀបចំលិខិតបទដ្ឋានគតិយុត្តឱ្យកាន់តែប្រសើរ៕